អតីតកីឡាករប្រដាល់ទម្ងន់យក្ស Holyfield ចង់ប្រកួតឡើងវិញជាមួយជើងខ្លាំង Tyson ក្នុងន័យសប្បុរសធម៌

0 0

(ញូវយ៉ក)៖ អតីតម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Evander Holyfield បានបង្ហាញមហិច្ឆតាចង់ប្រកួត ទល់នឹងជើងខ្លាំង Mike Tyson ម្តងទៀត ដើម្បីប្រមូលថវិកាជួយដល់សប្បុរសធម៌។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

Holyfield ដែលមានវ័យ ៥៧ឆ្នាំ បានប្រកាសព្យួរហ្គង់នៅជញ្ជាំងកាលពីឆ្នាំ២០១៤ នោះ មានបំណងវិលចូលសង្វៀន វិញ ហើយដៃគូដំបូងដែលរូបគេចង់ប្រកួតនោះ គឺ Mike Tyson តែម្តង ដែលធ្លាប់ជួបគ្នាចុងក្រោយកាលឆ្នាំ១៩៩៧ ក្នុងជំនួបត្រូវបានគេឲ្យឈ្មោះថា «ប្រកួតខាំ» (Bite Fight) នៅពេលកីឡាករអាមេរិកដូចគ្នា Tyson បានប្រើធ្មេញដ៏មុតស្រួចរបស់គេខាំទៅលើ Holyfield។

Holyfield បានថ្លែងប្រាប់ BBC ក្នុងកិច្ចសម្ភាសន៍ថា «ប្រសិនបើ Tyson ហ៊ានប្រកួតមែននោះ ប្រកួតត្រឹមតែ ៣ទឹកបានហើយ។ ខ្ញុំក៏ចង់ផ្តួលគាត់ ដូចដៃគូ ២នាក់ចុងក្រោយដែលខ្ញុំធ្វើបានមុនចូលនិវត្តន៍អីចឹង»

Holyfield ដែលជាអតីតកីឡាករប្រដាល់សកលពិភពលោកដ៏ល្បី១រូប ធ្លាប់ប្រកួតជាលក្ខណៈអាជីពបានចំនួន ៥៧ដងគិតត្រឹមឆ្នាំ២០១១ ក្នុងនោះធ្លាប់ឈ្នះបាន ៤៤ដង និងបានផ្តួលគូប្រជែងដែលជាម្ចាស់ផ្ទះរបស់ដាយណឺម៉ាក Brian Nielsen ឲ្យសន្លប់ស្តូកស្តឹងនៅលើសង្វៀនដោយបច្ចេកទេសថែមទៀតផងកាលឆ្នាំ២០១១ គ្រាដែល Tyson ដែលមានវ័យ ៥៣ឆ្នាំទៅហើយនោះ ជាអតីតកីឡាករក្មេងជាងគេ មានវ័យត្រឹមតែ ២០ឆ្នាំ ដែលបានឈ្នះខ្សែក្រវាត់ពិភពលោក ក្នុងឆ្នាំ១៩៨៦ ធ្លាប់ប្រកួតបាន ៥៨ដង ក្នុងនោះធ្លាប់ឈ្នះ ៥០ដង ចាញ់ ៦ដង និង ១ប្រកួតចុងក្រោយនាឆ្នាំ២០០៥ មុនប្រកាសចូលនិវត្តន៍៕

Source: Khmer Talking

Comments
Loading...