Ultimate magazine theme for WordPress.

- Advertisement -

ស្លាកស្នាមមន្ទីរពេទ្យកសាងដោយព្រះបាទជ័យវរ្ម័នទី៧

0 16

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​បុរាណ​វិទូ​បានឲ្យ​ដឹង​ថា វិស័យ​សុខាភិបាល​ខ្មែរ​នា​សម័យ​វប្បធម៌​បាយ័ន​ដែល​ស្ថិត​ក្នុង​រជ្ជកាល​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ឆ្នើម​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នា​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ គឺ​ការ​បង្កើត​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ប្រជារាស្ដ្រ​ដល់​១០២​កន្លែង​ឯណោះ ។​

ការ​បង្កើត​សេវា​សុខភាព​ជា​គម្រោង​ឧបត្ថម្ភ​សាងសង់​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ពុំ​ត្រឹមតែ​មាន​ក្នុង​រង្វង់​ទីក្រុង​អង្គរធំ​នៅ​ខេត្ដ​សៀមរាប​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សំណង់​នេះ​បាន​កើត​មាន​គ្របដណ្ដប់​នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​ខ្មែរ​បុរាណ​ទៀត​ផង ។ មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ឬ​ហៅ​តាម​ពាក្យ​សំស្ក្រឹត​បុរាណ «អរោគសាលា» ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា កើត​មាន​តាំងនៅ​ទីប្រជុំជន​ក៏​ដូច​ជា​នៅ​តាម​ស្រុកភូមិ​ជិត​ឆ្ងាយ​ដាច់​ស្រយាល​ជាមួយនឹង​ការ​ផ្ដល់​សេវា​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​យ៉ាង​រស់​រវើក​ថែម​ទៀត ។​

លោក​បណ្ឌិត​មីសែល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​នៅ​សម័យ​ព្រះ​មហាក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន​ដល់​ចំនួន​១០២​កន្លែង ។ លោក​បណ្ឌិត​មីសែល ត្រាណេ​ បាន​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​បុរាណ​វិទូ​បរទេស​ក៏​ដូច​ជា​បុរាណ​វិទូ​ជនជាតិ​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​តាម​ភូមិ​ស្រុក​ណា​មាន​ប្រព័ន្ធ​ព្យាបាល​ជំងឺ គេ​ឃើញ​មាន​អគារ​ធំៗ​ឬ​ប្រាង្គ​មួយ​ដែល​សាងសង់​ដោយ​ថ្មបាយក្រៀម ។ ក្នុង​អគារ​ព្យាបាល​ជំងឺ​ទាំងនោះ​មាន​តម្កល់​រូបចម្លាក់​ដ៏​ពិសិដ្ឋ​គឺ​ព្រះ​ភៃសជ្យគុរុ​វៃទុរ្យប្រទា​ និង​ព្រះពុទ្ធ​វជ្រធរ​សម្រាប់​ជាទី​គោរព​សក្ការៈ​ដ៏​ស័ក្ដិសិទ្ធិ ។ ក្រុម​អ្នក​បុរាណ​វិទូ​បាន​កត់សម្គាល់​ទៀត​ថា រាល់​ប្រាង្គ​មន្ទីរពេទ្យ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម​និង​មាន​ស្រះ​ទឹក​មួយ​ផង​ដែល​ជា​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​ជា​អចិន្ដ្រៃយ៍ ។ ​ក្នុង​បរិវេណ​ប្រាង្គ​ប្រាសាទ មន្ទីរ​ព្យាបាល​ជំងឺ​មួយៗ​ដែល​ស្ថិត​នៅ​ក្បែរ​គឺ​សុទ្ធសឹងតែ​មាន​សំណង់​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​ឬ​ស្លឹក ។​

- Advertisement -

ចំពោះ​ពាក្យ​ព្រះ​ភែសជ្យគុទុវៃរ្យប្រទា​មាន​ន័យ​ថា គ្រូថ្នាំ​មាន​ពន្លឺ​ដូច​ជា​កែវ ដូច​ជា​ពាក្យ​វៃទុរ្យ គឺ​ព្រះពុទ្ធ​អង្គ ។ តាម​ការ​សិក្សា​នៃ​ខាង​ព្យាបាល​ដែល​ចារ​លើ​សិលាចារឹក បានឲ្យ​ដឹង​ថា នៅ​គ្រប់​មន្ទីរពេទ្យ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​មានការ​ដឹកនាំ​ចាត់ចែង​យ៉ាង​ច្បាស់លាស់​ម៉ត់ចត់ ។ មណ្ឌល​សុខភាព​មួយៗ​មាន​បុគ្គលិក​អ្នក​ព្យាបាល​ជំងឺ​ផង​និង​មាន​អ្នក​ជំនួយការ​ផង ។ ក្រៅពី​នោះ​នៅ​មាន​បញ្ជី​ស្បៀង ផ្ដល់​ដល់​អ្នកជំងឺ ព្រមទាំង​ឱសថ​បុរាណ​ផង​ដែរ ។​

លោក​បណ្ឌិត​មីសែល ត្រាណេ​ បានឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ​សុខាភិបាល​នា​សម័យ​វប្បធម៌​បាយ័ន​របស់​សហគមន៍​ខ្មែរ​ក្នុង​អតីត​ព្រះរាជា​ណាចក្រ​កម្ពុជា​ទាំងមូល​មាន​ទំនាក់ទំនង​ល្អ​រវាង​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​នៅ​ទីក្រុង​ក៏​ដូច​នៅ​ជនបទ​ដែល​ការ​រៀបចំ​គ្រប់គ្រង​ពិនិត្យ​យ៉ាង​ពេញ​ព្រះទ័យ​​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ដោយហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព្រះ​កិត្ដិនាម​ស្ដេច​អង្គ​នេះ​មាន​ប្រជាប្រិយភាព​ខ្ទរខ្ទារ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ទាំង​នៅ​លើ​ពិភពលោក ៕​

ប្រភពៈ សាលអាន ថ្ងៃទី ១២/១១/០៤ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...