អតីត​អ្នក​បើកបរ​ឡាន​គ្រោង​តវ៉ា​ជា​ថ្មី​​ ឯ​អ្នក​ធ្វើការ​តាម​ព្រលាន​ថា​ធ្វើ​កូដកម្ម

5
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ភ្នំពេញៈ អតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូលបានប្រកាសថានឹងតវ៉ាជាថ្មីនៅមុខក្រុមហ៊ុននេះបន្ទាប់ពីពួកគេត្រូវបានបញ្ឈប់ពីការងារអស់ ១៦ ខែមិនមានដំណោះស្រាយខណៈក្រុមអ្នកបម្រើការតាមព្រលានយន្តហោះមួយចំនួនក៏ថានឹងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារផងដែរ។

លោក អៀង គឹមហ៊ុន អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា និងជាអ្នកតំណាងអតីតអ្នកបើកបរ ៤៥ នាក់ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារបានលើកឡើងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញថាគិតមកទល់ពេលនេះគឺ ១៦ ខែហើយដែលអ្នកទាំងនោះត្រូវបានបញ្ឈប់ពីការងារ។ លោកថាក្រុមហ៊ុនប្រកាសជំហរតឹងរ៉ឹងមិនព្រមដោះស្រាយ និងបានយកប្រព័ន្ធតុលាការមកដាក់សម្ពាធទៀត។

លោកបន្តថាក្រសួងការងារក៏បានសន្យាជួយរកដំណោះស្រាយដោយបានកំណត់យកខែសីហាឆ្នាំនេះប៉ុន្តែរហូតមកទល់ពេលនេះមិនបានធ្វើតាមសន្យាទេហេតុដូច្នេះទើបក្រុមអតីតអ្នកបើកបរសម្រេចយកថ្ងៃទី ២៨ ខែតុលាតវ៉ាជាថ្មី។

លោកបន្ថែមថា៖ «ពេលតវ៉ាកន្លងមកនេះមានការគំរាមកំហែង ការវាយ ចាប់មេក្រូ…យើងអត់បោះបង់ចោលទេសូមជម្រាបថារឿងក្តីនេះត្រូវតែរកយុត្តិធម៌ឲ្យបានទោះខ្ញុំស្លាប់ទៅក៏មានអ្នកកាន់រឿងក្តីនេះដែរ…ដើម្បីបានយុត្តិធម៌យើងត្រូវទាមទារឲ្យមានការចរចារាល់ថ្ងៃគាត់ (ក្រុមហ៊ុន) កំពុងដើរគេច»។

រីឯលោក ប៉ិល វឿន ដែលធ្លាប់បើកបរឲ្យក្រុមហ៊ុននេះជាង ៣ ឆ្នាំ និងត្រូវគេបញ្ឈប់នោះថ្លែងថាដោយសារលោកចង់បានយុត្តិធម៌ពីក្រុមហ៊ុន និងទាមទារគោរពសិទ្ធិបុគ្គលិកក្នុងការបង្កើតសហជីពលោកសុខចិត្តបន្តទាមទាររកដំណោះស្រាយបើទោះជាកំពុងប្រឈមនឹងជីវភាពក្តី។ លោកថានឹងសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី។

លោកបន្តថា៖ «សូមអំពាវនាវដល់ពុកម៉ែ មាមីងទាំងអស់ដែលធ្លាប់ប្រើសេវាក្រុមហ៊ុនកាពីតូលសូមមេត្តាឈប់ប្រើសេវាក្រុមហ៊ុននេះដែលគាត់អត់មានយុត្តិធម៌សម្រាប់កម្មករទេមានតែធ្វើបាបកម្មករ…ខ្ញុំត្រូវទៅតវ៉ាកន្លែងកាពីតូលម្តងទៀត..»។

បើតាមអ្នកបើកបរទាំងនោះក្នុងរយៈពេល ១៦ ខែក្រោយពីការបណ្តេញចេញអ្នកទាំង ៤៥ នាក់នេះក៏ធ្លាប់តវ៉ា និងឈានដល់ហិង្សាទៀតផង។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រសួងការងារ និងសាលាដំបូងរាជធានីភ្នំពេញបានណែនាំ និងបង្គាប់ឲ្យអ្នកបើកបរចូលធ្វើការវិញតែភាគីក្រុមហ៊ុនមិនព្រម។ ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានដាក់បណ្តឹងរៀងខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញតែនៅមិនទាន់សម្រេចទេ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ចាត់ ទុករឿងនេះថាអយុត្តិធម៌សម្រាប់អ្នកបើកបរទាំង ៤៥ នាក់ដោយថាត្រូវក្រុមហ៊ុនបញ្ឈប់ពួកគាត់ទាំងខុសច្បាប់។ លោកថា៖ «ខ្ញុំចង់បញ្ជាក់ឡើងវិញថាយើងជាជនរងគ្រោះនឹងដាក់ពាក្យបណ្តឹងតទៅទៀតហើយបន្តតវ៉ាតាមដែលអាចធ្វើបាន…»។

នាយកចាត់ការទូទៅក្រុមហ៊ុនកាពីតូលលោក ផាន់ សុភាព បានថ្លែងយ៉ាងខ្លីថាអ្នកបើកបរទាំងនោះនិយាយមិនពិត។ លោកថា៖ «សុំទោសបងខ្ញុំកំពុងជាប់ប្រជុំ…ពួកទាំងនោះបានតែមាត់»។

អ្នកនាំពាក្យក្រសួងការងារ

លោក ហេង សួរ ឲ្យដឹងថាក្រសួងធ្លាប់ជួយដោះស្រាយរឿងនេះតាមរយៈក្រុមប្រឹក្សាអាជ្ញាកណ្តាលតែភាគីវិវាទមិនបានទទួលយកទេ។ លោកបន្តថាឥឡូវបន្តនីតិវិធីទៅតុលាការវាផុតដៃពីនីតិវិធីតាមច្បាប់ស្តីពីការងារហើយ។

ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មាននេះដែរអតីតអ្នកផ្តល់សញ្ញាឲ្យយន្តហោះកាលពី ៥ ឆ្នាំមុននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបច្ចុប្បន្នជាមន្ត្រីដោះស្រាយវិវាទរបស់សហភាពការងារកម្ពុជាលោក និន កុសល បានថ្លែងថាក្រុមអ្នកបម្រើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ ក៏គ្រោងធ្វើកូដកម្មក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខដែរដើម្បីប្រឆាំងនឹងក្រុមហ៊ុន Cambodia Airport Management Services (CAMS) ដែលបានរើសអើងមន្ត្រីសហជីព និងទាមទារលក្ខខណ្ឌការងារផងដែង។

លោកថាក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកជាសមាជិកសហជីពដោយគ្មានហេតុផល និងមិនទាន់ផ្តល់សំណង។ មួយវិញទៀតលោកថាក្រុមហ៊ុនក៏បានតម្រូវឲ្យបុគ្គលិកធ្វើការច្រើនជំនាញតែផ្តល់អត្ថប្រយោជន៍តិចតួចដែលបុគ្គលិកមិនពេញចិត្ត។

លោកបន្តថាភាគីសហជីពចង់ឲ្យក្រុមហ៊ុនបន្ថែមប្រាក់ប្រហែល ៥០ ដុល្លារដល់បុគ្គលិកម្នាក់ដែលធ្វើការថែមមួយជំនាញហើយត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

ដោយឡែកលោក សុខ សារឿន ជាអនុប្រធានសហជីពកម្មករឧស្សាហកម្ម និងទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្លែងថាលោកត្រូវបានភាគីក្រុមហ៊ុនបញ្ឈប់ពីការងារជាងមួយឆ្នាំមកហើយដោយមិនបានបញ្ជាក់ពីកំហុសឲ្យបានច្បាស់លាស់។ លោកថាក្រុមហ៊ុនសន្យាដោះស្រាយសំណងពេលសហជីពយល់ព្រមបញ្ចុះបញ្ចូលបុគ្គលិកឲ្យទទួលយកការងារពហុជំនាញតែថាភាគីសហជីពមិនអាចធ្វើដូច្នេះបានទេ។

លោកឲ្យដឹងដែរថាក្នុងមួយឆ្នាំចុងក្រោយនេះមានសមាជិកសហជីពយ៉ាងតិច ៦ នាក់ទាំងនៅភ្នំពេញ និងសៀមរាបត្រូវបានបញ្ឈប់។

បើតាមមន្ត្រីសហភាពការងារកម្ពុជាឲ្យដឹងថាសមាជិករបស់សហភាពការងារដែលកំពុងបម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ៥៣៧ នាក់នៅសៀមរាបមាន ៣១៥ នាក់ និងនៅក្រុងព្រះសីហនុមាន ២៩ នាក់។

អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិកម្ពុជាលោក ខែក នរិន្ទដា បានថ្លែងថាក្រុមហ៊ុនបានព្យាយាមដោះស្រាយរឿងនេះតែសហជីពទេដែលមិនយល់ស្របតាមការសម្រេចដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកថាតុលាការខេត្តសៀមរាប និងភ្នំពេញក៏បានរក្សាការសម្រេចនេះដែរ៕

ប្រភព៖  ភ្នំពេញប៉ុស្តិ៏

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក