កញ្ញា​ ធី សុវណ្ណថា​ ឲ្យអាហារូបករណ៍​​ដល់សិស្ស​ក្រីក្រតែយុវជន​ម្នាក់​​នៅ​មាន​មន្ទិល

32
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញ៖ ប្រធានក្រុមយុវជនឈ្មោះ «គ្រួសារតែមួយ» បានផ្ញើលិខិតស្នើសុំ អាហារូបករណ៍ចំនួន ១០០ កន្លែងពីកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការងារសង្គម ដើម្បីជួយដល់ក្រុមសិស្សក្រីក្រឲ្យបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សាថ្មីនេះ ប៉ុន្តែ លោកនៅមានមន្ទិល ក្រោយកញ្ញាសម្រេចឲ្យទៅរៀននៅសាកលវិទ្យាល័យមួយ។

លោក ថុល តូម៉ា ប្រធានក្រុមយុវជនក្រីក្រនេះ បានប្រាប់ LIFT ថា កញ្ញា ធី សុវណ្ណថា បានឆ្លើយតប និងយល់ព្រមផ្ដល់អាហារូបករណ៍ឲ្យដល់ក្រុមសិស្សក្រីក្ររបស់លោក ប៉ុន្ដែលោកនៅមានមន្ទិលចំពោះការផ្ដល់អាហារូបករណ៍នេះ ព្រោះសាកលវិទ្យាល័យដែល កញ្ញា សុវណ្ណថា ផ្ដល់អាហារូករណ៍ឲ្យនេះ លោកមិនដែលធ្លាប់ស្គាល់ទាល់តែសោះនាពេលកន្លងមកនៅកម្ពុជា។

លោកថ្លែងថា៖ «កញ្ញា ធី សុវណ្ណថា បានប្រាប់មកខ្ញុំថា សាកលវិទ្យាល័យមួយចំនួន មានសិស្សចូលរៀនពេញអស់ហើយ តែនៅមានសាកលវិទ្យាល័យមួយ មានឈ្មោះថា «សាកលវិទ្យាល័យវិទ្យាសាស្រ្ដ» តែខ្ញុំមិនទាន់ស្គាល់នឹងដឹងព័ត៌មានពីសាកលវិទ្យាល័យនោះនៅឯណាទេ»។

បើតាមលោក តូម៉ា ការផ្ដល់អាហារូបករណ៍នេះ ខាងសាកលវិទ្យាល័យនោះ គេស្នើឲ្យសិស្សបង់ថ្លៃសិក្សា ៥០ ដុល្លារអាមេរិក ក្នុង ១ ឆ្នាំទៅលើថ្លៃរដ្ឋបាល និងការចំណាយថ្លៃទឹកភ្លើង និង ការប្រើអ៊ីនធឺណែតដោយខ្លួនឯងប្រចាំខែ។

លោកបន្ដថា «សិស្សភាគច្រើនមិនពេញចិត្ដនឹងការផ្ដល់អាហារូបករណ៍នេះទេ ព្រោះខ្លាចសាលា ធី សុវណ្ណថា ឲ្យនោះ អាចគាំងនៅឆ្នាំណាមួយ ហើយក្ដីបារម្ភណ៍របស់សិស្សពិតជាមិនខុសទេ។ ដូច្នេះម្សិលម៉ិញពេលរសៀល ខ្ញុំបានដាក់លិខិតមួយទៀតស្នើទៅសម្ដេចដើម្បីសុំជួយអន្ដរាគមន៍។ ព្រោះខ្ញុំអាណិតក្មេងៗណាស់»។

លោក តូម៉ា បានអះអាងថា លោកមិនទាន់សម្រេចចិត្ដបដិសេធភ្លាមៗនោះទេ ព្រោះលោកចង់សាកសួរ កញ្ញា ធី សុវណ្ណថា ឲ្យបានច្បាស់លាស់ជាមុនសិន ថាអាចមានសាលាក្រៅពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ដនេះដែរទេ តែបើមានតែសាលាមួយនេះលោកនឹងបដិសេធមិនទទួល។

LIFT មិនអាចទាក់ទង កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការងារសង្គម បានទេមកដល់ពេលនេះ ព្រោះ លេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

កញ្ញា សួន រក្សា មន្រ្ដីផ្នែកគ្រប់គ្រងការផ្ដល់ព័ត៌មាន នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្ដ បានប្រាប់ថា «កញ្ញា សុវណ្ណថា បានទាក់ទងមកខាងសាលាពួកខ្ញុំ ហើយបានផ្ដល់ជូនអាហារូបករណ៍ឲ្យសិស្ស ១០០% ផ្ដល់ជូនកន្លែងស្នាក់នៅ និងជួយស្វែងរកការងារឲ្យពួកគាត់ធ្វើ នេះជាចំណុចសំខាន់ដែលអង្គការបានចរចាជាមួយពួកយើង»។

កញ្ញានិយាយថា រាល់សិស្សអាហារូបករណ៍ទាំងអស់ត្រូវបង់ថ្លៃរដ្ឋបាលចំនួន ៥០ដុល្លារ និងថ្លៃទិញពាក្យចូលសិក្សចំនួន ៥ដុល្លារ។

បើតាមកញ្ញា រក្សា សាកវិទ្យាល័យវិទ្យាសាស្រ្ដនេះ កាលពី ៤ ឆ្នាំមុនមានឈ្មោះដើមថា «វិទ្យាស្ថាន អាជីវកម្មអន្ដរជាតិ» ទើបតែក្នុងឆ្នាំ ២០១៦នេះ បានស្នើទៅក្រសួងអបរំ ប្ដូរទៅជា សាកលវិទ្យាល័យវិទ្យាសាស្រ្ដនេះ។

កាលពីម្សិលមិញ លោក ថុល តូម៉ា បានដាក់លិខិតស្នើសុំថ្មីមួយទៀតទៅលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចំពោះការសុំអាហារូបករណ៍ ១០០ កន្លែងដល់សិស្សក្រីក្រមកពីតំបន់ដាច់ស្រយ៉ាលនេះ ដើម្បីកុំឲ្យពួកគេខ្លះធ្វើចំណាកស្រុក និងខ្លះទៀតបោះបង់ការសិក្សា ក៏ដូចជាក្ដីស្រម៉ៃរបស់ពួកគេ។

លោកនិយាយថា ប្រសិនបើលិខិតដែលលោកបានដាក់ទៅលោកនាយករដ្ឋមន្រ្ដីនៅជាប់គាំងកន្លែងណាមួយនោះ លោកនឹងព្យាយាមស្វែងរកឱកាសណាមួយដើម្បីស្កាត់ជួបជាមួយសម្ដេចដោយផ្ទាល់៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក