សឿត បារាំង៖ បើយើងចង់ក្លាយជាម្ចាស់ជើងឯក យើងចាំបាច់ត្រូវលះបង់ និងខិតខំ

0 0

(ភ្នំពេញ)៖ ខ្សែការពារដ៏រឹងមាំរបស់ក្លិបភ្នំពេញក្រោន សឿត បារាំង បានរំពឹងថា ក្រុមខ្លួននឹងរក្សាបានភាពខ្លាំង ក្រោយការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាត្រឡប់មកវិញ ពិសេសកីឡាករម្នាក់ៗត្រូវមានការលះបង់ និងខិតខំឲ្យបានខ្លាំងជាងគូប្រជែង ដើម្បីសម្រេចក្ដីស្រម៉ៃក្លាយជាម្ចាស់ជើងឯក។

តាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់អតីតក្រុមជើងឯក ៦សម័យ បារាំង បាននិយាយថា «វាមិនងាយស្រួលទេក្នុងការក្លាយជាម្ចាស់ជើងឯក ប៉ុន្តែប្រសិនបើយើងចង់ក្លាយជាម្ចាស់ជើងឯក យើងចាំបាច់ត្រូវលះបង់ និងខិតខំ។ មនុស្សគ្រប់គ្នាមានមហិច្ឆតាក្នុងការឈ្នះពានរង្វាន់ ដូច្នេះយើងចាំបាច់ត្រូវខិតខំជាងពួកគេ ដើម្បីឈ្នះពានរង្វាន់។ យើងមានការចាប់ផ្តើមដ៏អស្ចារ្យនៅរដូវកាលនេះ ដូច្នេះយើងត្រូវតែរក្សាសន្ទុះរបស់យើង»

ទន្ទឹមជាមួយការលើកឡើងនេះដែរ បារាំង ក៏បានបញ្ជាក់ពីការខិតខំប្រឹងហ្វឹកហាត់ដោយខ្លួនឯង អំឡុងពេលលីគផ្អាកការប្រកួត ដោយសារវិបត្តិជំងឺកូវីដ-១៩ (COVID-19) ហើយគេសង្ឃឹមថា មិត្តរួមក្រុមផ្សេងៗនឹងមានការខំប្រឹងដូចគ្នា ដើម្បីពង្រឹង និងរក្សាសមត្ថភាពក្នុងនាមកីឡាករអាជីព។

ខ្សែការពារវ័យ ២០ឆ្នាំរូបនេះបានបន្ថែមថា «ក្នុងអំឡុងពេលនេះដោយគ្មានការប្រកួត ឬការហ្វឹកហាត់ជាក្រុម ប្រសិនបើអ្នកជាកីឡាករអាជីពខ្ញុំប្រាកដថា អ្នកដឹងថាអ្នកគួរធ្វើអ្វី។ ប្រសិនបើអ្នកធ្វេសប្រហែសនឹងមានផលវិបាកហើយវាអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីពរបស់អ្នក។ ការហ្វឹកហាត់ជាលក្ខណៈបុគ្គលពិតជាសំខាន់ណាស់សម្រាប់កីឡាករម្នាក់»

គួរដឹងថា ភ្នំពេញក្រោន បានចាប់ផ្ដើមយ៉ាងល្អ នៅដើមរដូវកាលឆ្នាំ២០២០ ជាមួយការឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ស្មើក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាសប្ដាហ៍ទី៥៕

Source: Khmer Talking

Comments
Loading...