តាមការរៀបរាប់របស់ លោក សែម ណម អ្នកអភិរក្សប្រាសាទសំបូរព្រៃគុហ៍ កាលពីឆ្នាំ២០០៦ នៅក្នុងរបបខ្មែរក្រហម ប្រាសាទសំបូរត្រូវពួកវាបញ្ជាឲ្យគាស់យកឥដ្ឋទៅធ្វើគុករម្ងាស់ស្ករ បញ្ជាឲ្យគាស់យកផ្ទាំងថ្មបាយក្រៀមជាខឿនប្រាសាទទៅក្រាលថ្នល់ ទៅធ្វើលូទឹក ហើយបញ្ជាឲ្យវាយយកដែកសរសៃនៅអភិរក្សដ្ឋាន(ផ្ទះបារាំង)ទៅធ្វើស្ពាន ។
ក្នុងអំឡុងទសវត្សទី៦០ មានបុគ្គលិកខ្មែរអភិរក្សប្រាសាទតែ៤នាក់ប៉ុណ្ណោះ ដែលមានជនជាតិបារាំងជួយមើលផង ។ នៅក្នុងឆ្នាំ១៩៩៧០ តំបន់ប្រាសាទសំបូរព្រៃគុហ៍គឺជាតំបន់រំដោះស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានខ្មែរក្រហម ពួកវាចាប់ផ្ដើមជម្លៀសបុគ្គលិកទាំងអស់ចេញពីអភិរក្សដ្ឋាន ។ ពេលនោះ ពួកខ្មែរក្រហមបានយកអភិរក្សដ្ឋានដែលជាលំនៅសម្រាប់អ្នកអភិរក្សស្នាក់នៅការពារប្រាសាទ ទៅធ្វើជាកន្លែងច្នៃគ្រាប់ធ្វើមីនសម្រាប់វាយទាហានលន់ នល់ នៅកំពង់ធំ ។
នៅក្នុងអំឡុងឆ្នាំ១៩៧២-១៩៧៣ យន្ដហោះអាមេរិកបានទម្លាក់គ្រាប់បែក បណ្ដាលឲ្យខូចខាតអភិរក្សដ្ឋានតែមួយជ្រុងប៉ុណ្ណោះ ។ ក្នុងអំឡុងឆ្នាំ១៩៧៦-១៩៧៧ និងឆ្នាំ១៩៧៨ ពួកខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនបររទេះគោ រទេះក្របីទៅដឹកយកឥដ្ឋបុរាណក្នុងប្រាសាទទៅធ្វើគុករម្ងាស់ស្ករ បន្ទាប់មកទៀតពួកខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនយករទេះគោ រទេះក្របីមកដឹកយកផ្ទាំងថ្មបាយក្រៀមដែលជាខឿនរបងហ៊ុមព័ទ្ធប្រាសាទ ទៅក្រាលថ្នល់ យកទៅធ្វើលូទឹក ដោយគ្មានស្ដាយស្រណោះឬយល់ពីតម្លៃនៃថ្មប្រាសាទទាំងអស់នោះឡើយ ។ បន្ទាប់មកពួកខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនវាយកម្ទេចអភិរក្សដ្ឋានដើម្បីយកដែកសរសៃទៅកាត់ធ្វើដែកគោលដើម្បីធ្វើស្ពាន ។ ក្រៅពីបំផ្លាញដោយមនុស្ស ប្រាសាទនៅបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយពួកអាមេរិកទម្លាក់គ្រាប់បែកក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ផងដែរ ។
នេះគឺជាស្នាដៃរបស់ពួកខ្មែរក្រហមដែលបញ្ជាដោយបងធំប៉ុលពត ដែលមិនត្រឹមតែសម្លាប់មនុស្សបំផ្លិចបំផ្លាញអ្វីៗទាំងអស់ប៉ុណ្ណោះទេ សូម្បីប្រាសាទដែលចាត់ទុកជាព្រលឹងជាតិក៏ត្រូវបំផ្លាញដែរ ។
ប្រភពអត្ថបទៈ សាលអាន ថ្ងៃទី០១/១១/០៦ (អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
រូបថតរបស់ៈ ឈូកខ្មែរ ថតនៅឆ្នាំ២០០៧
Source: ប្រវត្ដិសាស្រ្ដ