Ultimate magazine theme for WordPress.

- Advertisement -

រមណីយដ្ឋានភ្នំហាន់ជ័យ

0 17

រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ទឹកដី​កំពង់ចាម​រាជធានី​សម័យ​ព្រះបាទ​ពញាយ៉ាត​និង​ព្រះ​ចន្ទរាជា​

អ្នកទេសចរ​ស្ទើរតែ​គ្រប់​វ័យ​បាន​ចំណាយពេល​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ ដោយ​នាំ​គ្នា​មក​ទស្សនា​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ។ រមណីយដ្ឋាន​នេះ​មាន​ធម្មជាតិ​ស្រស់​បំព្រង ខ្យល់អាកាស​បរិសុទ្ធ សំណង់​វត្ដ​អារាម ប្រាសាទ​បុរាណ​ដែល​កសាង​ឡើង​តាំងពី​សម័យ​បុរាណ​មក​ម៉្លេះ​ ហើយ​សព្វ​ថ្ងៃនេះ​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ប្រះ​ស្រាំ​អស់​មួយ​ចំនួន​ទៅ​ហើយ ដោយ​សារ​តែ​ការ​គម្រាមកំហែង​ពី​ធម្មជាតិ សង្គ្រាម​ អាយុកាល ខ្វះ​បច្ចេកទេស​នៃ​ការ​ថែទាំ​… ។ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ អ្នក​សិក្សា​ប្រវត្ដិសាស្ដ្រ និង​អ្នក​បុរាណវិទ្យា​នាំ​គ្នា​ទៅ​ទស្សនា​ និង​សិក្សា​ស្រាវជ្រាវ​ជា​បន្ដបន្ទាប់ ហើយ​ចាត់​ទុក​ទី​នេះ​ជា​អតីត​រាជធានី​ទួលបាសាន ។

រមណីយដ្ឋាន​ហាន់ជ័យ ស្ថិត​នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​ ចម្ងាយ​១៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពង់ចាម​ ដែល​គេ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវគោក ឬ​ផ្លូវទឹក នៅ​ភាគ​ខាងជើង​នៃ​ដង​ទន្លេ​មេគង្គ​ ហើយ​នៅ​លើ​កំពូលភ្នំ​មាន​វត្ដ​អារាម​ព្រះសង្ឃ និង​ប្រាង្គ​ប្រាសាទ​ចាស់​ទ្រុឌទ្រោម​កសាង​តាំងពី​សម័យ​បុរាណ ។ ផ្លូវ​ឡើង​ទៅ​លើ​កំពូលភ្នំ​មាន​កាំជណ្ដើរ​ចំនួន​២៩៥​កាំ​ ដែល​មាន​សភាព​ល្អ​នៅ​ឡើយ នៅ​លើ​ផ្នែក​ខាងត្បូង​ គេ​ឃើញ​មាន​ប្រាសាទ​ចំណាស់​មួយ​សាង​អំពី​ឥដ្ឋតាន់​ទំហំ​៧​ម៉ែត្រ​៤​ជ្រុង កម្ពស់​ប្រមាណ​១២​ម៉ែត្រ ហៅ​ថា «ប្រាសាទ​គុក​ខាងត្បូង» និង​ផ្នែក​ខាងជើង​មាន​ប្រាសាទ​ដែល​ប្រេះស្រាំ​កសាង​ពី​ថ្មភក់​ឈ្មោះ​ថា «ប្រាសាទ​ព្រះ​នាង​ខ្មៅ ឬ ​ប្រាសាទ​គុក​ខាងជើង» ​កសាង​ដោយ​ព្រះបាទ​ឥសាន្ដវរ្ម័ន គ.ស​៦១៣-៦៣៥ ។

ឯកសារ​ខ្លះ​ទៀត​ថា តំបន់​នេះ​គឺជា​អតីត​រាជធានី​ទួលបាសាន នៅ​ពេល​ដែល​សៀម​ធ្វើការ​ឈ្លានពាន​ខ្លាំង​ពេក ព្រះបាទ​ពញាយ៉ាត​ក៏​លើក​រាជធានី​មក​ទី​នេះ​ដើម្បី​ការពារ​សត្រូវ ហើយ​ក្រោយមក​ទៀត​ព្រះ​ចន្ទរាជា (គ.ស​១៥១៦-១៥៦៦) នា​សម័យ​លង្វែក ក៏​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ទី​នេះ ហើយ​ធ្វើការ​រៀបចំ​ទី​អារាម​សម្រាប់​គោរព​បូជា​តាម​បែប​ព្រះពុទ្ធ​សាសនា និង​ពេល​ច្បាំង​ជាមួយ​ព្រះ​ស្ដេច​កន​ដែល​សោយរាជ្យ​នៅ​នគរ​បា​ជ័យ ។​ នៅ​ពេល​ដែល​អ្នកទេសចរ​ឡើង​ទៅ​ដល់​ នឹង​ឃើញ​សំណង់​ទី​អារាម​របស់​ព្រះសង្ឃ មាន​ចេតិយ កុដិ ព្រះ​វិហារ​ធំ ហើយ​មាន​អ្នក​និយម​ទៅ​ធ្វើបុណ្យ​ពេល​ចូល​ឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ​យ៉ាង​អធិកអធម​ទៀត​ផង ។

- Advertisement -

នៅ​ទី​នេះ​មិន​ត្រឹមតែ​មាន​ធម្មជាតិ​ចោល​ម្លប់​ត្រជាក់ ខ្យល់អាកាស​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​អង្គុយ​មើល​ទេសភាព​នៅ​ទីនោះ​យ៉ាង​ស្រស់​ស្អាត ដែល​មាន​ដង​ទន្លេ​មេគង្គ​ដ៏​វែង​អន្លាយ មាន​ទឹក​សស្ងាច​ដាច់​កន្ទុយភ្នែក ជា​ប្រភព​សម្រាប់​ការងារ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​យ៉ាង​ប្រសើរ​ថែម​ទៀត ។ បើ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​របស់​លោក​ត្រឹង ងា បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ​១៣៨២ ព្រះបាទ​បរមរាជា​ចៅ​ពញាយ៉ាត​បាន​លើក​រាជធានី​ទៅ​ទួលបាសាន​ក្នុង​ស្រុក​ស្រីសន្ធរ​មួយ​រយៈ ប៉ុន្ដែ​ក្រោយមក​ដោយសារ​ទឹកជំនន់​ធំ​ធើ្វ​ឲ្យ​លិចលង់​ស្រុកភូមិ​ប្រជារាស្ដ្រ ព្រះ​អង្គ​ក៏​បញ្ជា​ឲ្យ​លើក​រាជធានី​ទួលបាសាន​ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ​ នៅ​លើ​ត្រើយ​ខាងលិច​ទន្លេ​ច្រាប​ឈាម ។

តាម​រយៈ​ចម្លាក់​និង​សំណង់​នៅ​លើ​កំពូលភ្នំ​នេះ​គេ​អះអាង​ថា នៅ​ទី​នេះ​ប្រាកដជា​រាជធានី​ទួលបាសាន​ដែល​ស្ដេច​ពញាយ៉ាត​ស្ថាបនា​ឡើង ខណៈ​ពេល​គេច​ខ្លួន​ពី​ពួក​សៀម​ឈ្លានពាន ការពារ​ទឹកជំនន់ និង​ជា​តំបន់​យុទ្ធសាស្ដ្រ​ការពារ​សត្រូវ​ផង​ដែរ ។ ចំណែក​អ្នកស្រុក​ដែល​រស់​នៅ​ទីនោះ​បញ្ជាក់​ថា នៅ​រដូវ​ភ្ជុំបិណ្ឌ​មាន​ពុទ្ធបរិស័ទ​ច្រើន​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កំសាន្ដ​ទីនោះ​ ដោយ​មធ្យោបាយ​ទូក កាណូត​ ពិសេស​ទៅ​វត្ដ​ជី​ធំ​ក្បែរ​ជើងភ្នំ​ដែល​មាន​ព្រះអង្គ​បារមី​ខ្លាំង កូនចៅ​អ្នកស្រុក​កាលណា​មាន​ជំងឺ​គេ​ឧស្សាហ៍​ទៅ​បន់​លាបំណន់ និង​ច្រើន​ជា​សះស្បើយ លុះ​ដល់​ពេល​សម​ប្រកប​ហើយ​ក៏​មក​ធ្វើ​ពិធី​លាបំណន់ ។

រមណីយដ្ឋាន​ហាន់ជ័យ​ដែល​សង់​នៅ​លើ​កំពូលភ្នំ គឺ​មាន​អំណោយផល​ធម្មជាតិ​យ៉ាងច្រើន​ទាំង​ភ្ញៀវ​ទេសចរ​ទស្សនា និង​ពុទ្ធបរិស័ទ​ទៅ​គោរព​បូជា​នៅ​ទីនោះ​ ដែល​ជា​អតីត​រាជធានី​ដ៏​ចំណាស់​មួយ​របស់​ជាតិ​សាសន៍​ខ្មែរ ព្រោះ​មាន​បន្សល់​ទុក​នូវ​ស្លាកស្នាម​កេរដំណែល ប្រវត្តិសាស្ដ្រ​ជា​ច្រើន​ទៀត​ផង ។ បច្ចុប្បន្ន​រមណីយដ្ឋាន​នេះ​បាន​ក្លាយ​ទៅជា​ទី​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ និង​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ផង ព្រមទាំង​ជាទី​សក្ការៈ​របស់​ប្រជាពលរដ្ឋ​ទៅ​ធើ្វ​បុណ្យ​ទាន​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ផង ។ ក្រៅពី នេះ​ខេត្ដកំពង់ចាម​ជា​ទឹកដី​អតីត​រាជធានី មាន​រមណីយដ្ឋាន​ជា​ច្រើន​ទៀត ដូច​ជា​រមណីយដ្ឋាន​ព្រះធាតុ​ ទឹកឆា កែ​ច្នៃ​ទឹកឆា ភ្នំប្រុស​ភ្នំស្រី ប្រាសាទ​ព្រៃនគរ​ក្នុង​-​ក្រៅ វត្ដ​ព្រះធាតុ​ ថ្មដា …​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ៕​

ប្រភពៈ  ​សាលអាន ថ្ងៃ​ទី​២៨/០៨/០៦ (អត្ថ​ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...