Ultimate magazine theme for WordPress.

- Advertisement -

ចម្លាក់ព្រះនាងឥន្ទ្រទេវីនៅសារមន្ទីរភ្នំពេញ

0 28

រូបចម្លាក់​ព្រះ​នាង​ឥន្ទ្រទេវី​ស្ថិត​ក្នុង​ឥរិយាបថ​លុតជង្គង់​ធ្វើ​អំពី​ថ្មភក់

មាន​ចម្លាក់​ស្ដ្រី​មួយ​ធ្វើ​អំពី​ថ្មភក់​កំបុត​ព្រះ​ហស្ដ​ទាំង​ពីរ​ស្លៀកសំពត់​ដែល​វែង​ហើយ​ស្ថិត​ក្នុង​ឥរិយាបថ​លុតជង្គង់​តែ​មាន​ទឹកមុខ​ស្មឹង​ស្មាធិ៍​ញញឹម​ត្រជាក់ ។ វត្ថុ​បុរាណ​ខាងលើ​នេះ​ មាន​កម្ពស់​ ១០៩​សង់ទីម៉ែត្រ​ ដែល​បាន​មក​ពី​ប្រាសាទ​ព្រះខ័ន​ នៅ​ខេត្ដសៀមរាប​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​រូបចម្លាក់​ព្រះ​នាង​ឥន្ទ្រទេវី​ សព្វថ្ងៃ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ព្រះ​នាង​តំណាង​ឲ្យ​ស្ដ្រី​ខ្មែរ​ដ៏​កំពូល​ដែល​ត្រូវជា​ព្រះ​ជាយា​ទី​២​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ​សោយរាជ​នៅ​ចុង​សតវត្សរ៍​ទី​១២​ ដើម​សតវត្សរ៍​ទី​១៣​ នៃ​គ្រិស្ដសករាជ ។ មាន​សំណួរ​មួយ​បាន​លើក​ឡើង​ថា​ តើ​ពី​ដើម​ឬ​សម័យ​មុន​ដៃ​ទាំង​គូ​នៃ​ព្រះ​រូប​នេះ​មាន​លក្ខណៈ​យ៉ាងដូច​ម្ដេច​ដែរ ? ឆ្លើយ​តប​នឹង​សំណួរ​ខាងលើ​នេះ ​លោក​បណ្ឌិត​សាស្ដ្រាចារ្យ​ មីសែល ត្រាណេ អ្នកឯកទេស​ខាង​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា​ បាន​បកស្រាយ​ថា​ គេ​ពុំ​ដឹង​ច្បាស់​ទេ​ថា​ ដៃ​ទាំង​ពីរ​របស់​ព្រះ​នាង​ឥន្ទ្រទេវី​ដាក់​ដូច​ម្ដេច​នោះ ។ ក្រៅពី​នេះ​មាន​អ្នកខ្លះ​បាន​សន្និដ្ឋាន​ថា ​ដៃ​ឆ្វេង​កាន់​ផ្កាឈូក​ ដៃស្ដាំ​កាន់​ព្រះ​គម្ពីរ​ថែម​ទៀត​ផង ។​

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​រយៈ​ការ​សិក្សា​ប្រៀបធៀប​រូបសំណាក​នេះ​ទៅ​នឹង​រូប​ឈើ​មួយ​តំណាង​ឲ្យ​ព្រះពុទ្ធ​អង្គ​នា​សម័យ​ក្រោយ​អង្គរ​កសាង​ឡើង​កាលពី​សតវត្សរ៍​ទី​១៥-១៦​នៃ​គ្រិស្ដសករាជ​ នៅ​ខេត្ដសៀមរាប​អង្គរ គឺ​លក្ខណៈ​ដើម​ស្ថិត​ក្នុង​ឥរិយាបថ​កំពុង​សំពះ​ដោយ​មាន​ដៃ​ប្រណម្យ​ ឬ​ធ្វើ​អញ្ជលី​យ៉ាង​ប្រាកដ ។ អ្វី​ដែល​លោក​សាស្ដ្រាចារ្យ​ចង់​បង្ហាញ​គឺ​ដូច​ជា​នៅ​លើ​ព្រះ​សិរសា​របស់​ព្រះ​ជយរាជាទេវី​ ផ្នួងសក់​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ព្រះ​ពោធិសត្វ​ដែល​ប្រកបដោយ​គុណធម៌​ខ្ពស់​ និង​គុណសម្បត្ដិ​ដ៏​មហាសាល​គ្មាន​ទីបំផុត​ គឺ​ដោយសារ​មូលហេតុ​នេះ​ហើយ​ ទើប​បាន​គេ​ឆ្លាក់​ចម្លាក់​ព្រះ​ពោធិសត្វ​អមិតភៈ​មួយ​ពីលើ ។

- Advertisement -

លោក​សាស្ដ្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា​ គឺ​ក្នុង​ករណី​ខាងលើ​នេះ​ហើយ​ដែល​គេ​បាន​ចាត់​ទុក​ថា​ ព្រះ​នាង​គឺជា​ប្រាជ្ញា​បារមិតា​ តាម​ប្រព័ន្ធ​សមីការ​ប្រកបដោយ​ប្រាជ្ញា​សេចក្ដី​វាងវៃ​ដ៏​ធំធេង​មហា​អស្ចារ្យ ។​

គួរ​បញ្ជាក់ថា​ ព្រះ​នាង​ឥន្ទ្រទេវី​ត្រូវជា​បង​របស់​ព្រះ​នាង​ជយរាជាទេវី​ ដែល​ជា​អគ្គមហេសី​ទី​១​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧​ ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​បំផុត​សោយ​ទិវង្គត​ដោយ​រោគាពាធ ៕​

ប្រភពៈ  សាល​អាន ថ្ងៃ​ទី​០៥/០៦/០៩ (​អត្ថបទ​ដកស្រង់​ពី​កាសែត​រស្មី​កម្ពុជា​)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...