សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ដោយសារ ខៀវ សំផន មាន​បញ្ហា​សុខភាព

10
Cambodia Website Design
Want create site? Find Free WordPress Themes and plugins.

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​ជំនុំជម្រះ​លើ​សំណុំរឿង ០០២ វគ្គ ២ បាន​សម្រេច​ផ្អាក​សវនាការ​ម្ដង​ទៀត​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៦ មករា ដោយសារ​ជន​ជាប់​ចោទ ខៀវ សំផន មាន​បញ្ហា​សុខភាព។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ឱ្យ​ដឹង​ភ្លាមៗ នៅ​ពេល​ចាប់​ផ្ដើម​សវនាការ​បន្ត​នៅ​ពេល​រសៀល​ថា ជន​ជាប់​ចោទ ខៀវ សំផន មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​អស់​កម្លាំង​ខ្លាំង។

លោក​ចៅក្រម​ប្រកាស​ថា ការ​ផ្អាក​នេះ គឺ​ដោយសារ​គ្រូពេទ្យ​ប្រចាំ​សាលាក្ដី​ត្រូវ​ការ​ពេល​វេលា​ព្យាបាល៖ «គ្រូពេទ្យ​ដែល​ប្រចាំ​ការ​ពិនិត្យ​ថែទាំ​សុខភាព​ជន​ជាប់​ចោទ​នៅ អ.វ.ត.ក នេះ​ផ្ដល់​អនុសាសន៍​ថា ឱ្យ​អង្គ​ជម្រះ​សម្រាក​ត្រឹម​នេះ។ ដូច្នេះ​អង្គ​ជម្រះ​មិន​អាច​បន្ត​ដំណើរ​ការ​សវនាការ​បាន​ទេ ដោយ​ហេតុ​ថា ដំណើរ​ការ​សវនាការ​នៅ អ.វ.ត.ក នេះ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ចំពោះ​មុខ ធ្វើ​ឡើង​ត្រូវ​ធ្វើ​ចំពោះ​មុខ​ជន​ជាប់​ចោទ។ ដោយសារ​ស្ថានភាព​គាត់​មិន​អាច​ចូលរួម​សវនាការ​បាន​នៅ​ម៉ោង​ចុង​ក្រោយ​នៅ​ថ្ងៃ​នេះ ដូច្នេះ​អង្គ​ជម្រះ​មិន​អាច​បន្ត​បាន​ទេ»

លោក​ចៅក្រម និល ណុន ប្រកាស​ទៀត​ថា សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២៧ មករា ទៀត។ លោក​ចៅក្រម​បញ្ជាក់​បន្ថែម​ថា ដោយសារ​មាន​អនុសាសន៍​របស់​អ្នក​ជំនាញ​សុខភាព និង​ការ​ស្នើសុំ​ពី​មេធាវី​ការពារ​ក្ដី ព្រម​ទាំង​ការ​សង្កេត​ឃើញ ជន​ជាប់​ចោទ ខៀវ សំផន មាន​ស្ថានភាព​បញ្ហា​សុខភាព​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត អង្គ​ជំនុំជម្រះ​សាលាដំបូង​សម្រេច​កាត់​បន្ថយ​រយៈ​ពេល​ធ្វើ​សវនាការ​កន្លះ​ម៉ោង ចាប់​ពី​ថ្ងៃ​ទី​២៧ មករា ត​ទៅ គឺ​សវនាការ​ពេល​ព្រឹក ចាប់​ពី​ម៉ោង ៩ ដល់​ម៉ោង ១១ និង ៣០​នាទី។ ដោយឡែក​សវនាការ​ពេល​រសៀល​នៅ​ថ្ងៃ​ដដែល គឺ​ចាប់​ពី​ម៉ោង ១ និង ៣០​នាទី ដល់​ម៉ោង ៤។

ទន្ទឹម​គ្នា​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ថវិកា​ចំនួន ៤,១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ភាគី​ជាតិ នៃ​សាលាក្ដី​ខ្មែរក្រហម​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥។

ថវិកា​ចំនួន​ជាង ៤​លាន​ដុល្លារ​នេះ គឺ​មាន​ថវិកា​ចំនួន ១,៦​លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​លើ​សេវា​ប្រតិបត្តិការ​របស់​សាលាក្ដី និង ២,៥​លាន​ដុល្លារ​ទៀត​សម្រាប់​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ។ ជំនួយ​ថវិកា​នេះ គឺ​ផ្ដល់​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សន្យា​ក្នុង​ជំនួប​កំពូល​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ដោះស្រាយ​វិបត្តិ​ថវិកា​សម្រាប់​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​កាល​ពី​ចុង​ឆ្នាំ​២០១៤។

លោក នេត្រ ភក្ត្រា ឱ្យ​ដឹង​ថា ថវិកា​ជាង ៤​លាន​ដុល្លារ​នេះ គឺ​ស្មើ​នឹង ៦២% នៃ​គម្រោង​ថវិកា​ចំណាយ​សរុប​ប្រចាំ​ឆ្នាំ​២០១៥ របស់​ភាគី​ជាតិ​កម្ពុជា។ នៅ​ឆ្នាំ​២០១៥ នេះ ភាគី​ជាតិ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៦,៦​លាន​ដុល្លារ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្ដី​ខ្មែរក្រហម​កំពុង​ធ្វើ​ការ​ផ្នែក​នីតិវិធី​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ទទួល​បាន​ថវិកា​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា។

លោក នេត្រ ភក្ត្រា បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ទល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ទី​២ របស់​សាលាក្ដី​ខ្មែរក្រហម​បន្ទាប់​ពី​ប្រទេស​ប៉ុន។ បន្ទាប់​មក​ទៀត គឺ​មាន​ប្រទេស​អូស្ត្រាលី (Australia) សហរដ្ឋ​អាមេរិក (United State) អាល្លឺម៉ង់ (Germany) អង់គ្លេស (England) សហភាព​អឺរ៉ុប (EU) បារាំង (France) ស៊ុយអែត (Sweden) និង​ប្រទេស​ន័រវែស (Norway)៕

ប្រភព៖ RFA

Did you find apk for android? You can find new Free Android Games and apps.

Comments

comments

You might also like More from author

ចែករំលែក