នាសម័យវប្បធម៌បាយ័ននៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យដែលរួមមានទាំងល្បែងប្រជាប្រិយផ្សេងៗផង ។ ភាពរុងរឿងថ្កុំថ្កើងនេះអាចឆ្លុះបញ្ចាំងតាមរយៈចម្លាក់លើជញ្ជាំងប្រាសាទឬសំណង់ថ្មផ្សេងៗដែលពាក់ព័ន្ធទៅនឹងប្រពៃណីនៅព្រះបរមរាជវាំងបុរាណដូចជា ព្រលានជល់ដំរីជាដើម ។
ក្រៅពីចម្លាក់ទាក់ទិនទៅនឹងចម្បាំង គេឃើញនៅជ្រុងមួយនៃព្រលានជល់ដំរីក្បែរព្រលានព្រះគម្លង់ គឺមានចម្លាក់មួយចំនួន ស្ដីពីល្បែងវាយកូនឃ្លីដោយប្រើសេះធ្វើជាជំនិះសម្រាប់លេង ។ ពិតណាស់ហើយថា នាសម័យអង្គរដ៏បវរ ល្បែងរបាំនេះត្រូវបានប្រព្រឹត្ដឡើងក្នុងពេលបុណ្យទានផ្សេងៗនៅមុខព្រលានជល់ដំរីដែលជាកន្លែងមានប្រជាជនមកលេងកំសាន្ដយ៉ាងកុះករ ក៏ប៉ុន្ដែការវិវឌ្ឍន៍នៃប្រវត្ដិសាស្ដ្រដ៏អភ័ព្វពុំបានអនុញ្ញាតឲ្យល្បែងប្រជាប្រិយនេះមានជីវិតរស់រានរហូតបន្ដដល់បច្ចុប្បន្ននេះឡើយ ។
ទិដ្ឋភាពដ៏អធិកអធមនេះគ្រាន់តែនៅសល់ស្លាកស្នាមលើជញ្ជាំងថ្មនៃខឿនព្រលានដំរីតែប៉ុណ្ណោះ ។ ដោយហេតុថា ចម្បាំងមិនឈប់ឈរ និងអសន្ដិសុខក្នុងតំបន់ដែលបង្កឡើងដោយបរទេសជិតខាងបានធ្វើឲ្យប្រពៃណីល្បែងវាយកូនឃ្លីជិះសេះនេះត្រូវរលត់រលាយជាយថាហេតុ ។ លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានមានប្រសាសន៍ឲ្យដឹងថា តាមរយៈនៃការស្រាវជ្រាវរបស់យើងអាចធ្វើឲ្យឃើញនូវល្បែងវាយកូនឃ្លីជិះសេះនេះមានលក្ខណៈប្រហាក់ប្រហែលនឹងល្បែងប៉ូឡូនៅប្រទេសអឺរ៉ុបដូច្នោះដែរ ព្រោះល្បែងទាំងពីរនេះមានជិះសេះដូចគ្នា ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា សកម្មភាពលេងល្បែងប្រជាប្រិយក្នុងព្រះរាជធានីខ្មែរនាសម័យកាលកន្លងមកខាងលើបានបង្ហាញច្បាស់ថា ទំនាក់ទំនងខាងវប្បធម៌ខ្មែរនិងបរទេសពិតជាមានភាពជិតស្និទ្ធផងដែរ ដោយរួមផ្សំនឹងកម្រិតវប្បធម៌ដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូររបស់សង្គមខ្មែរបុរាណផង ។ ល្បែងវាយកូនឃ្លីនេះពុំមែនជាល្បែងរបស់ពួកក្រុមអភិជននៅជុំវិញព្រះមហាក្សត្រនោះទេ តែក៏ជាល្បែងប្រជាប្រិយសម្រាប់មនុស្សទូទៅដោយត្រូវប្រើសត្វសេះជាច្រើនក្បាល ។ ល្បែងនេះបានទាក់ទាញទស្សនិកជនយ៉ាងច្រើនសម្បើមណាស់ ជាក់ស្ដែងពេលលេងម្ដងៗមានអ្នកចូលរួមពីទីជិតឆ្ងាយដ៏ច្រើនកុះករពេញបរិវេណនៃព្រលានជល់ដំរីដ៏ធំនេះ ។
លោកបណ្ឌិត មីសែល ត្រាណេ បានពណ៌នាឲ្យដឹងពីលក្ខណៈលេងល្បែងវាយកូនឃ្លីជិះសេះនេះថា បើយោងតាមចម្លាក់ គឺអ្នកលេងដៃម្ខាងកាន់ឈើមួយវែងមានក្បាលរាងកោងសម្រាប់វាយកូនឃ្លី ឯដៃមួយទៀតកាន់ក្បាលសេះ ។ ពួកគេជាអ្នកលេងល្បែងមានទឹកមុខក្លៀវក្លាអង់អាចអស្ចារ្យ រួមទាំងបង្ហាញពីទេពកោសល្យខ្ពស់របស់ពួកគេផងដែរ ៕
ប្រភពៈ សាលអាន ថ្ងៃនេះ ០៦/១០/០៤ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ