ប្រាសាទព្រះគោបុរាណដ្ឋានដ៏ចំណាស់កសាងនៅសម័យចេនឡាក្នុងស្រុកថាឡាបរិវ៉ាត់
ស្ទឹងត្រែងគឺជាខេត្ដមួយដែលស្ថិតនៅតាមជួរភ្នំភាគឦសាននៃប្រទេសកម្ពុជាសម្បូរទៅដោយសម្បត្ដិធនធានធម្មជាតិព្រៃព្រឹក្សាតូច ធំ សត្វព្រៃ ជ្រោះជ្រលងដងអូរ ប្រាង្គប្រាសាទ បុរាណ និងរមណីយដ្ឋាន ។ ចំណែករមណីយដ្ឋានថាឡាបរិវ៉ាត់ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ មានប្រាង្គប្រាសាទជាច្រើនបានរងនូវការបំផ្លាញស្ទើរអស់ គឺសល់តែប្រាសាទព្រះគោមួយដែលខ្ទេចខ្ទាំផ្នែកដំបូលអស់ ប៉ុន្ដែអ្នកស្រុក និងភ្ញៀវទេសចរជិតឆ្ងាយនៅតែនាំគ្នាទៅកំសាន្ដ និងធ្វើការគោរពបូជាចំពោះរូបសំណាកព្រះគោយ៉ាងច្រើនកុះករ ។
ខេត្ដស្ទឹងត្រែងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្ដរតនគិរី ខាងលិចជាប់នឹងខេត្ដកំពង់ធំ ខាងជើងជាប់នឹងខេត្ដព្រះវិហារ និងខាងត្បូងជាប់នឹងខេត្ដក្រចេះ ។ ខេត្ដនេះជាតំបន់មួយដែលមានសម្រស់ធម្មជាតិយ៉ាងល្អត្រកាលក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងមានសម្បត្ដិមរតកវប្បធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង ។ ចំណែករមណីយដ្ឋានថាឡាបរិវ៉ាត់ ចម្ងាយ៤គីឡូម៉ែត្រ ពីទីរួមខេត្ដ បែរមុខទៅទិសខាងកើតមានទំហំប្រមាណ៥០ម៉ែត្រការ៉េ ។ បុរាណដ្ឋានដ៏ចំណាស់នេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស៦៥៧-៦៨១) នាសម័យចេនឡា ដោយមានការកសាងប្រាសាទជាច្រើនសម្រាប់គោរពបូជា ប៉ុន្ដែត្រូវរងនូវការបំផ្លិចបំផ្លាញខ្ទេចអស់ ។
នៅបរិវេណនោះគេសង្កេតឃើញប្រាសាទព្រះគោដែលពួកជនទុច្ចរិតធ្វើការគាស់កកាយស្វែងរកវត្ថុមានតម្លៃក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ត្រូវខូចអស់មួយភាគធំទៅហើយ ដែលកសាងពីឥដ្ឋក្រហមមានទំហំប្រមាណ១០ម៉ែត្រការ៉េ ។ ក្រៅពីសំណង់ប្រាសាទនេះ គេឃើញមានរូបសំណាកឥសីឈរ និងរូបព្រះគោកំពុងដេក ដែលរងការបំផ្លាញអស់មួយផ្នែកនោះត្រូវបានអ្នកទេសចរគ្រប់វ័យនាំគ្នាអុជធូបបួងសួងសុំសេចក្ដីសុខសប្បាយ រកស៊ីមានបាន មានយសស័ក្ដិថ្កុំថ្កើងទៅថ្ងៃអនាគត ដោយពួកគេម្នាក់ៗបានបរិច្ចាកនូវសម្បត្ដិនិងនំចំណីថែមទៀត ។
ទាក់ទិនទៅនឹងប្រាសាទរូបសំណាកព្រះគោនេះ ចាស់ទុំមួយដែលរស់នៅតាមតំបន់នោះបានអះអាងថា នៅសម័យបុរាណមានជំនឿចំពោះបារមីព្រះគោព្រះកែវ ដែលជាអ្នកមានបុណ្យចុះមកចាប់ជាតិនៅឋានកណ្ដាលដើម្បីជួយស្រោចសង់មនុស្សលោកឲ្យរួចចាកផុតពីទុក្ខទោសទាំងពួង ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរុងរឿង ។ លើសពីនេះទៀត ព្រះគោជាយានជំនិះរបស់ព្រះសិវៈ និងជាសត្វពាហនៈដែលជួយរំលែកទុក្ខលំបាករបស់ប្រជាកសិករបានយ៉ាងច្រើននេះហើយដើម្បីជាការដឹងគុណទើបគេកសាងរូបព្រះគោទុកគោរពបូជា ។ ប៉ុន្ដែបើតាមវប្បធម៌អារ្យធម៌ខ្មែររបស់បណ្ឌិត មីសែល ត្រាណេ បញ្ជាក់ថា ព្រះគោជាអ្នកដឹកនាំសាររបស់សាសនិកជនទៅកាន់ព្រះអាទិទេព និងជាសត្វតំណាងនូវសីលធម៌ សុខភាពរាបសាលើសអវតាផ្សេងៗទៀតផង ។
ក្នុងសង្គមខ្មែរ ព្រះគោមានតួនាទីធ្វើឲ្យលេចសមតិកម្មសង្គម ដូចជា បុណ្យទាន សំណង់ស្ថាបត្យកម្មយ៉ាងច្រើននៅតាមប្រាសាទនានា ហើយខ្មែរយើងពីមុនបានចាត់ទុកព្រះគោ ឬក្របីជាទេវតាប្រចាំត្រកូលរបស់ខ្លួនតាំងមុនឥណ្ឌាចូលស្រុកម៉្លេះ ដោយសារមានលក្ខណៈដិតដាមនេះហើយ ទើបគេសង្កេតឃើញបុព្វបុរសយើងកសាងរូបព្រះគោយ៉ាងច្រើននៅតាមខ្លោងទ្វារប្រាសាទ និងរូបចម្លាក់សម្រាប់គោរពបូជាតាំងពីសម័យនគរភ្នំរហូតដល់សម័យមហានគរ ។
រមណីយដ្ឋានថាឡាបរិវ៉ាត់គឺជាកេរដំណែលប្រវត្ដិសាស្ដ្រដ៏ចំណាស់តាំងពីសម័យបុរាណ ហើយបច្ចុប្បន្នកំពុងមានឈ្មោះបោះសំឡេងក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្ដសប្បាយ និងស្វែងយល់ពីស្នាដៃបុព្វបុរសខ្មែរ ។ ក្រៅពីរមណីយដ្ឋាននេះ ខេត្ដស្ទឹងត្រែងមានរមណីយដ្ឋានអូរពងមាន់ កោះខ្សាច់ វត្ដហាំងខូបា និងមានប្រភពទឹកផលិតវារីអគ្គិសនីទាញយកភ្លើងសម្រាប់ប្រើប្រាស់ទៀតផង ៕
ប្រភពៈ សាលអាន ថ្ងៃទី ២៩/១២/០៦ (អត្ថបទដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ