ពលរដ្ឋ​ថា​​ក្នុង​ក្រុង​ព្រះសីហនុមានល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​បន្ត​កើត​មាន

12
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អាណាព្យាបាលសិស្សនៅខេត្តព្រះសីហនុ អះអាងថា ល្បែងស៊ីសងគ្រប់ប្រភេទបន្តធ្វើសកម្មភាពនាមូលដ្ឋាននេះ ទោះបីជាស្នងការនគរបាលខេត្ត ចេញលិខិតព្រមានដល់សមត្ថកិច្ចជំនាញក្រោមឱវាទតាមមូលដ្ឋាន ឲ្យលុបបំបាត់បទល្មើសល្បែងស៊ីសងជាបន្តបន្ទាប់បែបណាក្តី។

បញ្ហានេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន បានរិះគន់សមត្ថកិច្ចជំនាញពាក់ព័ន្ធខ្លះនាខេត្តព្រះសីហនុ ថាទំនងជាអ្នកបើកដៃ ឬឈរនៅពីក្រោយបទល្មើសល្បែងស៊ីសងទាំងនោះ ទើបឈ្មួញល្មើសអាចបើកល្បែងស៊ីសងទាំងនោះបានដោយរលូន និងគ្មានសកម្មភាពចុះបង្ក្រាបឲ្យមានប្រសិទ្ធភាព។

សាធារណជនទូទៅ មានមន្ត្រីសង្គមស៊ីវិល និងអាណាព្យាបាលសិស្ស ផ្តល់សម្ភាសឲ្យអាស៊ីសេរី ដឹងថា បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ មានឆ្នោត ឬកន្ទុយលេខ ភ្នាល់បាល់ និងជល់មាន់ជាដើម បានបន្តបើកធ្វើអាជីវកម្មជាធម្មតានៅមូលដ្ឋានខេត្តព្រះសីហនុ ដោយគ្មានសមត្ថកិច្ចពីស្ថាប័នណាមួយចេញមុខបង្ក្រាបទេ។

អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ចង់ឃើញកម្លាំងនគរបាល និងកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធដទៃទៀត ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើសកម្មភាពយូរឆ្នាំ ហើយគ្មានកម្លាំងសមត្ថកិច្ចបង្ក្រាបកន្លងទៅ។

អ្នកស្រី សុធារី កត់សម្គាល់ថា បទល្មើសល្បែងស៊ីសងដែលបើកធ្វើអាជីវកម្មនៅខេត្តព្រះសីហនុ កន្លងទៅ ពួកគេហាក់មិនញញើតនឹងបទបញ្ជារបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានក្រើនរំឭកម្តងជាពីរដងទៅដល់កម្លាំងនគរបាលនៅតាមមូលដ្ឋាននានា ឲ្យបន្តអនុវត្តបទបញ្ជាភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពទេ៖ «យើងដឹងស្រាប់ហើយល្បែងស៊ីសង គឺបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លាំងណាស់ ជាពិសេសល្បែងភ្នាល់បាល់ៗនេះ បើតាមខ្ញុំដឹង អ្នកដែលលេងភ្នាល់គ្រាប់នេះ គឺមានលេងក្នុងមួយគ្រាប់រហូតដល់រាប់រយដុល្លារ ហើយអ្នកដែលចាញ់ល្បែងភ្នាល់នេះ គឺបានជំពាក់បំណុល និងលក់អស់ទ្រព្យសម្បត្តិ ហើយបើសិនជាយុវជនវិញមានបញ្ហារហូតដល់ហ៊ានលួចទ្រព្យសម្បត្តិឪពុកម្តាយ និងទ្រព្យសម្បត្តិអ្នកដទៃថែមទៀត»

យ៉ាងនេះក្តី អ្នកសម្របសម្រួលអង្គការលីកាដូ(LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានកត់សម្គាល់ថា សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាដើម បានសហការបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានលទ្ធផលវិជ្ជមានច្រើនក្នុងឆ្នាំ២០១៦ នេះ ប៉ុន្តែសម្រាប់ល្បែងស៊ីសងមានដូចជាកន្ទុយលេខ ភ្នាល់បាល់ និងជល់មាន់ជាដើម នៅតែបន្តកើតមានអនាធិបតេយ្យនៅទូទាំងក្រុងព្រះសីហនុ។

ឆ្លើយតបបញ្ហានេះ លោក ភុល ភស្តារ អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញគ្រប់ស្ថាប័ននៅមូលដ្ឋាននេះ ពិសេសរដ្ឋបាលក្រុងព្រះសីហនុ ផ្ទាល់ បានកោះអញ្ជើញអ្នកជាប់ពាក់ព័ន្ធការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ មានល្បែងឆ្នោត ឬកន្ទុយលេខ និងល្បែងភ្នាល់បាល់ជាដើម មកជួបប្រជុំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ប្រកបអាជីវកម្មបន្តទៀត។

លោក ភុល ភស្តារ អះអាងថា មានម្ចាស់បើកធ្វើអាជីវកម្មល្បែងស៊ីសងមួយចំនួន បានសហការជាមួយកម្លាំងជំនាញ។ លោកសង្កត់ធ្ងន់ថា នៅថ្ងៃខាងមុខនេះ បើសិនជាម្ចាស់អាជីវកម្មល្បែងស៊ីសងទាំងឡាយណាមិនអនុវត្តតាមកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្មល្បែងស៊ីសងរបស់ខ្លួនទេ កម្លាំងជំនាញស្ថាប័នចម្រុះនឹងចុះបង្ក្រាប ហើយចាត់វិធានការតាមផ្លូវច្បាប់៖ «មេគាត់បានចេញសេចក្តីជូនដំណឹងដល់គ្រប់អធិការក្រុង ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលតាមឃុំសង្កាត់នានា ឲ្យបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រប់ទីកន្លែងមិនលើកលែងទេ ហើយខ្ញុំបានអនុវត្តទៅតាមបទបញ្ជានេះជាប្រចាំ»

យ៉ាងនេះក្តី អាណាព្យាបាលភាគច្រើននៅខេត្តព្រះសីហនុ បានចំអកថា ល្បែងស៊ីសងគ្រប់ប្រភេទមានល្បែងភ្នាល់បាល់ មានទីតាំងនៅក្នុងបរិវេណមហោស្រពចាស់ ដែលម្ចាស់ទីតាំងនេះអះអាងថា ពួកគេមានខ្នងបង្អែកជាប់សាច់ញាតិមន្ត្រីមានឋានៈពាក់ផ្កាយ កំពុងបម្រើការងារនៅក្រសួងមហាផ្ទៃ គឺនៅបន្តបើកធ្វើអាជីវកម្មជាធម្មតា។

ជាងនេះទៀត ល្បែងកន្ទុយលេខ ឬឆ្នោតជាដើម បានធ្វើសកម្មភាពរីកដូចផ្សិតនៅតាមហាងកាហ្វេនានា ពិសេសនៅតាមទីផ្សារនានានៅទូទាំងក្រុងព្រះសីហនុ មានផ្សារពាណិជ្ជកម្ម និងផ្សារលើជាដើម ដោយគ្មានសមត្ថកិច្ចបង្ក្រាបនោះទេរហូតមកដល់ពេលនេះ។

បញ្ហានេះដែរ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ក៏បានព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ មានអធិការក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានាដែលទុកបណ្តោយឲ្យមានសកម្មភាពចែកចាយ ឬប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ បន្តធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា បើសិនជារូបលោករកឃើញថា នៅតាមមូលដ្ឋានណាមួយដែលអធិការក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់នានា ទុកបណ្តោយឲ្យមានបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងបន្តកើតមាននៅតាមមូលដ្ឋាននីមួយៗ ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានទាំងនោះនឹងត្រូវទទួលខុសត្រូវទៅលើវិន័យរបស់កម្លាំងនគរបាលជាតិ។

ទាក់ទិនបញ្ហានេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកដល់កងកម្លាំងនគរបាលក្រោមឱវាទនៅតាមរាជធានី-ខេត្តនានាជារឿយៗ ឲ្យបន្តរួមសហការគ្នាចុះអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ ត្រូវធ្វើសកម្មភាពឲ្យបានជាប្រចាំដូចភ្លៀងរលឹម និងមានប្រសិទ្ធភាព៕

ប្រភព៖  RFA

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក