ពលរដ្ឋ​មួយ​ចំនួន​នៅ​ព្រៃវែង​ប្រជុំ​គ្នា​រក​លទ្ធភាព​បង្កើត​បក្ស​នៅ​តាម​មូលដ្ឋាន

6
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រៃវែង ចាប់​ផ្ដើម​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ស្វែង​យល់​ពី​លទ្ធភាព ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​មួយ​ចេញ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ការ​ផុស​ឡើង​នៃ​ចលនា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​តាម​មូលដ្ឋាន​នេះ ដោយ​មាន​ពលរដ្ឋ​មួយ​ចំនួន​ហាក់​អស់​ជំនឿ​លើ​គណបក្ស​ដែល​ខ្លួន​ធ្លាប់​គាំទ្រ។ អង្គការ​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត នៅ​តាម​ដាន​មើល​នៅ​ឡើយ​ពី​លក្ខខណ្ឌ​នៃ​ការ​បង្កើត​គណបក្ស​នៅ​តាម​មូលដ្ឋាន​នេះ។

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ មក​ពី​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​ព្រៃវែង បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា ការ​ប្រជុំ​គ្នា​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទាក់ទង​រឿង​នយោបាយ សិក្សា​ពី​លទ្ធភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បង្កើត​បក្ស​ចេញ​ពី​មូលដ្ឋាន​របស់​គាត់​នៅ​តាម​ឃុំ ជាដើម។

លោក កែម ឡី ថ្លែង​ថា «ខ្ញុំ​គិត​ថា មាន​សារប្រយោជន៍ ព្រោះ​និយាយ​ពី​ការ​រួបរួម​គ្នា​នៅ​ខាង​លើ​នោះ​មិន​ទទួល​បាន​ជោគជ័យ​ទេ គឺ​សំខាន់​មើល​សក្ដានុពល​ការ​រួបរួម​គ្នា​នៅ​ថ្នាក់​មូលដ្ឋាន​វិញ រឿង​រើស​មេ​ភូមិ មេ​ឃុំ ឬ​បេក្ខភាព​តំណាង​រាស្ត្រ​ដោយ​ប្រជាពលរដ្ឋ​នោះ ខ្ញុំ​គិត​ថា ជោគជ័យ​ហើយ​ប្រទេស​កម្ពុជា។ មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ គឺ​នៅ​ភូមិ​ឃុំ​ហ្នឹង​ហើយ មិន​មែន​នៅ​តែ​ថ្នាក់​ជាតិ​តិចតួច​នោះ រួបរួម​គ្នា ហើយ​ពលរដ្ឋ​បែក​បាក់​គ្នា​ក៏​មិន​ល្អ​ដែរ»

ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​សកម្ម​ក្នុង​ការងារ​នយោបាយ​នៅ​តាម​មូលដ្ឋាន និង​ចូលរួម​ជជែក​ពី​គោល​នយោបាយ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន។

ពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​កន្លង​មក គឺ​គាត់​ខក​ចិត្ត​ក្នុង​ការ​ចូលរួម​ដឹក​នាំ​រដ្ឋាភិបាល ឬ​ការ​សម្រេច​កិច្ចការ​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាដើម ទើប​ពួក​គាត់​ហាក់​អស់​ជំនឿ​បន្តិច​ម្ដងៗ។

លោក ពុធ ឃឹម ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ស្រែកោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា លោក​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ ដែល​លោក​ធ្លាប់​ដើរ​តាម​កន្លង​មក​នោះ។ លោក​ថ្លែង​ថា «អាណត្តិ​ក្រោយ​ខ្ញុំ​នៅ​កណ្ដាល​មិន​បោះ​ឆ្នោត តែ​បើ​មាន​បណ្ដាញ​ថ្មី​ខ្ញុំ​គាំទ្រ ព្រោះ​ខ្ញុំ​ជឿ​លើ​ការ​សម្រេច​ធ្វើ​ដោយ​ប្រជាពលរដ្ឋ យើង​ដឹង​ខុស ដឹង​ត្រូវ តែ​បើ​មិន​មាន​បណ្ដាញ​ថ្មី​ទេ ខ្ញុំ​មិន​បោះ​ឆ្នោត​ទេ»

អ្នក​ដែល​ចូលរួម​ពិភាក្សា​នោះ គឺ​គាំទ្រ​ចំពោះ​ការ​បង្កើត​បក្ស​ថ្មី​នៅ​មូលដ្ឋាន​នេះ ប្រសិន​បើ​មាន​ការ​ចូលរួម​ពី​សមាគម​អ្នក​ប្រជាធិបតេយ្យ​ផង​នោះ។ ការ​ជួប​ជុំ​ក្នុង​ការ​បង្កើត​គណបក្ស​មូលដ្ឋាន​នៅ​តាម​ភូមិ​ឃុំ​នេះ គឺ​ត្រូវ​រង​ការ​រិះគន់​ពី​ក្រុម​គណបក្ស​ប្រឆាំង​ថា ជា​សកម្មភាព​បំបែក​សំឡេង​ឆ្នោត​គាំទ្រ​ពី​គណបក្ស​ប្រឆាំង ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​គណបក្ស​កាន់​អំណាច​កាន់​តែ​មាន​សំឡេង​កើន​ឡើង​ទៅ​វិញ។

តែ លោក កែម ឡី ថ្លែង​ថា ប្រសិន​បើ​គណបក្ស​មូលដ្ឋាន​នេះ​ធ្វើ​បាន​ល្អ​នោះ នឹង​ទាញ​សំឡេង​គាំទ្រ​ពី​គណបក្ស​កាន់​អំណាច​ដែរ ដែល​ជា​ការ​ចាប់​ផ្ដើម​លទ្ធិប្រជាធិបតេយ្យ​នៅ​តាម​មូលដ្ឋាន។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ប្រសិន​បើ​ប្រទេស​កម្ពុជា អាច​មាន​គណបក្ស​មូលដ្ឋាន បើ​ផ្អែក​ទៅ​លើ​ច្បាប់​បង្កើត​គណបក្ស​នយោបាយ​ទាមទារ​លក្ខខណ្ឌ​ច្រើន​នោះ។ លោក​បន្ថែម​ទៀត​ថា នេះ​ជា​ប្រការ​ល្អ ប្រសិន​បើ​រដ្ឋបាល​ថ្នាក់​ជាតិ​បង្ក​លទ្ធភាព​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្នាក់​មូលដ្ឋាន ហើយ​លក្ខខណ្ឌ​មិន​ស្មុគស្មាញ​ដូច​គណបក្ស​ថ្នាក់​ជាតិ​នោះ។

លោក គល់ បញ្ញា ថ្លែង​ថា «តាម​ពិត​ជា​គំនិត​មួយ​ល្អ​ម្យ៉ាង​ដែរ ប្រសិន​បើ​យើង​បង្កើត​ឲ្យ​មាន​ភាព​ចម្រុះ​ក្នុង​កិច្ចការ​នយោបាយ​នោះ​នៅ​ប្រទេស​សេរី ហ្នឹង​គេ​ចូល​ចិត្ត​បង្កើត​ប្រព័ន្ធ​ចម្រុះ គឺ​ថ្នាក់​ជាតិ​មាន​ក្រុម​ឯករាជ្យ បេក្ខជន​ឯកត្តនាម មាន​ក្រុម​បក្ស​តូចៗ​នៅ​តាម​មូលដ្ឋាន ដូច​នៅ​ប្រទេស​ហ្វីលីពីន មាន​គណបក្ស​មូលដ្ឋាន ហើយ​គេ​មាន​អាសនៈ​សម្រាប់​គណបក្ស​ដែល​គេ​ហៅ​ថា ការពារ​ប្រយោជន៍​មូលដ្ឋាន​នោះ​ទៀត»

ទោះ​យ៉ាង​ណា លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លើក​ឡើង​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​នោះ គណបក្ស​មូលដ្ឋាន​អាច​នឹង​ចូលរួម​លើក​ដំបូង​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ៕

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក