វិស័យអប់រំនៅសម័យចេនឡា ខ្មែរមានខេមរយានកម្មកាត់ផ្ដាច់ពីសំស្ក្រឹតហើយ
វិស័យអប់រំរបស់កម្ពុជានាសម័យចេនឡាជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ ដែលនៅក្នុងសម័យនោះខ្មែរមានខេមរយានកម្មកាត់ផ្ដាច់ពីសំស្ក្រឹតហើយ ប៉ុន្ដែការអប់រំនៅសម័យនោះ វត្ដអារាម និងប្រាសាទនៅជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដូចសម័យនគរដែរ ។
លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសវប្បធម៌ប្រវត្ដិសាស្ដ្រខ្មែរ បានមានប្រសាសន៍ឲ្យដឹងថា សម័យចេនឡាបានផ្ដើមពីសតវត្សរ៍ទី៧ ដល់សតវត្សទី៨ ដោយយើងមានគម្ពីរសិលាចារិក និងឯកសារសម្បូរបែបឆ្លុះបញ្ចាំងពីសម័យនោះច្រើនជាងសម័យនគរភ្នំ ។ លោកបានបន្ដថា វិស័យអប់រំនៅសម័យចេនឡាមានភាពរីកចម្រើនជាងសម័យនគរភ្នំ ប៉ុន្ដែការអប់រំនៅតែធ្វើឡើងតាមវត្ដអារាម និងប្រាសាទនានាដដែល ។ លោកបានបន្ដថានៅឆ្នាំ៦១៣ រាជាណាចក្រចេនឡាមានអក្សរខ្មែរប្រើប្រាស់ដោយខ្លួនឯងហើយ ។
លោកបន្ដថា នៅទីក្រុងធំៗរបស់ខ្មែរសម័យនោះ មានបីកន្លែងធំៗគឺនៅប្រាសាទសម្បូរព្រៃគុហ៍សព្វថ្ងៃ ថាឡាបរិវ៉ាត់ និងប្រាសាទវត្ដភូនៅប្រទេសឡាវសព្វថ្ងៃនេះ ។ លោកបានបញ្ជាក់ថា ដោយសារតែយើងមានមូលដ្ឋានចំណេះដឹងរឹងមាំដោយខ្លួនឯងហើយ ទើបប្រាសាទសម្បូរព្រៃគុហ៍សព្វថ្ងៃនេះសាងសង់ដោយខ្មែរខ្លួនឯងផ្ទាល់ ។
លោកបណ្ឌិតមីសែល ត្រាណេ បានបន្ដឲ្យដឹងទៀតថា នៅសម័យចេនឡាមានការបែងចែកជាចេនឡាទឹក នឹងចេនឡាដីគោក ។ ចេនឡាទឹកមានភាពទាន់សម័យជាងចេនឡាដីគោក ។ ព្រហ្មញ្ញសាសនានៅតែជាសាសនាចម្បងរបស់រាជាណាចក្រចេនឡា ។ ព្រះពុទ្ធសាសនាជាសាសនាទី២នៅសម័យនោះ ។ លោកបន្ដថា វិស័យអប់រំគឺជាមូលដ្ឋានទាំងអស់នៃសង្គមយើង ប្រាសាទគឺជាមជ្ឈមណ្ឌលប្រពៃណីវប្បធម៌ សីលធម៌ សង្គមសេដ្ឋកិច្ច មិនមែនកន្លែងសម្រាប់តែការគោរពបូជានោះទេ ។
លោកបណ្ឌិតបានបន្ដឲ្យដឹងពីមហាក្សត្រដែលមានស្នាព្រះហស្ដនៅក្នុងសម័យចេនឡា មាន២ព្រះអង្គ គឺព្រះចិត្រសេនមហេទ្ទ្រវរ្ម័ន និងឦសានវរ្ម័ន ។ យោងតាមកម្រងឯកសារស្ដីពីប្រពៃណីទំនៀមទម្លាប់ខ្មែរបានបង្ហាញឲ្យឃើញផងដែរថា សម័យនោះការសិក្សារីកចម្រើនណាស់ដែរ ដោយអ្នកសិក្សាអក្សរសាស្ដ្រសំស្ក្រឹតបានទទួលការសិក្សាខ្ពង់ខ្ពស់ហើយដែរ ។ ក្នុងរាជដំណាក់មានត្រកូលមន្ដ្រីជាន់ខ្ពស់មួយរូបមានការចេះដឹងដ៏ពិសេស បានធ្វើជាប្រធានមន្ដ្រីជាច្រើនរាជ្យតាំងពីរជ្ជកាលព្រះបាទរុទ្រវរ្ម័ន គ្រិស្ដសករាជ៥១៤ រហូតដល់រាជព្រះបាទជ័យវរ្ម័នទី១ គ្រិស្ដសករាជ៦៨១ ។
នៅក្នុងត្រកូលនោះមានមន្ដ្រីម្នាក់ឈ្មោះ សឹង្ហ វីរៈ ជាចិត្រកវីឯកក្នុងរាជឦសានវរ្ម័នគ្រិស្ដសករាជ៦២៦ ។ កាព្យលោកជាកាព្យជើងឯក ។ លោកមានបុត្រមួយឈ្មោះ សឹង្ហ រត្ដ ធ្វើជាគ្រូពេទ្យ ហើយជាអ្នកប្រាជ្ញនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី១ ។ ព្រះរាជាអង្គនេះតែងតាំងលោកជានាយកក្រុងអាឍ្យបុរៈ ។ លោកសឹង្ហ រត្ដ នេះហើយដែលតែងអត្ថបទសិលាចារិកអង្គជំនីក សរសើរបិតាលោកថា «ជាកវីជើងឯកចេះតែងកាព្យដ៏ប្រសើរ ដែលគេផឹកមិនចេះឆ្អែត» ។
ប្រភពៈ សាលអាន ថ្ងៃទី០៨/១១/០៦ (អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ