Ultimate magazine theme for WordPress.

- Advertisement -

រមណីយដ្ឋានបាក់ត្រាប្រវត្ដិសៀមវាយលុកលង្វែក

0 14

ភ្នំ​បាក់ត្រា គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រងឹល ស្រុក​ភ្នំក្រវាញ ខេត្ដ​ពោធិ៍សាត់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៦ មាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ពោធិ៍សាត់ ។ តាម​ប្រសាសន៍​លោកតា រ័ត្ន សាន ជា​ព្រឹទ្ធាចារ្យ​មាន​អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​បាក់ត្រា ឃុំ​ព្រងឹល ស្រុក​ភ្នំក្រវាញ បានឲ្យ​ដឹង​ថា កាលពីដើម​ឡើយ​ភ្នំ​នេះ​គឺ​មានឈ្មោះ​ថា ភ្នំ​ដំរី ព្រោះ​ភ្នំ​នេះ​មាន​ដំរី​រស់នៅ​ច្រើន​ណាស់ ហើយ​ក៏​ជា​កន្លែង​សម្រាប់​ផ្សាំង ​(បង្ហាត់) ​ដំរី​ផង​ដែរ ។

សូម​បញ្ជាក់ថា នៅ​ភ្នំ​ដំរី​នេះ គឺ​មាន​ដើម​ចំបក់​ចម្លែក​មួយ​ដើម​មាន​សម្បក​រាង​អង្កាញ់ៗ ខុស​ប្លែក​ពី​ដើម​ចំបក់​ធម្មតា ហើយ​ជា​កន្លែង​សម្រាប់​ផ្សាំង​ដំរី បាន​ន័យ​ថា ដំរី​ដែល​គេ​ទាក់​បាន​ពី​កន្លែង​នានា​មក គឺ​គេ​យក​មក​បង្ហាត់​នៅ​ត្រង់​ដើម​ចំបក់​ចម្លែក​នោះ​ទាំងអស់ ។ ក្នុង​ឆ្នាំ​១៥៨៦ នៅ​ក្នុង​រជ្ជកាល​ស្ដេច​ព្រះ​ជ័យចេស្ដា ប្រទេស​កម្ពុជា​យើង​មាន​សង្គ្រាម​ជាមួយ​សៀម ពេល​នោះ​ពួក​ទ័ព​សៀម​បាន​ធ្វើការ​ឡោម​ព័ទ្ធ​បន្ទាយលង្វែក​អស់​រយៈពេល​បី​ខែ ហើយ​ក៏​បាន​សំរុកចូល​កម្ទេច​បន្ទាយលង្វែក​តែ​ម្ដង ។ បន្ទាប់​ពី​កម្ទេច​បន្ទាយលង្វែក​បាន​ហើយ ទ័ព​សៀម​ក៏​ដកថយ​ត្រឡប់​ទៅ​ស្រុក​វិញ ។ ពេល​នោះ​ស្រាប់តែ​ជួប​ជាមួយ​ព្រះ​ជ័យចេស្ដា ព្រមទាំង​ពលរេហ៍​ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ភ្នំ​ដំរី ហើយ​ក៏​ប្រយុទ្ធ​គ្នា​ម្ដងទៀត​ជាមួយ​ទ័ព​សៀម​ ដោយ​ទប់ទល់​នឹង​កងទ័ព​សៀម​មិន​បាន​ក៏​នាំ​គ្នា​ភៀសខ្លួន​ទៅ​នៅ​ខេត្ដក្រចេះ​មួយ​រយៈ​គឺ​ឆ្នាំ​១៥៩៣ ។​

- Advertisement -

លុះ​បាន​ទៅ​ដល់​ខេត្ដក្រចេះ​ហើយ ព្រះបាទ​ជ័យចេស្ដា​ក៏​សួរ​រក​ត្រា ហើយ​អ្នក​កាន់​ត្រា​បាន​ទូល​ប្រាប់​ព្រះ​អង្គ​ថា «ក្រាបទូល​ត្រា​នោះ​ជ្រុះ​បាត់​ហើយ គឺ​ជ្រុះ​បាត់​នៅ​ភ្នំ​ដំរី ក្នុង​ខេត្ដពោធិ៍សាត់» ។ ដូច្នេះ​ហើយ​ទើប​អ្នកស្រុក​នាំ​គ្នា​ប្ដូរ​ឈ្មោះ​ពី​ភ្នំ​ដំរី​មក​ជា​ភ្នំ​បាត់​ត្រា ប៉ុន្ដែ​ក្រោយមក​ពាក្យ​នេះ​ក៏​បាន​ក្លាយ​មក​ជា​ភ្នំ​បាក់ត្រា​វិញ ។ រីឯ​នៅ​ចង្កេះ​ភ្នំ​បាក់ត្រា​មាន​អណ្ដូង​មួយ​មាន​ឈ្មោះ​ថា អណ្ដូង​ជ្រោះ​ជ្រៅ​ ដែល​អណ្ដូង​នោះ​មាន​ទឹក​ជាប់​ជា​និច្ច​គ្រប់​រដូវ​កាល​ជា​បច្ច័យ​ល្អ​ដល់​កងទ័ព​ដែល​បាន​ធើ្វ​សឹកសង្គ្រាម​នៅ​ក្នុង​សម័យ​រជ្ជកាល​នោះ ហើយ​បច្ចុប្បន្ន អណ្ដូង​ក៏​នៅ​មានទឹក​សម្រាប់​អ្នកស្រុក​ប្រើប្រាស់​បាន​យ៉ាង​បរិបូណ៌​ទៀត​ផង ។​

បច្ចុប្បន្ន​ភ្នំ​បាក់ត្រា​ត្រូវ​បាន​គេ​រៀបចំ​យ៉ាង​ស្អាត​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ដ​ដោយ​មាន​សំណង់​អាសនៈ​ជា​ច្រើន​កន្លែង​សម្រាប់​អុជ​ទៀន​ធូប មាន​ផ្ទាំង​ថ្ម​ធំៗ​ ម្លប់ឈើ​ត្រឈឹងត្រឈៃ ទីធ្លា​ទូលាយ​សម្រាប់​ចត​រថយន្ដ​ម៉ូតូ ពិសេស​បាន​ធ្វើ​កាំជណ្ដើរ​ឡើង​រហូត​ដល់​លើ​ទៀត​ផង ៕

ប្រភពៈ សាលអាន ថ្ងៃទី ១០/១១/០៤ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...