ប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជាបុរាណមានទំហំធំធេងជាងសព្វថ្ងៃ ប្រកបដោយវឌ្ឍនភាពដ៏ត្រចះត្រចង់អស្ចារ្យណាស់ ។ តែទោះជាយ៉ាងនេះក្ដីក៏យើងនៅមិនទាន់ស្គាល់បានគ្រប់ជ្រុងជ្រោយនៃរាល់ចម្លាក់បុរាណនោះឡើយ ។ ជាពិសេសទៀតនោះគឺផ្នែកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនៃសង្គមបុរាណ ។
លោកបណ្ឌិតមីសែល ត្រាណេ អតីតអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ប្រវត្ដិខ្មែរដែលត្រូវបានចងក្រងឡើងតាមរយៈសិលាចារឹកខ្មែរ និងសរសេរជាភាសាខ្មែរនិងសំស្ក្រឹត (បាលី) ព្រមទាំងកំណត់ហេតុចិនចាប់ពីសតវត្សរ៍ទី៣ ដល់ទី៩ នៃគ្រិស្ដសករាជ ពិតជាបានផ្ដល់នូវព័ត៌មានទាក់ទិននឹងសន្ដិវង្សខ្មែរ និងវិស័យជំនឿសាសនាច្រើនជាងវិស័យផ្សេងៗទៀត ។
ទាក់ទិននឹងសិលាចារិកខាងលើនេះ បានធ្វើឲ្យយើងជាកូនខ្មែរ ត្រូវតែបំពេញបន្ដិចម្ដងៗនូវចំណេះដឹងថ្មីជាបន្ថែមទៀតដោយសំអាង និងពឹងផ្អែកទៅលើគំហើញវត្ថុបុរាណដែលគេបានរកឃើញថ្មីៗទៀតក្រោយពីឆ្នាំ១៩៧០មក ។
លោកបណ្ឌិតមីសែល ត្រាណេ បានអធិប្បាយឲ្យដឹងបន្ថែមថា គ្រឿងតុបតែងស្រី្ដរបាំ ឬនាងអប្សរានៃចម្លាក់បុរាណខ្មែរជាច្រើន ដូចជានៅលើប្រាសាទអង្គរវត្ដ និងប្រាសាទបាយ័ន ត្រូវបានអ្នកបុរាណវិទ្យាចាប់អារម្មណ៍តាំងពីសម័យចុងសតវត្សរ៍ទី១៩មកម៉្លេះ ។ ក៏ប៉ុន្ដែវាជាការកម្រណាស់ដែលគ្រឿងសម្អាងកាយទាំងនោះស្ថិតសេ្ថរគង់វង្សរហូតមកដល់សព្វថ្ងៃ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ។
មូលហេតុនៃការបាត់បង់នេះបណ្ដាលមកពីអាកាសធាតុនិងកត្ដាមនុស្សផង ដែលត្រូវបានគេយកគ្រឿងអលង្ការបុរាណភាគច្រើនទាំងនោះធ្វើអំពីមាស ប្រាក់ ស្ពាន់ និងសំរឹទ្ធមកស្លដើម្បីកែច្នៃធ្វើជាវត្ថុ ឬព្រះបដិមាបុរាណជាថ្មីឡើងវិញ ។ ទង្វើនេះហើយដែលបានធ្វើឲ្យមតិមហាជនខ្មែរមួយចំនួន មានការគិតស្មានដោយភ័ន្ដច្រឡំថាគ្រឿងអលង្ការដែលព្រះអាទិទេព ឬអ្នករបាំខ្មែរបុរាណពាក់នោះ គឺពុំមានពិតប្រាកដឡើយ ។ គេយល់ថា គ្រឿងអលង្ការនោះគ្រាន់តែឆ្លាក់ដើម្បីលម្អចម្លាក់បុរាណរបស់ខ្មែរយើងតែប៉ុណ្ណោះ ។
លោកបណ្ឌិត មីសែល ត្រាណេ បានមានប្រសាសន៍ឲ្យដឹងថា ថ្មីៗនេះគេបានរកឃើញក្នុងតំបន់ប្រាសាទអង្គរវត្ដសៀមរាបនូវបន្ដោងខ្សែកពីរធ្វើពីសំរឹទ្ធ ។ បន្ដោងនេះត្រូវបានគេយកទៅលក់នៅហាងលក់វត្ថុអនុស្សាវរីយ៍នៅទីនោះ ។ បន្ដោងខ្សែកទាំងពីរនេះមានរាងមូលដូចចិញ្ចៀន ក៏ប៉ុន្ដែវាមានទម្ពក់ពីរសម្រាប់ព្យួរនឹងខ្សែអំបោះដាក់ទម្លាក់លើដើមទ្រូង ។
លោកបណ្ឌិត មីសែល ត្រាណេ ឲ្យដឹងបន្ថែមទៀតថា តាមការស្រាវជ្រាវយើងអាចដឹងបានថា ក្បាលបន្ដោងខ្សែកនេះមានដាំ «និល» ពណ៌ខ្មៅរលោង ។ បន្ដោងទីមួយមានទំហំ៣គុណ៥សង់ទីម៉ែត្រ និងបន្ដោងទី២មានទំហំ៤សង់ទីម៉ែត្រគុណនឹង៥សង់ទីម៉ែត្រ ។ ក្រៅពីបន្ដោងរបៀបនេះ ក៏មានខ្សែកជារាងផ្កាក្រពុំ គួរជាទីគយគន់យ៉ាងពន់ពេក ។ តាមការធ្វើវិភាគគ្រឿងអលង្ការទាំងនេះអាចនិយាយបានថា វាជានិមិត្ដរូបរបស់ស្ដ្រីភេទ ដោយហេតុថា ក្នុងប្រវត្ដិសាស្ដ្រខ្មែរគេរមែងប្រៀបធៀបស្ដ្រីភេទទៅជា «ផ្កា» ឬបុប្ផាក្រពុំ ។
មានការវិភាគផ្សេងទៀតថា បន្ដោងខ្សែមានរាងផ្កាក្រពុំនេះជានិមិត្ដរូបនៃភាពព្រហ្មចារី ឬភាពបរិសុទ្ធរបស់នារីខ្មែរនាសម័យកាលនោះ ។ លោកបណ្ឌិត មីសែល ត្រាណេ បានមានប្រសាសន៍ថា ការស្រាវជ្រាវឃើញបន្ដោងខ្សែកនេះ គឺជាលើកទីមួយហើយដែលកន្លងមកគេគិតស្មានថា វាជាចិញ្ចៀនតែប៉ុណ្ណោះ ។ ការសន្និដ្ឋានបែបនេះ ព្រោះមនុស្សសាមញ្ញចាប់ពីក្រោយការបែកបាក់រាជធានីអង្គរមក អ្នករបាំខ្មែរឈប់បានប្រើគ្រឿងអលង្ការនេះជារៀងរហូតមក ។
លោកបណ្ឌិត មីសែល ត្រាណេ មានការចាប់អារម្មណ៍ថា ការស្វែងយល់អំពីវប្បធម៌ខ្មែរ គឺត្រូវពឹងផ្អែកទៅលើបុរាណវត្ថុទាំងនោះឯង ។ ប៉ុន្តែបើរបស់ដ៏មានតម្លៃឥតកាត់ថ្លៃបាននេះត្រូវគេជួញដូរដោយខុសច្បាប់ នឹងពុំមានការហាមឃាត់ទេ ប្រទេសយើងពិតជាបាត់បង់នូវភស្ដុតាងនៃឫសកែវប្រវត្ដិសាស្ដ្រជាពុំខានឡើយ ។
លោកបានអំពាវនាវសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចចូលរួមទប់ស្កាត់នូវទង្វើនៃការជួញដូរដោយស្ងាត់ៗបែបនេះឲ្យខាងតែបាន ទើបអាចជួយឲ្យជាតិសាសន៍ខ្មែរនឹងមានភាពរុងរឿងជាថ្មីទៀត ។ ការលើកឡើងនេះក៏ស្របតាមស្មារតីសារាចររបស់រាជរដ្ឋាភិបាលនាពេលកន្លងមកផងដែរ ៕
ប្រភពៈ សាលអាន ថ្ងៃទី២៧/១០/០៦ (អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ