លោក ហ៊ុន សែន ចំអក​ឲ្យ​អ្នក​នយោបាយ​​ដែល​អះអាង​​ថា​អាច​ធ្វើ​ឲ្យ​តម្លៃ​ភ្លើង​ចុះ​ថោក

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ពិត​រដ្ឋាភិបាល​​​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ឲ្យ​តម្លៃ​ភ្លើង​ធ្លាក់​ចុះ​បានទេ។ មូលហេតុ​ដែល​នាំឲ្យ​តម្លៃ​អគ្គិសនី​សព្វថ្ងៃ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​គឺ​ដោយ​សារ​អំពើ​ពុករលួយ។

ការ​អះអាង​ដូច​នេះ​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​បន្ទាប់​មាន​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​ចំអក​ថា អ្នក​នយោបាយ​ខ្លះ​ហេតុ​តែ​ចង់​បាន​អំណាច​ហ៊ាន​សន្យា​ថា នឹង​អាច​ធ្វើ​ឲ្យ​ថ្លៃ​ភ្លើង​ធ្លាក់​ចុះ​រហូត​ដល់ ៣ដង បើ​ប្រៀប​ធៀប​នឹង​ការ​ប្រើប្រាស់​បច្ចុប្បន្ន។

ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ឲ្យ​ដំណើរ​នៃ​វារីអគ្គិសនី​ឫស្សី​ជ្រំ ស្ថិត​ក្នុង​ស្រុក​មណ្ឌល​សីមា នៃ​ខេត្ត​កោះកុង នៅព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា។

លោក​នាយករដ្ឋមន្ត្រី​បាន​ចំអក​ឲ្យ​អ្នក​នយោបាយ​ដែល​ចង់​បាន​អំណាច​ដោយ​មិន​សំដៅ​ឈ្មោះ ប៉ុន្តែ​ទំនង​ជា​លោក​ចង់​ដៀមដាម​ឲ្យ​គណបក្ស​ប្រឆាំង​ថា ការ​សន្យា​បញ្ចុះ​តម្លៃ​ភ្លើង​ឲ្យ​ធ្លាក់​ថ្លៃ​រហូត​ដល់​៣ដង បើ​ប្រៀបធៀប​នឹង​ការ​ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​ឌឺដង​ទៀត​ថា ដើម្បី​អាច​ធ្វើ​ឲ្យ​ភ្លើង​ចុះ​ថោក​ទៅ​បាន លុះ​ត្រា​តែ​គេ​មាន​លទ្ធភាព​បង្កើត​ភ្លើង​ដោយ​មធ្យោបាយ​បរមាណូ​ទើប​ទៅ​រួច។ លោក​បន្ថែម​ថា បើ​ធ្វើ​ដូច​សព្វថ្ងៃ​នេះ គឺ​អស់​មាន​លទ្ធភាព​បញ្ចុះ​ថ្លៃ​ហើយ៖ «ច្បាស់​ណាស់​ថា បន្ទាប់​ពី​ថ្លៃ​អគ្គិសនី​នេះ​ទៅ គឺ​នឹង​អ្នក​ឆ្លើយ​ប្រាប់​ថា បើ​សិន​អញ​​កាន់​អំណាច អញ​នឹង​បញ្ចុះ​ថ្លៃ​អគ្គិសនី​នេះ ថោក​ជាង​ហ្នឹង ៣​ដង។ ប៉ុន្តែ​សូម​បញ្ជាក់​ថា អត់​មាន​ឱកាស​ណា​ថោក​ជាង​តម្លៃ​ហ្នឹង​បាន​ទៀត​ទេ»។

វារីអគ្គិសនី​ដែល​បើក​សម្ពោធ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ មករា នៅ​ឫស្សី​ជ្រំ មាន​ថាមពល​ដែល​អាច​ទាញ​យក​ទៅ​ប្រើ​បានរហូត​ដល់ ៣៣​ មេហ្គាវាត់ (Megawatt)។ លោក ហ៊ុន សែន ថ្លែង​ថា មាន​ស្រុក២ ដែល​នឹង​ទទួល​បាន​ពី​ថាមពល​នេះ ដើម្បី​ប្រើប្រាស់ គឺ​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ ដែល​ត​បណ្ដាញ​ចេញ​ពី​ក្រុង​ព្រះសីហនុ ក្នុង​តម្លៃ ១.០០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់។ ប៉ុន្តែ​តម្លៃ​នេះ​នឹង​ធ្លាក់​ចុះ​នៅ​ត្រឹម ៨០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​វិញ នៅ​ឆ្នាំ​២០១៦ ខាង​មុខ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា បញ្ជាក់​ថា ផ្អែក​តាម​អ្នក​បច្ចេកទេស​អគ្គិសនី រក​ឃើញ​ថា ការ​ពិត​តម្លៃ​ភ្លើង​នេះ​គឺ​អាច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​លើស​ពី​អ្វី​ដែល​លោក ហ៊ុន សែន អះអាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ​លោក​យល់​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ភ្លើង​នៅ​តែ​មិន​អាច​ធ្លាក់​ចុះ​បាន​នោះ គឺ​ដោយ​សារ​អំពើ​ពុករលួយ៖ «អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​អគ្គិសនី​របស់​យើង​អ្នក​បច្ចេកទេស ជា​ពិសេស​នៅ អឺ.ឌេ.សេ (EDC) ហ្នឹង​តែម្ដង ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ថា អគ្គិសនី​កម្ពុជា អាច​លក់​បាន​មិន​ឲ្យ​លើស​ពី ៦០០​រៀល​ទេ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ ព្រោះ​គេ​គណនា​ទៅ​ថ្លៃ​ដើម​អស់​ប្រហែល​ជា ៣០០»

លោក ហ៊ុន សែន និយាយ​ថា ថ្លៃ​អគ្គិសនី​នៅ​​តាម​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​តម្លៃ​ថ្លៃ គឺ​ជិត ​៤ពាន់​រៀល (៣.៩០០) ក្នុង​មួយ​គីឡូវ៉ាត់។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​​សង្គម យល់​ឃើញ​ថា ការ​ថ្លែង​ដូច​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល ថា​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចុះ​ថ្លៃ​ឲ្យ​ថោក​ជាង​នេះ​បន្ថែម មិន​​អាច​​ទៅ​រួច​នោះ លោក​ចាត់​ទុក​ថា វា​ហាក់​ដូច​ជា​រដ្ឋាភិបាល​​​អស់​សង្ឃឹម​ណាស់​ពេក​​ហើយ។ លោក​ថ្លែង​ថា តាម​ពិត​នៅ​មាន​មធ្យោបាយ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ភ្លើង​នៅ​កម្ពុជា អាច​ចុះ​ថោក​ជាង​សព្វថ្ងៃ ឬ​មិន​ចាំបាច់​ប្រើប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ក៏​បាន។

លោក​បន្ត​ថា មធ្យោបាយ​ដែល​អាច​ជួយ​កាត់​បន្ថយ មិន​ចាំបាច់​ប្រើប្រាស់​ថាមពល​អគ្គិសនី ដូច​ជា​បង្កើន​ការ​ផលិត ឡ​ជីវឧស្ម័ន ផ្ទាំង​រស្មី​ពន្លឺ​ព្រះ​អាទិត្យ និង​ជំរុញ​ឲ្យ​មាន​អគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់​ជា​ដើម៖ «មិន​ថា​បី​ដង​ទេ។ យើង​អាច​ចុះ ១០​ដង ទៅ ២០​ដង​បាន​នៃ​តម្លៃ​ភ្លើង។ ក្នុង ១៤.០០០​ភូមិ​ជាង​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​មាន​ឡ​ជីវឧស្ម័ន មាន​ខ្ទង់​ប្រហែល ២០​ភាគរយ»

ទាំង​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ឃើញ​ថា តម្លៃ​ភ្លើង​នៅ​កម្ពុជា គឺ​នៅ​តែ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ បើ​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់៕

ប្រភព៖ http://www.rfa.org/khmer/

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក