វត្តភូប្រាសាទបុរាណខ្មែរដែលបានបន្សល់ទុកនៅក្នុងទឹកដីឡាវ
វត្តភូគឺជាប្រាសាទបុរាណខ្មែរមួយដែលបានបន្សល់ទុកនៅប្រទេសឡាវ ដែលមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រ ពីព្រំដែនប្រទេសកម្ពុជា ខេត្ដស្ទឹងត្រែង ។ ប្រជាជនខ្មែរអ្នកនេសាទភាគច្រើនដែលបានចូលទៅកម្សាន្ដប្រទេសឡាវ ពុំសូវបានទៅដល់វត្តភូទេ ។ ពួកគេច្រើនតែនាំគ្នាទៅមើលត្រឹមទឹកធ្លាក់ផាផនតែប៉ុណ្ណោះ ។
ប្រាសាទដែលមានលក្ខណៈទ្រុឌទ្រោម និងបាក់បែកនេះ កសាងឡើងនៅចន្លោះទសវត្សរ៍ទី៩ និងទសវត្សរ៍ទី១២ ដែលបុព្វបុរសខ្មែរសម័យនោះ កសាងឡើងដើម្បីរំលឹកដល់ព្រះឥសូរ ។ ប្រាសាទត្រូវបានកសាងឡើងកម្ពស់២០០ម៉ែត្រ ត្រង់ចង្កេះភ្នំមានក្បាច់រចនាបថប្រហាក់ប្រហែលនឹងប្រាសាទបាពួន ។ ប្រាសាទវត្តភូត្រូវបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចប្រាសាទអង្គរវត្ដផងដែរ ។
យោងតាមការសិក្សាស្រាវជ្រាវរបស់លោកមីសែល ត្រាណេ ប្រាសាទវត្តភូជាទីតាំងនៃទីក្រុងបុរាណមួយដែលជាទីក្រុងដើមនៃព្រះរាជាណាចក្រចេនឡា ។ ប៉ុន្ដែក្រោយពីព្រះរាជាណាចក្រមានឱនភាព និងបែកបាក់ បូជនីយដ្ឋានដ៏សំខាន់នេះបានប្រែក្លាយទៅជាវត្ដមួយនៃប្រទេសឡាវ ។
ប្រាសាទវត្តភូ ជាប្រាសាទភ្នំបែរមុខទៅទិសខាងកើត មានរាងជាក្រចាប់សេះ ។ សង់នៅចង្កេះភ្នំដែលមានជណ្ដើរធ្វើអំពីថ្មដារថ្នាក់ៗមានប្រវែង១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អប្រណិត ។ ផ្លូវចូលទៅកាន់តួប្រាសាទដំបូងឡើយមានដាំបង្គោលសិលារៀបជាជួរអមសងខាងលម្អដោយនាគលូន ។ ប៉ុន្ដែបច្ចុប្បន្ននេះ បង្គោលសិលា និងនាគលូនទាំងនោះត្រូវបាក់ដួលរំលំស្ទើរទាំងអស់ ។ តាមផ្លូវចូលមានស្ពាននាគរាជមួយកសាងឡើងសម្រាប់ឧទ្ទិសនាំមនុស្សទៅកាន់វេទឋានដ៏មានមហិទ្ធិឫទ្ធិ ។
ប្រាសាទវត្តភូសាងឡើងគឺតំណាងព្រះសុម៉ែរ ជាទីស្ថានដ៏ពិសិដ្ឋប្រកបដោយសិរីមង្គល ។ ទីប្រាសាទនេះបានតម្កល់នូវព្រះសេវៈលិង្គសម្រាប់ព្រះរាជាខ្មែរគ្រប់សម័យកាល ។
នៅសងខាងជណ្ដើឡើងភ្នំមានដើមចំប៉ីធំៗ ដុះសងខាងផ្លូវយ៉ាងស្រស់ស្អាត ។ ទីតាំងប្រាសាទដែលស្ថិតនៅត្រង់់ចង្កេះភ្នំ នៅទីនោះមានរូបព្រះបដិមាករមួយអង្គធំនៅកណ្ដាលប្រាសាទ ហើយតួប្រាសាទមានការបាក់បែកខ្លះ ប្រហែលជាដោយសារគ្មានការថែទាំ ។ នៅផ្នែកខាងក្រោយប្រាសាទមានទទឹកមួយ ដែលត្រងទឹកចេញមកពីភ្នំហើយហូរមិនចេះឈប់ ។
តាមពិតទៅប្រាសាទវត្តភូនេះសង់នៅពីមុខភ្នំមួយដែលមានឈ្មោះថា «លិង្គបវិរៈ» សារសំខាន់របស់ទីតាំងនេះ ជាពិសេសវត្ដមានរបស់លិង្គធម្មជាតិនេះ ជាប្រភពនៃការសាងសង់ប្រាសាទនេះឡើង ។ បើតាមលោកមីសែល ត្រាណេ លិង្គធម្មជាតិនេះ មានកម្ពស់១៨ម៉ែត្រ ហើយដែលនៅក្រោមភ្នំនោះមានជ្រោះទឹកមួយដែលមានទឹកហូរមិនចេះដាច់ ដែលគេសន្មត់ថាទឹកហូរចេញពីលិង្គនោះមិនដាច់ទេ ។ កុលសម្ព័ន្ធនានាខ្មែរបុរាណបានចាត់ទុកទីតាំងនោះជាទីសក្ការៈគោរពបូជាដ៏ស័ក្ដិសិទ្ធិជាទីបំផុត ។
បុព្វបុរសខ្មែរយើងបានជីកស្រះមានរាងបួនជ្រុងប្រវែងបណ្ដោយ៦០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ នៅពីមុខផ្លូវឡើងទៅប្រាសាទ ។ ស្រះទឹកនេះមិនចេះរីងស្ងួតឡើយគឺអាចប្រើប្រាស់បានគ្រប់រដូវកាល ។ ដែលចំណុចនេះបានបង្ហាញថា ព្រះមហាក្សត្រខ្មែរសម័យនោះមាននយោបាយទឹកយ៉ាងល្អគួរឲ្យស្ញប់ស្ញែងជាទីបំផុត ។
ប្រភពៈ សាលអាន ថ្ងៃទី២០/១១/០៦ (អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ