Amnesty international៖ ជំនួយ​សព្វាវុធបរទេស កំពុង​ធ្លាក់​ក្នុង​ដៃ​​​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម

12
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ក្នុង​រយៈពេល​តែ​ពីរឆ្នាំ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បានដណ្តើម​អំណាច និង​មាន​អាវុធ​យុទ្ធភ័ណ្ឌ​សំបូរបែប ដើម្បី​ប្រយុទ្ធ ពង្រីក​ទឹកដី​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ តាម​របាយការណ៍​របស់​អង្គការ​Amnesty International ចេញផ្សាយ​នៅថ្ងៃ​អង្គារ​ទី ៨​ធ្នូ ដោយ​សារ​តែ​គ្មាន​ការទទួល​ខុសត្រូវ និង​តាមដាន​ច្បាស់លាស់ ​ជំនួយ​សព្វាវុធ​ពី​ប្រទេស​មហាអំណាច​ទៅ​ឲ្យរដ្ឋាភិបាល​​អ៊ីរ៉ាក់  បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។

របាយការណ៍​របស់​អង្គការ​Amnesty International បាន​បង្ហាញ​ថា អាវុធ​ធុនធ្ងន់ និង​ស្រាល​ជា​ច្រើន​ប្រភេទ ដែល​ក្រុមជីហាត កំពុង​ប្រើ​សព្វថ្ងៃ មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ចំនួន ២៥ ដែល​នៅ​ក្នុង​នោះ មាន​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ (អាមេរិក រុស្ស៊ី ចិន) និង​ អ៊ីរ៉ង់ ប៊ែលហ្សិក​ជាដើម។ តាម​អង្គការ​អង់គ្លេស​មួយ ឈ្មោះ Conflict Armament Research ដែល​ចេញផ្សាយ របាយការណ៍ កាល​ពី​ខែ​មេសា​កន្លង​ទៅ អាវុធ​ដែល​ក្រុម​ជីហាត​កំពុង​ប្រើ​សព្វថ្ងៃ ជា​អាវុធ ដែល​ត្រូវ​បាន​ផលិត នៅ​ក្នុង​ប្រទេស​ចំនួន ២១​ផ្សេងគ្នា។

អ្នកស្រាវជ្រាវ​ខាង​អាវុធ​ធ្វើ​សង្រ្គាម​របស់​ Conflict Armament Research ដែល​បាន​ចុះ​ទៅ​ដល់​ខេត្ត​កូបាណេ ក្នុងទឹកដី​ស៊ីរី នៅក្រោយ​ការវាយ​ដកថយ​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម បាន​រក​ឃើញ​ថា អាវុធ​វែង ដែល​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​ប្រើ​ច្រើន​ជាងគេ គឺ​អាវុធ អាកា ផលិត​នៅ រុស្ស៊ី។ ក្រៅ​ពី​នោះ គេ​រក​ឃើញ​ផង​ដែរ អាវុធ​ផលិត នៅ​ប៊ែលហ្សិក និង​មីស៊ីល​ប្រឆាំង​រថក្រោះ របស់​ក្រុមហ៊ុន​អឺរ៉ុបMBDA ដែល​ជំនាញ​ជាងគេ​ក្នុង​ពិភពលោក​ខាង​ផ្នែក​នេះ។

តាម​របាយការណ៍​របស់​Conflict Armament Research សព្វាវុធ​បាន​ហូរ​ចូល​ច្រើន​ទៅក្នុង​ប្រទេស​អ៊ីរ៉ាក់ គឺ​ចាប់​តាំង​ពី​សង្រ្គាម អីរ៉ាក់ អ៊ីរ៉ង់ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០​ម្ល៉េះ។ គឺ​ពេល​នោះ​ហើយ ដែល​អាវុធ​យុទ្ធភ័ណ្ឌ​ផលិត​នៅ​អ៊ីរ៉ង់ ឬ​សហភាព​សូវៀត​បាន​លេច​មុខ ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អាវុធ​ហូរជន់​កាន់តែច្រើន​បន្ថែមទៀត ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ នៅក្រោយ​សង្រ្គាម​ឈ្លានពាន​របស់​អាមេរិក នៅ​ឆ្នាំ ២០០៣។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ការផ្តល់​អាវុធ​សន្ធឹកសន្ធាប់​របស់​អាមេរិក ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី នៅ​ក្រោយ​ការដក​កងទ័ព​អាមេរិក​ចេញពី​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០១១​ផង។ ទៅតាម​កិច្ច​ព្រមព្រៀង រវាង​ភាគី ទាំងពីរ អាមេរិក​ត្រូវជួយ​បំពាក់សព្វាវុធ​ដល់​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវនិយម។

តំរិះ ជិះ​ក​ឯង
ក្រុមប្រទេស​មហាអំណាច​បាន​ផ្តល់​អាវុធ​ទៅ​ឲ្យ​ទ័ពរដ្ឋាភិបាល​អ៊ីរ៉ាក់ ​និង​ក្រុម​ប្រឆាំង​ស៊ីរី ក្នុង​ហេតុផលថា ចង់​ធានា​ស្ថិរភាព​ក្នុង​តំបន់ តាមរយៈ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត។ ប៉ុន្តែ សព្វាវុធ​របស់​ប្រទេស​មហាអំណាច​ទាំង​នោះ បែរ​ជា​កំពុង​ស្ថិតនៅក្នុង​ដៃ របស់​ក្រុមជីហាត ទៅវិញ ដែល​សព្វថ្ងៃ កំពុង​ប្រើ​វា​យ៉ាង​រំភើយ ដើម្បី​បង្ក​វិនាសកម្ម សម្លាប់​មនុស្ស​យ៉ាងព្រៃផ្សៃ។
 
ការគ្រប់គ្រង​មិន​បាន​ល្អ រួមផ្សំ​ជាមួយ​នឹង​គ្មាន​ការត្រួតពិនិត្យ​លើ​អាវុធ​ដែល​ហូរ​ចូល​ទៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ បាន​ផ្តល់​ឱកាស មាស ដល់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ដែល​ចាប់​កំណើត កើត​ចេញ​ដំបូង ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ក្រុមជីហាត​បាន​បំពាក់​អាវុធ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​របស់ខ្លួន តាម​រយៈ មធ្យោបាយ​បី។ ទីមួយ គឺ​ទិញ​ពី​ទីផ្សារ​ងងឹត ដែល​មានច្រើន នៅ​ក្នុង​ទឹកដី​តួកគី អ៊ីរ៉ាក់ និង​ស៊ីរី ព្រោះ​ត្រូវ​ដឹងថា ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម មាន​លុយ​រាប់លាន​ដុល្លារ ដែលបាន​មកពី​ការលក់​ប្រេង​ខុសច្បាប់។ ទីពីរ​បាន​មកពី​ការជួញដូរ​អាវុធ​ខុសច្បាប់។ របាយការណ៍​របស់​អង្គការ​ Amnesty International មិន​បាន​ចោទប្រកាន់​ថា គឺ​កងទ័ព​អ៊ីរ៉ាក់ ដែល​លួច​លក់​អាវុធ ទៅក្នុង​ទីផ្សារ​ងងឹត ប៉ុន្តែ គេគ្រាន់​តែ​បញ្ជាក់ថា អាវុធ​បរទេស​ដែល​គេ​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ហូរ​ទៅ​ក្នុង​ទីផ្សារ​ងងឹត ដោយសារ​អំពើពុករលួយ និង​ការគ្រប់គ្រង​មិនម៉ត់ចត់​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​ឆ្ងល់​មួយទៀត​នោះ គឺ​គេ​រកឃើញ​អាវុធ​វែង របស់​ចិន នៅក្នុង​ដៃ​របស់​ក្រុមជីហាត​ផងដែរ។ អាវុធ​របស់​ចិន គេ​ធ្លាប់ឃើញ​ក្រុមឧទ្ទាម​នៅ​ស៊ូដង់​ខាងត្បូង​ប្រើ។ គេ​កំពុង​ចោទ​សំណួរ​ថា តើ​ក្រុមជួញដូរ​អាវុធ អាច​យក​អាវុធ ចិន ពី​ស៊ូដង់​ខាងត្បូង ទៅ​លក់​បន្ត​ឲ្យ​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ឬ​ក៏​ក្រុម​នេះ​មាន​ខ្សែបណ្តាញ​គាំទ្រ​របស់ខ្លួន នៅក្នុង​ចំណោម​ពួកឧទ្ទាម​ស៊ូដង់។

ទីបី ក្រុមជីហាត​មាន​អាវុធ​ទំនើបៗ​ប្រើ បន្ទាប់ពី​ប្រមូល​ដណ្តើម យក​ពី​គូសត្រូវ​ដែល​ចាញ់​ក្នុង​ការប្រយុទ្ធ​ជាមួយខ្លួន។ គឺ តាមរយៈ​មធ្យោបាយ​ទី ៣​ដែល​អ្នកស្រាវជ្រាវ​វាយតម្លៃ​ថា ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រើ​ច្រើន ដើម្បី​ប្រមូល​អាវុធ ឲ្យ​ក្រុម​កងទ័ព​របស់ខ្លួន។

ប្រទេស​មហាអំណាច​បាន​ចាក់បង្ហូរ​អាវុធ​សន្ធឹកសន្ធាប់ ទៅ​ឲ្យ​កងទ័ព​អ៊ីរ៉ាក់។ តាម​អង្គការ​ Amnesty International ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​ដណ្តើម​បាន​អាវុធ​មួយចំនួន​ធំ នៅពេល​ពួកនេះ​បាន​វាយដណ្តើម​កាន់កាប់​ទីក្រុង​មូស៊ូល នៅ​អ៊ីរ៉ាក់ នៅ​ឆ្នាំ ២០១៤។ មួយវិញទៀត ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​បាន​រឹបអូស​យក​អាវុធ​ជាច្រើន​ពី​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ នៅក្នុង​អំឡុង​វាយដណ្តើម កាន់កាប់​មូលដ្ឋាន ទ័ព​អាកាស នៅ​ទីគ្រីត ឬ​នៅ​រ៉ាម៉ាឌី។ ការចាញ់​សង្រ្គាម​យ៉ាង​បាក់មុខ​របស់​កងទ័ព​អ៊ីរ៉ាក់​ដែល​ចង់​វាយដណ្តើម​យក​ខេត្ត​រ៉ាម៉ាឌី​ពីក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម មកវិញ រឹតតែ​ធ្វើ​ឲ្យ​ក្រុម​ជីហាត ដណ្តើម​យក​បាន​រថក្រោះ​ទំនើបៗ​ប្រមាណ ១០០​គ្រឿង។

តាម​Amnesty International ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​តែងតែ​ប្រើ​អាវុធ​ទាំងនោះ ដើម្បី​យកទៅ​ប្រើ ក្នុង​សមរភូមិ​ប្រយុទ្ធ​ផ្សេងទៀត ដូចជា​នៅខេត្ត​កូបាណេ ​ភាគខាងជើង​ស៊ីរី​ជាដើម។ និយាយ​ពី​ស៊ីរី​នេះ ក្រុមជីហាត​មាន​យុទ្ធសាស្រ្ត​ដូចគ្នា​នៅអ៊ីរ៉ាក់។ ក្រុមជីហាត​តែង​បើកការប្រយុទ្ធ​លើ​ក្រុមប្រឆាំង​ស៊ីរី និង​ទ័ព​រដ្ឋាភិបាល​ស៊ីរី ដើម្បី​ដណ្តើម​អាវុធ​ទំនើបៗ​ពីក្រុមនេះ ដែល​ផ្តល់​ដោយ​រុស្ស៊ី និង​សហរដ្ឋអាមេរិក។ អាមេរិក​ផ្ទាល់​ទទួល​ស្គាល់​ថា ខ្លួន​មិនអាច​បណ្តុះបណ្តាល​ក្រុមប្រឆាំង​ស៊ីរី​បាន​ទៀតទេ។ អ្នកទទួល​ខុសត្រូវ​ការបណ្តុះ​បណ្តាល និង​ផ្តល់​ជំនួយ​អាមេរិក​ដល់​ក្រុមប្រឆាំង​ស៊ីរី​បាន​ទទួលស្គាល់​ថា ទាំង​អាវុធ​ដែល​អាមេរិក​ផ្តលទៅឲ្យ និងទាំង​ទាហាន​ក្រុមប្រឆាំង​ស៊ីរី ដែល​អាមេរិក​បាន​បណ្តុះបណ្តាល សុទ្ធតែ​ត្រូវ​បាន​ក្រុមជីហាត រឹបអូស ចាប់ជំរិត សឹង​តែទាំង​អស់។
អង្គការ​Amnesty International បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ហ៊ាន​ទទួល​ស្គាល់​បរាជ័យ ក្នុង​នយោបាយ​លក់​អាវុធ​របស់ខ្លួន ជាពិសេស នៅ​អ៊ីរ៉ាក់ ស៊ីរី ឬ​នៅ​ប្រទេស​ផ្សេងទៀត ដែល​កំពុង​ជួប​អស្ថិរភាព។ ក្នុង​ជំនួញ​ពាណិជ្ជកម្ម​អាវុធ Amnesty International បាន​អំពាវនាវ​ឲ្យ​រដ្ឋ បង្កើត​ច្បាប់​ហាមលក់​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង​ស៊ីរី ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស។ ប្រទេស​អន្តរជាតិ ត្រូវ​គោរព​បទបញ្ជា Présomption du Refus ដើម្បី​នាំចេញ​អាវុធ​ទៅ​អ៊ីរ៉ាក់។ ការបញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ីរ៉ាក់​ត្រូវ​ធ្វើ​នៅក្រោយ​ការសិក្សា ស្រាវជ្រាវ​ដែល​បញ្ជាក់ថា អាវុធ​ទាំង​នោះ នឹង​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមភេរវនិយម។ មួយវិញទៀត កងទ័ព​អ៊ីរ៉ាក់​ត្រូវ​តែ​បង្ហាញថា ខ្លួន​គោរព​សិទ្ធិមនុស្ស​អន្តរជាតិ និង​បង្កើត​យន្តការ​ត្រួតពិនិត្យ​អាវុធ ដើម្បី​ជៀសវាង​កុំ​ឲ្យ​អាវុធ​ត្រូវ​គេ​លួច​យក​ទៅ​លក់​ឲ្យ​ក្រុម​ប្រដាប់​អាវុធ។

ជាចុងក្រោយ អង្គការ Amnesty International បាន​ស្នើ​សុំ​ឲ្យ​រដ្ឋ​ដែលមិនទាន់​ផ្តល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញាស្តី ពីការធ្វើ​ជំនួញ​អាវុធ ឲ្យ​ប្រញាប់​ផ្តល់​សច្ចាប័ន។ សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ មាន​ទិសដៅ បង្ការ និង​លុបបំបាត់​ការជួញដូរ​អាវុធ​ចាស់ៗ​ខុសច្បាប់ និង​ទប់ស្កាត់​ការបង្វែរ លួចយក​អាវុធ​ទៅ​លក់​ខុសច្បាប់។ ចំណុច​មួយចំនួន​នៃ​សន្ធិសញ្ញា​បាន​ស្នើ​ផងដែរ​ឲ្យ​គេ​ផ្អាក ព្យួរ រាល់​ការផ្ទេរ លក់​អាវុធ នៅពេល​គេ​រកឃើញថា អាវុធ​ទាំងនោះ នឹង​អាច​បង្ក​គ្រោះថ្នាក់ ដោយ​ត្រូវ​គេ​យក​ទៅប្រើ​ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សា​រំលោភ​សិទ្ធិមនុស្ស​ជា​សកល៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក