សំណង់ប្រាសាទបុរាណយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបុព្វបុរសយើងកសាងឡើងពាសពេញផ្ទៃប្រទេសតាំងពីសម័យបុរាណ ហើយបន្សល់ទុករហូតដល់សព្វថ្ងៃបានក្លាយទៅជាសម្បត្ដិ មរតកវប្បធម៌ដ៏មហាសាលក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលមកទស្សនា ។
សំណង់ស្ថាបត្យកម្មទាំងនេះភាគច្រើនគឺដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ រាជវង្សានុវង្ស ជាមន្ទីរពេទ្យ សាលាដំណាក់ រាជធានីនៃសម័យកាលនីមួយៗ និងខ្លះទៀតសម្រាប់ការពារសត្រូវឈ្លានពាន ។ ចំណែកប្រាសាទតាព្រហ្ម មេបុណ្យខាងលិច មេបុណ្យខាងកើត បន្ទាយស្រី គឺកសាងឡើងដើម្បីតបស្នងសងគុណចំពោះមាតារបស់ព្រះរាជាលុបលាងបាបកម្ម ក៏ដូចជាការដឹងគុណចំពោះស្ដ្រីដែលបានរួមចំណែកក្នុងសង្គមជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។
ដោយសារសង្គមខ្មែរគោរពរបបមាតាធិបតេយ្យតាំងពីដើមសតវត្សទី១មកម៉្លេះ ហើយព្រះនាងលីវ យី ជាមហាក្សត្រីយានីគ្រប់គ្រងប្រទេសជាតិបានធ្វើឲ្យឥទិ្ធពលរបស់ស្ដ្រីចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតមនុស្សស្ទើរគ្រប់វ័យ និងបានឲ្យតម្លៃស្ដ្រីតាមរយៈពាក្យពេចន៍ប្រើប្រាស់ប្រចាំថ្ងៃដោយពាក្យ «មេ» នាំមុខ ។ ចំណែកឯក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ប្រពៃណីជំនឿ សិល្បៈ សំណង់ស្ថាបត្យកម្ម…សុទ្ធតែបញ្ជាក់ពីភាពឈ្លាសវៃ អង់អាចក្លាហាន សិរីសួស្ដីជ័យមង្គលរបស់ស្ដ្រីគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ ។
ភស្ដុតាងនៃសំណង់ប្រាសាទដែលរំលឹកពីជ័យមង្គលរបស់ស្ដ្រីចំពោះក្រុមគ្រួសារ និងសង្គមជាតិមានប្រាសាទមេបុណ្យខាងកើត ស្ថិតនៅភូមិសាស្ដ្រខេត្ដសៀមរាបដែលសង់នៅកណ្ដាលកោះនៃបារាយណ៍ខាងកើតចម្ងាយ៥០០ម៉ែត្រ ពីប្រាសាទប្រែរូប កសាងឡើងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ននាសតវត្សទី១០សម័យមហានគរ ឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា និងបង្ហាញពីប្រភពទឹកសម្រាប់របរកសិកម្មរបស់ប្រជាពលរដ្ឋ ។
ប្រាសាទមេបុណ្យខាងកើត សង់លើដីរាបស្មើ៤ជ្រុង ឆ្លាក់ជារាង៤ជ្រុងស្មើ ក្នុងមួយជ្រុងមានប្រវែង ១០០ម៉ែត្រ សង់ពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ មានចម្លាក់ល្អឆើតឆាយ សិលាចារឹកបញ្ជាក់ថា ព្រះបាទរាជេឥន្ទ្រវរ្ម័នឲ្យសាងសង់នេះដើម្បីបញ្ជាក់ថា ព្រះអង្គជាស្ដេចដ៏អស្ចារ្យក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង ។ ក្នុងបារាយណ៍ទឹកថ្លាភាគខាងលិច បុព្វបុរសយើងក៏បានកសាងប្រាសាទមួយទៀតឈ្មោះថា «ប្រាសាទមេបុណ្យខាងលិច» នៅលើកោះដែរ ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនាតំណាងឲ្យការងារកសិកម្ម ព្រោះនៅជុំវិញប្រាសាទ មានអាងស្ដុកទឹកនិងមានប្រឡាយមេសម្រាប់បញ្ចេញបញ្ចូលទឹកបានគ្រប់រដូវ ហើយប្រាសាទនេះកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១១ សម័យមហានគរ ហើយបើអ្នកទេសចរចង់ទៅទស្សនាទីនោះ លុះត្រាតែជួលកាណូតជិះទើបដល់ដោយឆ្លងកាត់លំហទឹកដ៏ធំធេង ប៉ុន្ដែប្រាសាទនេះមានបាក់បែកអស់មួយចំនួនទៅហើយ ។
ចំណែកប្រាសាទមេបុណ្យមួយទៀតស្ថិតនៅស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងសតវត្សទី១២ សម័យមហានគរ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះមាតារបស់ព្រះអង្គដែលកើតទុក្ខខ្លាំងធ្លាក់ព្រះកាយប្រឈួនខណៈពេលដែលព្រះអង្គចេញទៅធ្វើសឹកសង្គ្រាមរហូតសោយទីវង្គត ។ នៅពេលព្រះអង្គដណ្ដើមបានជ័យជំនះក្នុងសឹកសង្គ្រាម ហើយមានការសោកស្ដាយចំពោះព្រះមាតាក៏បញ្ជាឲ្យពលសេនាកសាងប្រាសាទនេះឡើងដើម្បីតបស្នងសងគុណចំពោះព្រះមាតាដែលមានរូបរាងដូច មឈូស គូទឹកព័ទ្ធជុំវិញ ស្ថិតនៅកណ្ដាលព្រៃស្ងាត់ជ្រងំមិនសូវមានមនុស្សចេញចូលទេ ព្រោះមានជំនឿថា ទីនោះមានបារមីស័កិ្ដសិទ្ធ សព្វថ្ងៃប្រាសាទនេះរងនូវការបំផ្លិចបំផ្លាញអស់មួយភាគធំទៅហើយ ។
ចំពោះប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ចម្ងាយប្រមាណ៣២គីឡូម៉ែត្រ ពីទីរួមខេត្ដសៀមរាប កសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៥ អំឡុងសតវត្សទី១០ ដែលសង់លើដីរាបស្មើមានក្បាច់ចម្លាក់រស់រវើកធ្វើពីថ្មភក់ពណ៌កូលាប កំពែង៣ជាន់ គូទឹកព័ទ្ធជុំវិញ ប្រាសាទនេះរងការបំផ្លិចបំផ្លាញអស់មួយចំនួនទៅហើយ ប៉ុន្ដែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរទៅទស្សនាយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ ។ គោលបំណងនៃការកសាងប្រាសាទនេះគឺដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា ប៉ុន្ដែគេដាក់ឈ្មោះថា «បន្ទាយស្រី» ទំនងជាចង់រំលឹកដល់ទីកន្លែង និងគំរូវីរភាពរបស់ស្ដ្រីក្នុងបុព្វហេតុសង្គមជាតិ ៕
ប្រភពៈ សាលអាន ថ្ងៃទី២៣/០៨/០៦ (អត្ថបទដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ