​ប្រភព​នៃ​ពាក្យ​សំពត់ និង សារុង

11
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

​ជាការ​ពិតណាស់ ដែល​ក្នុង​វប្បធម៌​ខ្មែរ​បច្ចុប្បន្ន ពាក្យ​សារុង​ក៏ដូចជា​ពាក្យ​សំពត់​ដែរ គឺ​សំដៅ​សម្លៀកបំពាក់​របស់​ជន​ជាតិខ្មែរ​ទាំងពីរ​ភេទ ដែល​បាន​កំពង់​ពេញនិយម​តាំងតែ​ពី​សម័យ​បុរាណកាល​មក​។ មានន័យថា ពាក្យ​ទាំងពីរ​នេះ សំដៅ​សម្លៀកបំពាក់​មួយ​ប្រភេទ​របស់​ជនជាតិខ្មែរ​យើង​។ ឧទាហរណ៍​ជាក់ស្តែង គឺ​ការប្រើ​សារុង​ជាដ​ង្វា​យ​ជូន​ព្រលឹង​ដូនតា​មេបា ក្នុងពេល​ជាន់​អារក្ខ ឬក៏​ជា​ជំនូន​ជូន​ដល់​គូ​ស្វាមីភរិយា ក្នុង​ពិធីមង្គលការ ឬ​អាពាហ៍ពិពាហ៍​។​
​មិនតែប៉ុណ្ណោះ​សោត សារុង ឬ​សំពត់ ក៏បាន​ដើរតួនាទី​មួយ​យ៉ាងសំខាន់​ក្នុង​ពិធី​កម្ម​មួយចំនួន​ដែរ​។
​ ចូរ​យើង​សាកល្បង​រក​ប្រភព​នៃ​ពាក្យ​ទាំងពីរ​ម៉ាត់​នេះ​ល៎​មើល​។​
​ ជាការ​ឆ្លើយតប​និង​សំណួរ​ខាងលើនេះ ចូរ​យើង​សូម​ពិនិត្យ​វចនានុក្រម​របស់​សម្តេច​ជួន​ណាត​ជាមុនសិន​។
​បើ​យោងតាម​វចនានុក្រម​របស់​សម្តេច​ជួន​ណាត ពាក្យ​សំពត់ គឺជា​ពាក្យ​ខ្មែរ​សុទ្ធសាធ មានន័យថា : “( ន​. )  របស់​កើត​អំពី​ការ​ត្បាញ​ដោយ​អំបោះ​, សូត្រ​, សរសៃ​វល្លិ​, សំបកឈើ​, រោមចៀម​ជាដើម សម្រាប់​ស្លៀក​, ដណ្តប់​ជាដើម : សំពត់អំបោះ​, សំពត់​សូត​, សំពត់​សំបកឈើ ។​ល​។ កំណាត់​ឬ កំណាត់សំពត់ សំពត់​ចាស់​ឬ​សំពត់​ដែល​ប្រឡាក់​, សៅហ្មង ដែល​គេ​លែង​ប្រើ​ស្លៀកដណ្តប់​ហើយ សម្រាប់​គ្រាន់តែ​ជូត​អ្វីៗ​ប៉ុណ្ណោះ ដូចជា កំណាត់​ជូត​ក្ដារ​សរសេរ​, កំណាត់សំពត់​ជូត​ជើង​… ។ បើ​សំពត់​ថ្មី​ឬ​សំពត់​ស្អាត​ដែល​គេ​បត់​ជា​ផាប់​ឬ​បត់​ជា​កី​ក្តី ទោះបី​គេ​កាត់​ប្រវែង​មួយ​ម៉ែត្រ​ពីរ​ម៉ែត្រ​ក្តី មួយ​អាវ​ពីរ​អាវ​ក្តី ពុំគួរ​ហៅ កំណាត់ ឬ កំណាត់សំពត់ ឡើយ ត្រូវ​ហៅ​ត្រឹមតែ សំពត់ៗ ប៉ុណ្ណោះ ដូចជា​ថា សំពត់​មួយ​ម៉ែត្រ​, សំពត់​មួយ​ត្បូង​, សំពត់​មួយ​អាវ​… ។ ខ្មែរ​ក្នុង​សម័យបុរាណ​ហាម​មិន​ឲ្យ​ប្រើ​សម្ដី ធំ​ជា​តូច​, ច្រើន​ជាតិ​ច​, ខ្ពស់​ជា​ទាប គឺ សំពត់ កុំ​ថា កំណាត់​, ប្រាក់ កុំ​ថា លុយ​, ថ្លៃ កុំ​ថា ថោក ជាដើម ព្រោះ​នាំ​ឲ្យ​ទ័លក្រ​, ឲ្យ​ថយ​ថោក​, ឲ្យ​អាប់ឱន​, ឲ្យ​ទន់ទាប​, ឲ្យ​ជាស​ម្ដី​អភ័ព្វ (​ក្រែង​នឹង​ដូច​មាត់​ថា​)”​។

​រី​ពាក្យ​សារុង​វិញ ព្រះអង្គ​បាន​ឲ្យ​អត្ថន័យ​ថា : “( ន​. )  សំពត់អំបោះ​ឬ​សូត្រ ត្បាញ​ចាក់​ជា​ក្រឡា​ឆ្លាស់​ព័ណ៌ ឬ​ធ្វើជា​ផ្កា ជា​គំនូរ រំលេចព័ណ៌​សម្រាប់​ភ្ជើញ​ស្លៀក​សម្លុយ​, ជា​សម្លៀក​របស់​ចាម​ជ្វា​ជាដើម : សារុងអំបោះ​, សារុងសូត្រ ។ សារុង​ដែល​ខ្មែរ​ប្រើ​មាន ២ ប្រភេទ​គឺ សារុងស្រី​, សារុងប្រុស​; សារុង​សម្រាប់​ស្រីៗ​សុទ្ធតែ​មកពី​បរទេស​, ស្រីៗ​អាច​ប្រើ​ជា​ប្រក្រតី​បាន មិន​ទាស់​ទំនង​របស់​សុជីវធម៌​ខ្មែរ​ទេ​, ឯ​សារុង​សម្រាប់​ប្រុសៗ ច្រើនតែ​ត្បាញ​ក្នុងប្រទេស​កម្ពុជា​, ប្រុសៗ​ស្លៀក​បាន​ចំពោះតែ​ក្នុងផ្ទះ​លំនៅ ក្នុងពេលដែល​យល់ថា​គួរ​ស្លៀក​បាន​, ពុំ​អាច​ស្លៀក​ដើរចេញ​ទៅខាង​ក្រៅ​ផ្ទះ​លំនៅ​ឡើយ (​នេះ​ជា​សុជីវធម៌​ដ៏​សមរម្យ​របស់​ខ្មែរ​)” ។​
​ ចំពោះ​ពាក្យ​សំពត់ យើង​ពិត​ជាមាន​មតិស្រប​និង​ការពន្យល់​របស់​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត​។ សូមជម្រាបថា ពាក់ព័ន្ធ​ទៅ​និង​ពាក្យ​សារុង​នេះ គ្រា​ដំបូង យើង​បាន​គាំទ្រ​ទស្សនៈ​ខាងលើនេះ ដូចដែល​មានចែង​ក្នុង​វចនានុក្រម​របស់​ព្រះអង្គ តែ​ក្រោយពី​ធ្វើការ​អង្កេត​នៅ​ឆ្នាំ ២០០០  ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន យើង​បាន​រកឃើញថា ពាក្យ​នេះ​គឺជា​វាក្យ​ស័ព្ទ​ម៉ា​ឡេ​ទៅវិញ​ទេ ។ ហើយ​ពាក្យ​នេះ​ត្រូវបាន​កត់ត្រា​ដោយ​អ្នកស្រាវជ្រាវ​អ៊ឺរ៉ុប នា​ពាក់កណ្តាល​ស​.​វ​ទី​១៩​មកម្ល៉េះ​។ ហេតុ​យ៉ាង​នេះហើយ ទើបបានជា​យើង​ពុំបាន​ជួបប្រទះ​ពាក្យ​សារុង​នេះ​ក្នុង​សហគមន៍​ខ្មែរ​ដែល​រស់​នៅលើ​តំបន់​ខ្ពង់រាប​នគររាជ រួមមាន ខេត្ត​នគររាជ​សីមា​, អ៊ូ​ប៊ុន​, សុ​រិ​ន្ទ្រ​, បុរីរម្យ​ជាដើម​។ ព្រោះថា នៅក្នុង​សហគមន៍​ជនជាតិខ្មែរ​ដើម​ភាគតិច​ទាំងនោះ គេ​ប្រើតែ​ពាក្យ​សំពត់​តែ​ម្យ៉ាង​។​

បញ្ហា​មួយ​ចោទសួរ​ឡើង​នៅទីនេះ​ថា តើ​កម្ចី​ពាក្យ​នេះ​ពី​ជនជាតិ​ម៉ា​ឡេ ត្រូវបាន​ធ្វើឡើង​ក្នុងសម័យ​កាលណា​? តាមរយៈ​ជនជាតិ​ចាម ដែល​ក្រោយពី​ការបែកបាក់​នៃ​នគរ​ចម្ប៉ា​បានមក​ជ្រកកោណ​នៅ​ប្រទេស​ខ្មែរ ឬក៏​មុននេះ​?
​ ​ឆ្លើយតប​និង​សំណួរ​ដ៏​សំខាន់​ខាងលើនេះ យើង​អាច​កត់សម្គាល់​សេចក្តី​បន្តិច​ថា ភាសា​ខ្មែរ ឬ​មន​-​ខ្មែរ ដែល​ស្ថិតក្នុង​អម្បូរ​ភាសា​អូ​ស្ត្រូ​-​អាស៊ី ដែលជា​ផ្នែក​មួយ​នៃ​មហា​អម្បូរ​ដ៏​ទូលំទូលាយ​មួយទៀត​នៃ​ភាសា​ម៉ាឡាយូ​-​ប៉ូ​លី​នេ​ស៊ី ដែល​អ្នកប្រាជ្ញ​ខាង​ភាសា​វិទូ បាន​តាំង​ឈ្មោះថា “​អំបូរ​អូ​ស្ទ្រី​យាង​”​។ គឺ​ក្នុងករណី​នេះហើយ បានជា​ភាសា​ខ្មែរ​បច្ចុប្បន្ន មាន​វេយ្យាករណ៍​មួយចំនួន​លាយឡំ​ជាមួយនិង​វាក្យ​ស័ព្ទ​ម៉ា​ឡេ ជាពិសេស​កុលសម្ព័ន្ធ​សា​កៃ និង​សេ​ណូយ នៅ​ជ្រោយ​ម៉ាឡាយូ​ជាដើម​។​
​  តាម​ទស្សនៈ​នេះ យើង​អាច​ឃើញថា កម្ចី​នៃ​ពាក្យ​នេះ​ពិតជា​បាន​អនុវត្តន៍​ឡើង​ក្នុង​អតីតកាល​មួយ​ដ៏​យូរលង់ ដែល​គេ​ពុំ​អាច​កំណត់​អាយុកាល​បាន​។ តាមពិតទៅ ឧទាហរណ៍​ខាងលើនេះ មិនមែនជា​រឿង​ចម្លែក​នោះទេ ដោយហេតុថា រហូតដល់​សព្វថ្ងៃនេះ ជនជាតិ​ព្រៃភ្នំ​ក៏ដូចជា​រដែ សេ​ដង់ និង ជ្រាយ បានទទួល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ពី​ភាសា​ចាម ដែលមាន​អម្បូរ​រួមជាមួយ​គ្នា​និង​ភាសា​ម៉ា​ឡេ ឬ​ម៉ាឡាយូ​-​ប៉ូ​លី​នេ​ស៊ី​។​
​ ​សង្ឃឹមថា ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ឈរលើ​មូលដ្ឋាន​ទំនាក់ទំនង​វប្បធម៌​រវាង​ជនជាតិខ្មែរ និង​ជនជាតិ​ម៉ា​ឡេ យើង​អាច​រកឃើញ​ប្រធានបទ​ផ្សេងៗ​ឯទៀត ដែល​អាចជួយ​បណ្តុះបណ្តាល​ចំណេះ​ចេះដឹង​របស់​ខេមរជន​។​
​ ជា​អវសាន សូម​រំឭក​ផងដែរ​ថា ក្នុង​អត្ថបទ​ដ៏​ខ្លី​ខាងលើនេះ យើង​មិន​យាយ​ដល់​សំពត់​ចងក្បិន​ទេ ពីព្រោះ​ទំនៀមទម្លាប់​ចងក្បិន គឺជា​ប្រពៃណី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ពួក​ព្រាហ្មណ៍ ដែលមាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​៕ (​ម​.​ត្រា​ណេ​)

ប្រភព៖ CEN

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក