Ultimate magazine theme for WordPress.

- Advertisement -

រូបចម្លាក់មេទ័ពកាត់ក្បាលកូនទ័ពនៅប្រាសាទបន្ទាយឆ្មារ

0 18

រូបចម្លាក់​បង្ហាញ​ពី​មេទ័ព​កាត់​ក្បាល​កូន​ទ័ព​ឬ​ជន​ក្បត់​នៅ​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​

រូបចម្លាក់​មេទ័ព​កាត់​ក្បាល​អ្នក​ក្បត់​នៅ​ប្រាសាទបន្ទាយឆ្មារ​មិន​ព្រៃផ្សៃ​តែ​ឆ្លុះ​បញ្ចាំង​ប្រវត្ដិ​គ្រប់គ្រង

នៅ​លើ​ជញ្ជាំង​រោងទង​ និង​ផ្នែក​ទាំងអស់​នៃ​ប្រាសាទបន្ទាយឆ្មារ​ កសាង​សតវត្សរ៍​ទី​១២​ មាន​រូបចម្លាក់​សំខាន់ៗ​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​តាំងពី​វិស័យ​ជំនឿ​សាសនា​ វិស័យ​សេដ្ឋកិច្ច​ កងទ័ព​ជើងគោក​ ជើង​ទឹក​ ទ័ព​ដំរី​ ទ័ព​សេះ​ វិស័យ​សុខាភិបាល​ កីឡា​ អប់រំ​ ហើយ​ក្នុង​នោះ​ក៏​មាន​រូបចម្លាក់​បង្ហាញ​ពី​មេទ័ព​កាត់​ក្បាល​កូន​ទ័ព​ឬ​ជន​ក្បត់​ដើម្បី​យក​ក្បាល​ថ្វាយ​ព្រះមហាក្សត្រ​ ឬ​មេទ័ព​ខ្លួន​ទទួល​ឋានន្ដរសក្ដិ​លើ​នោះ​ទៀត ។​

លោក ​គឹម​ សុធិន​ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​សំណង់​បុរាណ​នៃ​នាយកដ្ឋាន​គាំពារ​ និង​អភិរក្ស​សំណង់​បុរាណ ​ក្រសួង​វប្បធម៌​ ប្រាប់​រស្មីកម្ពុជា​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០០៩​ថា​ ជា​មតិ​ផ្ទាល់ខ្លួន​លោក​គឺ​រូបចម្លាក់​មេទ័ព​កាត់​ក្បាល​កូន​ទ័ព​ ឬ​ជន​ក្បត់​នៅ​ថែវ​នៃ​រោងទង​ខាងត្បូង​នៃ​ប្រាសាទបន្ទាយឆ្មារ​នោះ​ ពុំ​ស​បញ្ជាក់​អំពី​អំពើ​សាហាវ​ព្រៃផ្សៃ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ជា​ព្រះ​មហា​វីរក្សត្រ​គ្រងរាជ្យ​ក្នុង​ពេល​កសាង​ប្រាសាទ​សម្រាប់​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​សំណព្វ​ព្រះ​នាម​ស្រិន្ទ្រកុមារ ​របស់​ព្រះ​អង្គ​នោះ​ទេ ។​

- Advertisement -

រូបចម្លាក់​ថ្មភក់​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​ត្រង់​ផ្ទាំង​នោះ​បង្ហាញ​ពី​មេទ័ព​ និង​កូន​ទ័ព​ក្នុង​បទបញ្ជា​ដ៏​ច្រើន​ ក្នុង​នោះ​រូប​មេទ័ព​ម្នាក់​និង​សេនា​២​នាក់​ បាន​កាត់​ក្បាល​កំបុត​ត្រឹម-ក​នូវ​មនុស្ស​៣​នាក់ ។​ គេ​ថា​រូប​ក្បាល​នោះ​ជា​ជន​ក្បត់​ដែល​បាន​ក្បត់​ស្ដេច​ដូច​ជា​បះបោរ​ចង់​បង្កើត​នគរ​ ស្ដេច​ក្រាញ់​ឬ​ប្រឆាំង​នឹង​អាជ្ញាសឹក ។​ ពួក​គេ​ទ្រ​ក្បាល​ទាំងនោះ​ដែល​មើល​ឃើញ​ជា​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​ រំលោភ​សិទិ្ធ​មនុស្ស​ ឬ​ជា​ការ​កាត់ទោស​ប្រហារជីវិត​ដ៏​សាហាវ ។​

ក្នុង​មតិ​ផ្ទាល់ខ្លួន​ និង​យោង​ឯកសារ​ លោក​គឹម​ សុធិន​ និយាយ​ថា​ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ គឺ​ខ្មែរ​មាន​ឥទ្ធិពល​មាន​ផ្ទៃដី​ ផ្ទៃ​ទឹក​ធំ​ទូលាយ​ និង​មាន​ជីវភាព​សេដ្ឋកិច្ច​រុងរឿង​ណាស់ ។​ ក្នុង​នោះ​ក៏​មាន​ការ​ពង្រីក​ទឹកដី​ និង​ការពារ​ឯកភាព​ជាតិ ។​ តែ​ក៏​មាន​មេទ័ព​បះបោរ​ ឬ​ស្ដេច​ជ្រែករាជ្យ​ជា​ច្រើន​ដែរ ។​ ហេតុនេះ​ដើម្បី​ពង្រឹង​អំណាច​និង​សន្ដិសុខ​ទឹកដី​ និង​អាណា​ប្រជានុរាស្ដ្រ​ ព្រះមហាក្សត្រ​ ឬ​មេទ័ព​ត្រូវ​ប្រើ​អាជ្ញាសឹក​ដើម្បី​ថែរក្សា​ការពារ​និង​គ្រប់គ្រង​ទឹកដី​ និង​ប្រជារាស្ដ្រ ។​

លោក​និយាយ​ថា​ «ស្ដេច​ឬ​មេទ័ព​អាច​ឲ្យ​គេ​កាត់​ក្បាល​កូន​ទ័ព​ ឬ​ជន​ក្បត់​មក​ថ្វាយ​ឬ​ជូន​ទើប​ជឿ​បាន» ។​ ហេតុនេះ​ រូបចម្លាក់​កាត់​ក្បាល​នេះ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​ប្រវត្ដិសាស្ដ្រ​ក្នុង​សម័យ​កាលនោះ​ ជា​ជាង​ឆ្លុះ​បញ្ចាំង​ពី​អំពើ​ឃោរឃៅ​ព្រៃផ្សៃ ។​ បើ​មិន​ធ្វើ​ដូច្នេះ​​ទេ​ អាច​មាន​អ្នក​ក្បត់​បន្ដ​ និង​នាំ​គ្នា​ហែក​ទឹកដី​ជា​ចម្រៀក ។​ តែបើ​គេ​ឃើញ​ការ​កាត់ទោស​ដោយ​កាត់​ក្បាល​ជាក់ស្ដែង ​ឬ​ដោយ​មើល​រូប​ចម្លាក់​ គេ​នឹង​មាន​ការ​ខ្លាច​រអា ៕​

ប្រភពៈ សាល​អាន​ថ្ងៃ​ទី​២២/០៥/០៩​ (​អត្ថបទ​ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...