តើចូលឆ្នាំខ្មែរ នៅម៉ោងប៉ុន្មាន ទេវតាព្រះនាមអ្វី ទ្រង់សោយអ្វីជាអាហារ?

0 1

ទោះបីការចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅគ.ស.២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា មិនឲ្យមន្ត្រីរាជការ កម្មករ ឈប់សំរាកទៅចូលឆ្នាំនៅ​ពេលនេះក៏ដោយ (លើកពេល និងសងវិញនៅពេលសមស្រប) ក៏ពិធីចូលឆ្នាំថ្មីតាមជំនឿនៅតែប្រព្រឹត្តទៅដដែល។ តាម​ក្បួន​តម្រា​នៃ​ពិធីបុណ្យចូល​ឆ្នាំថ្មី​ខ្មែរ នាឆ្នាំនេះ ​មានរយៈពេល​៤ថ្ងៃ គឺចាប់ពី​ថ្ងៃចន្ទទី​១៣ ​រហូតដល់​ថ្ងៃទី​១៦ ​ខែ​មេសា៖

  • មហា​សង្ក្រាន្ត​ឆ្នាំជូត (កណ្តុរ) ទោស័ក ព​.​ស. ២៥៦៤ គ​.​ស. ២០២០ នឹង​ចូល​មក​​ដល់​នៅ​ថ្ងៃ​​ចន្ទ ៦ រោច ខែ​ចែត្រ ត្រូវ​នឹងថ្ងៃ​ទី១៣ ខែ​មេសា គ.ស.២០២០ វេលា​ម៉ោង ២០ និង៤៨នាទី (៨ និង ៤៨នាទីយប់-ជាវារៈមហាសង្ក្រាន្ត)។
  • ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្ត​វេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ គោរាគៈទេវី បុត្រី​ទី២ នៃ​កបិល​មហាព្រហ្ម គង់នៅឋានចាតុម្មហារាជិកា
  • ព្រះ​នាង ​ គោរាគៈទេវី ទ្រង់​សោយ តេលំ  (ប្រេង)  គឺប្រេងធញ្ញជាតិមានដូចជា  ប្រេងល្ង ឬ​ ប្រេង​សណ្តែកជាដើម។
  • ទ្រង់អម្ពរព៌ណលឿង លម្អនៅព្រះកាណ៌ដោយផ្កាអង្គារបុស្ស អភរណកែវមុក្តា ឯព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់អង្គុយបើកព្រះនេត្ររំពៃលើខ្នងព្យាគ្ឃៈ (ស្តេច​ខ្លា) ជាពាហនៈ។

តាមទំនាយប្រចាំឆ្នាំជូតមានភ្លៀង ៦០០មេ។ ក្នុងនោះ ២៤០មេលើចក្រវាឡ។ ១៨០មេលើព្រៃហេមពាន្ត និង១២០មេលើមហាសមុទ្រ និងជម្ពូទ្វីបសំរាប់មនុស្សលោកទទួលបាន៦០មេ។ បណ្តាលឲ្យមានភ្លៀងនៅដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំច្រើន។ ឆ្នាំជូតនាំមកនូវអាកាសធាតុមិនក្តៅ មិនត្រជាក់ តែមានព្យុះម្តងម្កាល។ ទឹកទន្លេ បឹងបួរឆ្នាំជូតទឹកធំណាស់ជាងឆ្នាំទាំងពួង៕

អត្ថបទដោយ រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

The post តើចូលឆ្នាំខ្មែរ នៅម៉ោងប៉ុន្មាន ទេវតាព្រះនាមអ្វី ទ្រង់សោយអ្វីជាអាហារ? appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

Source: សហគមន៍សម្បូសម្បាយ

Comments
Loading...