តារាសម្តែងជើងចាស់ ទេព រិនដារ៉ូ ត្អូញត្អែពីការលំបាកពេលថតសម្ដែងរឿងក្នុងសម័យបារាំង

0 0

(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ ល្បីឈ្មោះច្រើនជំនាន់ និងមានបទពិសោធរាប់ឆ្នាំលោក ទេព រិនដារ៉ូ បានបង្ហាញអារម្មណ៍ពិត បញ្ជាក់ប្រាប់ពីផលលំបាក ពេលលោកសម្ដែងជាតួអង្គមួយ ក្នុងសម័យបារាំង ខណៈដែលមហាជនមិនបានដឹងសោះថា ការសម្ដែងរបស់លោក ទេព រិនដារ៉ូ មិនគួរណាជួបប្រទះផលលំបាក ក្នុងអាជីពរបស់ខ្លួននោះទេ ព្រោះលោកជាតារាសម្ដែង មានបទពិសោធរាប់ឆ្នាំទៅហើយ គ្មានអ្វីត្រូវលំបាកនោះទេ។

ជាការពិត ទោះបីជាមានអាជីពជាតារាសម្ដែងរាប់ឆ្នាំមកហើយក្ដី ក៏តែងតែជួបនូវបញ្ហា ក្នុងអាជីពរបស់ខ្លួននោះដែរ។ យ៉ាងណាមិញ តារាសម្ដែង លោក ទេព រិនដារ៉ូ ក៏មិនខុសពីតារាសម្ដែងល្បីៗ ជាច្រើនទៀតដែរ ទោះជាលោកមានអាជីពជាតារាសម្ដែងរាប់ឆ្នាំ មហាជនស្គាល់ទូទាំងប្រទេសមកហើយក្ដី តែលោកក៏នៅមានបញ្ហាលំបាក ទាំងបញ្ហានៅចំពោះមុខ និងបញ្ហាប៉ះពាល់ដោយប្រយោលផងដែរ។

ថ្លែងប្រាប់ Fresh News ផ្នែកកម្សាន្ត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ តារាសម្ដែងលោក ទេព រិនដារ៉ូ បានបញ្ជាក់ឲ្យដឹងថា ការសម្ដែងរឿង សម័យ ឬបុរាណ តែងតែជួបប្រទះនូវការលំបាក ប៉ុន្តែបើសម្ដែងរឿង ក្នុងជំនាន់បារាំង គឺលំបាកជាងគេ ក្នុងនោះទាំងផលិតកម្ម ទាំងអ្នកដឹកនាំ ទាំងតារាសម្ដែងក្នុងរឿង ក៏ជួបបញ្ហាលំបាកទាំងអស់។

«អូ..! ពិបាកណាស់អូន ថតរឿងសម័យបារាំង ពិបាកជាងគេ គឺសម្លៀកបំពាក់សម្រាប់តួអង្គនីមួយៗ ជាពិសេសសម្ភារៈដើម្បីថត ក្នុងរឿង ក៏ពិបាករកដែរ ឡាន ម៉ូតូ កង់ នៅក្នុងសម័យនោះ មិនងាយរកទេ គឺមានតិចតួចប៉ុណ្ណោះដែលនៅសល់»។ លោក ទេព រិនដារ៉ូ បញ្ជាក់បន្ថែម។

លោកបានបន្តថា ជាមួយគ្នានេះសម្រាប់ទីតាំងថត ក៏ពិបាករកដែរ ព្រោះនៅក្នុងប្រទេសកម្ពុជា មានផ្ទះសម័យបារាំងនៅសេសសល់តិចតួច។ បច្ចុប្បន្នផ្ទះសម័យបារាំង ដែលជាទីតាំងសំខាន់ត្រូវថតក្នុងរឿង គឺមានតែនៅក្នុងក្រុងភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងខេត្តមួយចំនួនតូចទៀត ។

សូមបញ្ជាក់ថា ការត្អូញត្អែពីផលវិបាកនេះ គឺក្នុងឱកាសដែលលោក បានបង្ហាញវត្តមានចូលរួមក្រុងពាលី ផលិតរឿងក្នុងសម័យបារាំងមួយ មានចំណងជើងថា «ទឹកនិងប្រេង» ដែលប្រារព្ធឡើង នៅក្នុងបរិវេណសាលាចាស់ ខេត្តបាត់ដំបង សាងសង់ទ្បើងក្នុងសម័យបារាំង (១៩០៥) ដែលជាអាគារប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ៕

Source: Khmer Talking

Comments
Loading...