Ultimate magazine theme for WordPress.

- Advertisement -

និមិត្ដរូបព្រះបាទស៊ីសុវត្ថិនៅវត្ដភ្នំដូនពេញ

0 13

រមណីយដ្ឋាន​វត្ដភ្នំ​មាន​កេរដំណែល និង​ស្លាកស្នាម​ប្រវត្តិសាស្ដ្រ​ជា​ច្រើន ដែល​បន្សល់​ទុក​តាំងពី​ការ​កកើត​រាជធានី​ភ្នំពេញ​ដំបូង​ក្នុង​សតវត្សរ៍​ទី​១៤​មក​ម្ល៉េះ ។ ក្នុង​ចំណោម​នោះ រូបសំណាក​ព្រះបាទ​ស៊ីសុវត្ថិ​ដែល​តម្កល់​នៅ​ត្រង់​ចង្កេះ​ភ្នំ​ដូនពេញ​ផ្នែក​ខាងត្បូង​ក៏​ជា​កេរតំណែល​ប្រវត្ដិសាស្ដ្រ​មួយ​ដ៏​សំខាន់​ផង​ដែរ ក្នុង​សម័យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​រាជការ​អាណាព្យាបាល​បារាំងសែស ។ ព្រោះថា​រូបសំណាក​នេះ​ជា​និមិត្ដរូប​នៃ​ការ​ថ្វាយ​បូរណភាព​ទឹកដី​នៃ​ខេត្ដ​សៀមរាប បាត់ដំបង និង​សិរីសោភ័ណ​ ឲ្យ​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ខ្មែរ​វិញ ។

ព្រះបាទ​ស៊ីសុវត្ថិ ត្រូវ​បាន​ក្រុម​ជំនុំ​ធំ​សម្រាប់​ព្រះ​បរមរាជវាំង​រៀបចំ​ពិធី​អភិសេក​ឲ្យ​ឡើង​គ្រងរាជ្យសម្បត្ដិ​ក្នុង​គ្រិស្ត​សករាជ​១៩០៦ បន្ទាប់​ពី​ព្រះបាទ​នរោត្ដម ទ្រង់​ចូល​សុវណ្ណ​គត ។ កាលនោះ​ព្រះបាទ​ស៊ីសុវត្ថិ​មាន​ព្រះ​ជន ៦៤​ព្រះ​វស្សា ។

មុន​ឡើង​គ្រង​រាជសម្បត្ដិ ព្រះបាទ​ស៊ីសុវត្ថិ គឺជា​ស្ដេច​ព្រះ​ឧបរាជ​ដ៏​ក្លាហាន​មួយ​ព្រះ​អង្គ ដែល​មិន​ចេះ​ខ្លាចញញើត​ឡើយ​ចំពោះ​ការ​នាំ​ទ័ព​ទៅ​ធ្វើសង្គ្រាម​បង្ក្រាប​ពួក​បះបោរ (គ.ស​១៨៦១-១៨៨៤) ។ បណ្ដា​ប្រជារាស្ដ្រ​គោរព​ស្រឡាញ់​ព្រះ​អង្គជា​ក្សត្រ​ដែល​មាន​ព្រះ​ទ័យ​ទូលំទូលាយ ចេះ​រាក់ទាក់​និង​យោគយល់​អធ្យាស្រ័យ​ល្អ​ចំពោះ​អ្នកផង​ទាំងពួង ។ ស្នា​ព្រះ​ហស្ដ​របស់​ព្រះ​អង្គ​គឺ​ទ្រង់​បាន​កសាង​វិទ្យាល័យ​មួយ​ស្ថិត​នៅ​ខាងក្រោយ​ព្រះ​បរមរាជវាំង​មាន​ឈ្មោះ​ថា «វិទ្យាល័យ​ស៊ីសុវត្ថិ» វិញ​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ ។

- Advertisement -

ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ក្រៅពី​ទ្រង់​បាន​បង្កើត​ព្រះរាជ​បណ្ណាល័យ​សម្រាប់​តម្កល់​សៀវភៅ​ធម៌ និង​ក្បួនច្បាប់​សម្រាប់​ជន​ទាំងឡាយ​ទៅ​សិក្សា ទ្រង់​បាន​កសាង​សាលា​បាលី​សម្រាប់​បង្រៀន​ព្រះ​ត្រៃបិដក កសាង​សាលា​រចនា និង​សារមន្ទីរ​សម្រាប់​ជន​ទាំងឡាយ​ទៅ​សិក្សា​ពង្សាវតារ ហើយ​និង​បង្កើត​ឲ្យ​មាន​សាលា​ច្បាប់​សម្រាប់​ធ្វើ​រាជការ ។ នៅ​មាន​ព័ត៌មាន​មួយទៀត​សំខាន់​ណាស់ គឺ​កាល​គ្រិស្ដសករាជ​១៩០៧ នគរ​សៀម​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​រាជការ​អាណាព្យាបាល​បារាំង​ប្រគល់​ខេត្ដ​បាត់ដំបង ស៊ីសុផុន និង​សៀមរាប​ មក​ឲ្យ​ខ្មែរ​វិញ បន្ទាប់​ពី​ខេត្ដ​ស្ទឹងត្រែង ម្លូព្រៃ និង​ទន្លេពៅ ត្រូវ​បាន​សៀម​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​ម្ដង​រួច​មក ហើយ​កាលពី​គ្រិស្ត​សករាជ​១៩០៤ ។ គឺ​ដោយសារ​ស្នា​ព្រះ​ហស្ដ​របស់​ព្រះបាទ​ស៊ីសុវត្ថិ​ទាំង​អស់នេះ​ហើយ​ ដែល​នាំ​ឲ្យ​មាន​ការ​ស្ថាបនា​រូបសំណាក​ព្រះ​អង្គ​ខាង​លើ​នេះ​ឡើង​ដើម្បី​ទុក្ខ​ជា​និមិត្ដរូប​តម្កល់​នៅ​ត្រង់​ចង្កេះ​វត្ដ​ភ្នំ​ដូនពេញ ភាគ​ខាងត្បូង​តាំងពី​ពេល​នោះ​មក ។

ប៉ុន្ដែ​រូបសំណាក​ដូចដែល​បានឃើញ​សព្វ​ថ្ងៃនេះ ពុំ​មែន​ជា​រូបសំណាក​ដើម​ទេ គឺជា​រូបសំណាក​ដែល​ទើបនឹង​ចម្លង​ពី​រូប​ដើម តាម​សំណូមពរ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​នៅ​ពាក់កណ្ដាល​ខែមករា​១៩៩៨ ។ រូបសំណាក​ចម្លង​នេះ​សាងសង់​ឡើង​ពី​ស៊ីម៉ងត៍ ។ ចំណែក​រូប​ដើម​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ឯ​សារមន្ទីរ​ជាតិ ដោយ​អ្នកគ្រប់គ្រង​មន្ទីរ​អភិរក្ស​បុរាណវត្ថុ តាំងពី​ក្រោយ​ព្រឹត្ដិការណ៍​ថ្ងៃ​១៨​មីនា​១៩៧០​ម្ល៉េះ ។ រូបសំណាក​នោះ​ធ្វើ​អំពី​ល្បាយ​លោហធាតុ​មាន​ស្ពាន់​ភាគច្រើន​ក្នុង​ឆ្នាំ​១៩០៩ ។

បើ​ពិនិត្យ​ទៅ​លើ​ផ្ទាំង​រូបសំណាក​នេះ​ឃើញ​ថា​នៅ​ចុង​ខាងលើ​បង្អស់​នៃ​ផ្នែក​ខាងឆេ្វង​មាន​សរសេរ​អក្សរ​បារាំង​ពីរ​តួ RF (Republique Francaise) ប្រែ​ថា សាធារណរដ្ឋ​បារាំង ។ នៅ​ពីលើ​តួអក្សរ​នេះ​មាន​ចុង​ដងទង់​ជាតិ​មួយ​តូច​ធ្លាក់​ជា​រាង​ផ្កាម្លិះ​ (ដើម​រុក្ខជាតិ​តូច​មាន​ផ្កា​ស​និង​ក្លិនក្រអូប ។ ដើម​វា​ជា​និមិត្ដរូប​នៃ​ភាព​បរិសុទ្ធ​និង​ផ្កា​វា​ជា​និមិត្ដរូប​នៃ​រាជាធិបតេយ្យ​នៅ​ប្រទេស​បារាំង) ពណ៌​បៃតង ។ ភ្ជាប់់​នឹង​ដង​នេះ គឺជា​ទង់ជាតិ​ប្រទេស​បារាំង​មាន​ពណ៌​ខៀវ ស ក្រហម ដែល​ត្រូវ​បាន​ពល​ថ្មើរជើង​ម្នាក់​កំពុង​ឈរ​វន្ទនាការ​ដោយ​ដៃស្ដាំ​កាន់​កាំភ្លើង​បញ្ឈរ​ស្រប​នឹង​ជើង ហើយ​ដៃ​ធ្វេង​ទាញទង់​ជាតិ​នោះ​ឲ្យ​លាតសន្ធឹង​ពីលើ ។ នៅ​ពីលើ​ទង់​នេះ​ជា​រូប​នាគ​ពណ៌​បៃតង​ និង​ខាងក្រោម​មាន​ផ្ទាំង​ថ្ម​រាង​ចតុកោណ​ចំនួន​៣​ត្រួត​ពីលើ​គ្នា​លម្អ​ដោយ​ក្បាច់​បុរាណ​ខ្មែរ ។ នៅ​ពីលើ​ផ្ទាំង​ថ្ម​មាន​ឆ្លាក់​អក្សរ​បារាំង​ថា «Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon» ប្រែជា​ខ្មែរ​ថា សន្ធិសញ្ញា​បារាំង​សៀម ចុះ​ថ្ងៃ​ទី​១៥​មីនា ១៩០៧ ខេត្ដ​បាត់ដំបង សៀមរាប ស៊ីសុផុន ។ ខាងក្រោម​អក្សរ​ចារិក នេះ​មាន​រូបសំណាក​ជនជាតិ​បារាំង​ដូរូសូ​ដឺគុលសង់ ដែល​ជា​កុងស៊ុល​ប្រចាំ​នៅ​ខេត្ដ​បាត់ដំបង នា​ឆ្នាំ​១៩០៣ (តាម​ឯកសារ​លោក​តូច ឈួង) ។ ចុង​ក្រោយបង្អស់​នៃ​ផ្នែក​ខាងឆេ្វង គឺជា​រូប​ក្បាលដំរី​លេច​ចេញពី​ក្រប​សិលាចារឹក ។ ​ផ្នែក​កណ្ដាល​នៃ​រូបសំណាក​ជា​រាជបល្ល័ង្ក​លម្អ​ដោយ​ក្បាច់​នាគ​ក្បាល​បី ។ ​ព្រះបាទ​ស៊ីសុវតិ្ថ ទ្រង់​ប្រថាប់​ក្រោម​ព្រះ​ស្វេច្ឆត្រ និង​ទ្រង់គ្រឿង​អម្ពរ​ពស្ដ្រា​ជា​ស្ដេច​កំពុង​គ្រងរាជ្យ ។ ​ចំណែក​នៅ​ផ្នែក​ខាងស្ដាំ​វិញ ជា​រូប​នារី​បី​នាក់​មាន​សម្លៀក​បំពាក់​ខុសៗ​គ្នា និង​មាន​កាន់​ពាន​មួយ​ម្នាក់ ។ នារី​ទី​មួយ ​ស្លៀកពាក់​របៀប​រូបចម្លាក់​អប្សរា​នៅ​ប្រាសាទ​អង្គរវត្ដ មាន​កាន់​ពាន​មួយ​តម្កល់​រូបសំណាក​មួយ​ប្រហែលជា​រូប​ប្រាសាទ​ព្រះវិហារ ។ តាម​រយៈ​នេះ​ អ្នកជំនាញ​ខាង​បុរាណវិទ្យា​បាន​សន្និដ្ឋាន​ថា ​រូប​នារី​ទី​១​នេះ​ជា​តំណាង​ឲ្យ​ខេត្ដ​សៀមរាប រីឯ​នារី​ទាំង​ពីរ​ខាងក្រោយ​ តំណាង​ឲ្យ​ខេត្ដ​បាត់ដំបង និង​ស៊ីសុផុន ពីព្រោះ​ខេត្ដ​ទាំង​ពីរ​នេះ​នៅ​ជាប់​នឹង​ប្រទេស​សៀម ហើយ​សម្លៀក​បំពាក់​របស់​នារី​ទាំង​ពីរ​ ក៏​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ស្រី​បម្រើ​ក្នុង​ព្រះរាជវាំង​ប្រទេស​ទាំង​ពីរ (កម្ពុជា-សៀម) ​នា​សម័យ​នោះ​ដែរ ។ នារី​ទី​ពីរ​ មាន​កាន់​ពាន​តម្កល់​ថង់​ត្រា​ពណ៌​បៃតង និង​ត្រា​ពណ៌​លឿង ។ នារី​ទី​បី​ កាន់​ពាន​តម្កល់​ក្លង​ (បំពង់​មាន​គ្រប​ខ្លី​ជាង​ក្លាក់ ធ្វើ​ដោយ​ក្រឡឹង​ដោយ​សិត​ក្លង​ស្ពាន់​ក្លងភ្លុក) ពណ៌​បៃតង សម្រាប់​ដាក់​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ។ នារី​ទាំង​បី​នាក់​ធ្វើ​កាយវិការ​នាំ​ដង្វាយ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ស៊ីសុវត្ថិ ។ ខាងលើ​នៃ​ផ្ទាំង​សិលាចារឹក​នេះ មាន​រូប​នាគ​ពណ៌​បៃតង និង​ខាងក្រោម​ក្បាល​នាគ​ មាន​រូប​ក្បាលដំរី​លេច​ចេញពី​ផ្ទាំងសិលា​នោះ ៕

ប្រភពៈ សាលអាន ថ្ងៃ​ទី​២០/១០/០៦ (អត្ថបទ​ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...