ប្រមុខ​ការទូត​កម្ពុជា​បំភ្លឺ​អង្គទូត​នានា​ពី​សភាពការណ៍​កម្ពុជា

4
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

6fd48075-5cf0-4b64-933f-6f0fd0ec9fe9រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នា​រសៀល​ថ្ងៃ​ទី​៣០ តុលា បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ការទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ជម្រាប​ជូន​ព័ត៌មាន​ស្តី​ពីបាតុភាព​ដែល​បាន​កើតឡើង​នៅ​ខាង​មុខ​រដ្ឋសភា និង​ការ​ប្រជុំ​សភា​ដកហូត​តំណែង​លោក កឹ​ម សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៥ បាន​បញ្ជាក់​ថា ក្រសួងការបរទេស​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​បេសកកម្ម​ការទូត និង​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដើម្បី​ជម្រាប​ជូន​ពី​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​នៅ​ខាងក្រៅ​បរិវេណ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៥ ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​ក្នុង​ពេល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​រូប​លោក​ផ្ទាល់ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​។ ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​នាក់ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ទាមទារ​ឲ្យ​ដក​តំណែង​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា ។ មាន​តំណាងរាស្ត្រ​ចំនួន​៥​រូប បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​បាតុករ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រោយ​ពី​ប្រជុំ​បាន​លើក​ឡើង​ថា ក្នុង​រវាង​ម៉ោង​១១​ព្រឹក បាតុកម្ម​បាន​បញ្ចប់​ដោយ​សន្តិវិធី ហើយ​កម្លាំង​នគរបាល​ក៏​បាន​ដក​ចេញពី​តំបន់​នេះ ។ នៅ​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថ្ងៃត្រង់ មាន​ផ្ទុះ​ហិង្សា​បង្ក​ឡើង​ដោយ​មនុស្ស​ប្រមាណ​២០​នាក់​ទៅ​៣០​នាក់ ដោយ​ពុំ​មាន​វត្តមាន​របស់​នគរបាល ធ្វើ​ឲ្យ​មាន​របួស​ស្នាម​ដល់​អ្នកតំណាង​រាស្ត្រ​ចំនួន​២​រូប ។

ក្រសួងការបរទេស​បាន​អះអាង​ថា នៅ​វេលា​ម៉ោង​៦​និង​១៥​ព្រឹក នៅ​ក្រុង​បា​៉​រី​ស ប្រទេស​បារាំង សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ពី​ទីក្រុង​បា​៉​រី​ស ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​និង​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ពេល​នេះ ក្រសួងមហាផ្ទៃ​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​មួយ​ចំនួន តែ​ពុំ​ទាន់​ផ្លូវការ​នៅឡើយ​។ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ រដ្ឋសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​បង្ក​របួស​ស្នាម និង​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ដើម្បី​ចាប់​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ រដ្ឋសភា​ទទួល​រ៉ាប់រង​រាល់​ការ​ចំណាយ​ព្យាបាល​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​រូប ។

ក្រសួងការបរទេស​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​អំពើ​បង្ក​របួស​ស្នាម និង​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស៊ើបអង្កេត ។ នៅ​ថ្ងៃ​ដដែល​នោះ (​ថ្ងៃ​ទី​២៧ ខែតុលា​) ក្រសួងមហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​សមាជិក​ចំនួន​៨​រូប ដឹកនាំ​ដោយ​លោក ឯម សំ​ណា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ស៊ើបអង្កេត ។

ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ទៅ​កាន់​ជនរួមជាតិ​តាម​រយៈ​ទូរទស្សន៍​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង រាស្ត្រ​ទាំង​ពីរ​រូប ហើយ​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស៊ើបអង្កេត និង​ចាប់ខ្លួន​ជន​ដៃដល់ ទោះបីជា​អ្នក​ណា​ក៏​ដោយ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ក៏​ដោយ ។ ក្រសួងការបរទេស​អះអាង​ថា សម្តេច​តេ​ជោ​បញ្ជា​ថា «​យើង​មិន​អាច​អត់ឱន​ចំពោះ​អំពើ​ហិង្សា​បែប​នេះ​ឡើយ​ទោះបីជា​កើតឡើង​ចំពោះ​ប្រជាជន​ធម្មតា​ក៏​ដោយ​» ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា កម្ពុជា​គឺជា​នីតិរដ្ឋ និង​ប្រទេស​ប្រជាធិបតេយ្យ ។ កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​ស្តង់ដា​ពីរ​ទេ ។ ប្រជាជន​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើការ​តវ៉ា ប៉ុន្តែ​មិនមែន​ប្រើ​ហិង្សា​ទេ ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន អ្នក​ថតរូប អ្នក​ផ្សព្វផ្សាយ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក ជា​ពិសេស​អ្នកបើកបរ​រថយន្ត​របស់​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​រូប ដែល​ជា
សាក្សី​ដ៏​សំខាន់ សូម​ឲ្យ​ចេញ​មុខ​ផ្តល់​សក្ខីកម្ម និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៥ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា រួម​មាន​សមាជិក​១១​រូប​(៥​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​) ធ្វើការ​ប្រជុំ​មុន​សម័យប្រជុំ​រដ្ឋសភា ដើម្បី​ដក​តំណែង​លោក កឹ​ម សុខា ។ សមាជិក​៣​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះ​ឆ្នោត​ជំទាស់ តែ​សមាជិក​ចំនួន​៦​រូប​ផ្សេង​ទៀត​បាន​បោះ​ឆ្នោត​គាំទ្រ ។

ក្រសួងការបរទេស​បាន​លើក​ឡើង​ទៀត​ថា​សម័យប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៣០ ខែតុលា បាន​បោះ​ឆ្នោត​ដោយ​សំឡេង​៦៨/៦៨ ដក​តំណែង​លោក កឹ​ម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា​តាម​ញត្តិ​ទាមទារ​ពី​រាជធានី​-​ខេត្ត​ទាំង​២៥ ហើយ​និង​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ថ្ងៃ​ទី​៣០ តុលា សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក សម រ​ង្ស៊ី ឲ្យ​លើក​បេក្ខភាព​របស់​គណបក្ស​ស​ង្ក្រោះ​ជាតិ​សម្រាប់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ជំនួស​លោក កឹ​ម​សុខា ។ គណបក្ស​ប្រជាជន​កម្ពុជា នឹង​រក្សា​ទុក​តំណែង​នេះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក