ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា

28
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផលិតផលហិរញ្ញវត្ថុលំដាប់ពិភពលោក គឺ ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា ដែលជាជម្រើសថ្មីបន្ថែមទៀតសម្រាប់អតិថិជនដ៏វៃឆ្លាត អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមរយៈអ៊ីនធើណែត ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត (POS) នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា យើងតែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏មានតម្លៃ និងបំពេញតម្រូវការរបស់អតិថិជននូវផលិតផល-សេវាកម្មថ្មីៗ ប្រកបដោយជម្រើសយ៉ាងសម្បូរបែប ។ ថ្ងៃនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា ដែលជាផលិតផលហិរញ្ញវត្ថុលំដាប់ពិភពលោក ។ ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា គឺជាប្រភេទប័ណ្ណប្លាស្ទីកអេឡិចត្រូនិកដែលមានសុវត្ថិភាពខ្ពស់បង្កើតឡើងតាមបច្ចេកវិជ្ជាទំនើប និងមានប្រព័ន្ធបទដ្ឋាន EMV (Euro-pay Master and VISA/Memory Chip) ដែលមិនអាចក្លែងបន្លំបាន ។ នៅលើប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា មានស្លាកសញ្ញាធនាគារអេស៊ីលីដា និងស្លាកសញ្ញាម៉ាស្ទ័រកាត ដែលប័ណ្ណនេះបង្កើតដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីបម្រើដល់អតិថិជនកាន់តែមានភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការផ្សេងៗជាច្រើនតាមរយៈអ៊ីនធើណែត ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត (POS) នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ។ ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា មានពីរប្រភេទសម្រាប់បម្រើ និងផ្តល់អត្ថប្រយោជន៍ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណឥណពន្ធ/ឥណទានក្នុងស្រុក និងក្រៅប្រទេស ដូចខាងក្រោម ៖

  1. ប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា កាន់តែងាយស្រួលជាមួយសេរីភាពនៃការចាត់ចែងហិរញ្ញវត្ថុក្នុងតម្រូវការជីវភាពរស់នៅដ៏សម្បូរបែបជាអាទិភាព នៅពេលដែលប្រើប្រាស់ប័ណ្ណនេះ វានឹងផ្តល់ជូនអតិថិជនជាមួយនឹងអត្ថប្រយោជន៍ដ៏ពិសេសជាច្រើនក្នុងការចាត់ចែងហិរញ្ញវត្ថុ និងធ្វើឲ្យសុបិនលោកអ្នកក្លាយជាការពិត ។
  2. ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា អាចប្រើប្រាស់ក្នុងការទូទាត់បានគ្រប់ពេលតាមរយៈសាច់ប្រាក់ក្នុងគណនី ងាយស្រួលប្រើប្រាស់ដោយអតិថិជនមិនចាំបាច់យកសាច់ប្រាក់ច្រើនតាមខ្លួន និងមានសុវត្ថិភាពខ្ពស់ក្នុងការទូទាត់ ថ្លៃទំនិញ-សេវាកម្ម ពាសពេញពិភពលោក ។

បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា លើសពីនេះទៅទៀត ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀតចំពោះប្រតិបត្តិការអាជីវកម្ម និងការប្រើប្រាស់ផ្ទាល់ខ្លួន ជួយកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតឡើងទាក់ទងនឹងការដាក់សាច់ប្រាក់តាមខ្លួន និងអាចប្រើប្រាស់ប័ណ្ណនេះបានទូទាំងសកលលោក ។ លោកក៏បានបង្ហាញជូនអំពីព័ត៌មានដែលពាក់ព័ន្ធនឹងការចេញប័ណ្ណឥណពន្ធផងដែរថា មានធនាគារពាណិជ្ជចំនួន ២៥ ក្នុងចំណោមធនាគារពាណិជ្ជទាំង ៤៧ បានបោះពុម្ពប័ណ្ណឥណពន្ធចំនួន ១.៤៣៩.៨៨៧ ប័ណ្ណ ដែលក្នុងនោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះពុម្ពប័ណ្ណឥណពន្ធចំនួន ៨៤១.១៩៣ ប័ណ្ណ ដែលស្មើនឹង ៥៨,៤២% នៃវិស័យធនាគារទាំងមូល ។ ជាមួយគ្នានេះដែរ ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋានត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០១៥ មានធនាគារពាណិជ្ជចំនួន ១១ បានបោះពុម្ពប័ណ្ណឥណទានចំនួន ៣៩.៨៣៦ ប័ណ្ណ ហើយធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះពុម្ពប័ណ្ណឥណទានចំនួន ១០.៤៨៦ ប័ណ្ណ ស្មើនឹង ២៦,៣២% ។ លើសពីនេះទៅទៀត ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា នាថ្ងៃនេះ នឹងជម្រុញការប្រើប្រាស់ទាំងប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ឲ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ការប្រើប្រាស់របស់ប្រជាជនកម្ពុជាទៅនឹងការទូទាត់លក្ខណៈជាសកលព្រមទាំងធ្វើឲ្យពួកគាត់កាន់តែមានភាពជិតស្និទ្ធ និងជឿជាក់ទៅលើការប្រើប្រាស់ប្រតិបត្តិការអាជីវកម្ម និងការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគាត់ ។

លោក អាន វ៉ូហ្គែល នាយកប្រតិបត្តិក្រុមហ៊ុនម៉ាស្ទ័រកាតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់យើងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ឲ្យដំណើរការប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធទាំងពីរនេះ កំណត់នូវសមិទ្ធផលដ៏មានសារៈសំខាន់មួយ សម្រាប់ដំណើរឆ្ពោះទៅកាន់សង្គមដែលពុំប្រើក្រដាសប្រាក់ក្នុងការទូទាត់ (CASHLESS SOCIETY) ។ ឥឡូវនេះ អតិថិជនរាប់ពាន់នាក់នឹងទទួលបាននូវបទពិសោធន៍ និងអត្ថប្រយោជន៍តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងសង្ឃឹមថាវានឹងជម្រុញការប្រើប្រាស់ ហើយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចមានការកើនឡើង និងភាពកាន់តែប្រសើរឡើង សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (FINANCIAL INCLUSION) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មានអំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

នៅបំណាច់ខែធ្នូ ឆ្នាំ២០១៥ មានធនាគារពាណិជ្ជចំនួន១១ ក្នុងវិស័យធនាគារ បានបោះពុម្ពប័ណ្ណឥណទានចំនួន ៣៩.៨៣៦ ប័ណ្ណ ហើយក្នុងចំណោមនោះមានប័ណ្ណឥណទានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១០.៤៨៦ ប័ណ្ណ ស្មើនឹង ២៦,៣២% នៃចំណែកទីផ្សារ ខណៈដែរធនាគារពាណិជ្ជចំនួន ២៥ បានបោះពុម្ពប័ណ្ណឥណពន្ធចំនួន ១.៤៣៩.៨៨៧ ប័ណ្ណ ដែលក្នុងនោះ ប័ណ្ណឥណពន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៨៤១.១៩៣ ប័ណ្ណ ស្មើនឹង ៥៨,៤២% នៃចំណែកទីផ្សារ ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឲ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុ អស់រយៈពេលជាង ២៣ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូត ២៥៨សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យ នៅប្រទេសឡាវ និង ៦ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា មានទ្រព្យសកម្មសរុបចំនួនជាង៤.១៩៦ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៦២១ លាន ដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ២.៨៨៨ លានដុល្លារអាមេរិក គិតត្រឹមខែឧសភា ឆ្នាំ២០១៦ នេះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថានប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។

ព័ត៌មានអំពីក្រុមហ៊ុនម៉ាស្ទ័រកាត

ក្រុមហ៊ុនម៉ាស្ទ័រកាត បានចុះបញ្ជីលេខ (NYSE: MA), www.masterchard.com ជាក្រុមហ៊ុនបច្ចេកវិជ្ជាមួយក្នុងឧស្សាហកម្មការទូទាត់ជាសកល ។ ក្រុមហ៊ុនមាស្ទ័រកាត ធ្វើប្រតិបត្តិការជាបណ្តាញទូទាត់ដ៏ឆាប់រហ័សលំដាប់ពិភពលោក ដែលភ្ជាប់ ការប្រើប្រាស់បានគ្រប់ទីកន្លែង ដូចជាបណ្តាលស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជករ រាជរដ្ឋាភិបាល និងធុរៈកិច្ចជាច្រើនក្នុងបណ្តាល ប្រទេសជាង ២១០ ប្រទេស ។ ផលិតផល និងដំណោះស្រាយរបស់ម៉ាស័្ទរកាត ធ្វើឲ្យពាណិជ្ជកម្មមានដំណើរការជាប្រចាំថ្ងៃ ដូចជា ការទូទាត់ថ្លៃទំនិញ-សេវាកម្ម ការធ្វើដំណើរទេសចរណ៍ ការធ្វើអាជីវកម្ម និងការចាត់ចែងហិរញ្ញវត្ថុ ដោយភាពងាយស្រួល ព្រមទាំងផ្តល់នូវសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងអស់ ។ ព័ត៌មានបន្ថែមសូមទស្សនា Twitter @MasterCardAP និង @MasterCardNews, ចូលរួមកិច្ចពិភាក្សាក្នុង Beyond the Transaction Blog និង subscribe សម្រាប់តាមដានព័ត៌មានចុងក្រោយតាមរយៈ Engagement Bureau ។

ប្រភព៖http://www.acledabank.com.kh/kh/khm/md_ln20160624

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក