Ultimate magazine theme for WordPress.

- Advertisement -

ឧដុង្គក្រុងចាស់មានវត្ដមិនតិចជាង១០០

0 15

នរណា​ក៏​ដឹង​ដែរ​នា​សតវត្សរ៍​ទី​១៧ និង​១៨ ឧដុង្គ​ជាទី​តាំង​រាជធានី ប៉ុន្ដែ​សម័យ​សព្វថ្ងៃ​ទឹកដី​រាជធានី​ឧដុង្គ​បាន​ស្ថិត​ក្នុង​ខេត្ដកំពង់ស្ពឺ​មួយ​ផ្នែក​និង​ខេត្ដកណ្ដាល​មួយ​ផ្នែក ប៉ុន្ដែ​ពួក​គេ​មិន​បានដឹង​ទេ​ថា ទឹកដី​នេះ​មាន​វត្ដ​មិន​តិច​ជាង​១០០​ឡើយ​ ហើយ​ក៏​សុទ្ធតែ​ជាវត្ត​បុរាណ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ទៀត​ផង ។ ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ឧដុង្គ គេ​នឹង​ឃើញ​មាន​វត្ដ​អារាម ស្ទើរ​តែ​គ្រប់​ច្រកល្ហក​ដែល​កន្លែង​ខ្លះ​នៅ​ក្បែរៗ​គ្នា​ប្រមាណ​ជា​៣០០​ទៅ​៤០០​ម៉ែត្រ មាន​វត្ដ​មួយ​គ្រាន់តែ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ភ្នំ​អដ្ឋរស្ស​មាន​វត្ដ​ប្រមាណ​ជិត​១០​ទៅ​ហើយ ។​ ការ​ដែល​ទឹកដី​បុរាណ​នេះ​សម្បូរ​វត្ដ​អារាម​បែប​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ងឿងឆ្ងល់​ថា អ្នកស្រុក​ទៅ​វត្ដ​ណាខ្លះ​បើ​មាន​វត្ដ​ច្រើន​ ហើយ​ការ​កសាង​វត្ដ​អារាម​ក្នុង​សភាព​បែប​ណា ?

តាម​ការ​រៀប​រាប់​របស់តា ជិម ឆុន ​អាយុ​៦០​ឆ្នាំ​ ជា​គណៈកម្មការ​អាចារ្យវត្ដ​ចតុទ្ទិស​ដែល​អ្នក​ភូមិ​ស្រុក​នៅ​ទីនោះ​ចាត់​ទុកជា​វត្ដ​ចាស់​បុរាណ​រាប់រយ​ឆ្នាំ គឺ​តាំងពី​ជំនាន់​ព្រះបាទ​អង្គ​ដួង ទ្រង់​គ្រងរាជ្យ​នៅ​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នៅ​លើ​ទឹកដី​ឧដុង្គ​សម្បូរ​ទៅ​ដោយ​វត្ដ​អា​រាម​នោះ តាម​ចាស់ៗ​ដំណាល​ត​គ្នា​មក​ថា​ ព្រោះតែ​កាលពីដើម​ជា​អតីត​រាជធានី ហើយ​ដោយសារ​កាលពី​សម័យ​នោះ ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​កលិយុគ​ញឹកញាប់​ដោយសារ​សត្រូវ​ចូលលុក​លុយ ទើប​ព្រះមហាក្សត្រ​បាន​ធ្វើការ​បួងសួង​បន់ស្រន់​សុំ​ឲ្យ​ប្រទេស​ជាតិ​បាន​ក្ដី​សុខ​និង​ឈ្នះ​លើស​ត្រូវ នឹង​កសាង​វត្ដ​ចំនួន​១០០ សម្រាប់​គោរព​សក្ការបូជា ។ ក្រោយមក សត្រូវ​ក៏​បាក់​បក​ខ្លបខ្លាច និង​រត់​ខ្ចាត់ខ្ចាយ​ ប្រទេស​ជាតិ​បាន​សុខ​ប្រាកដ​មែន ទើប​ព្រះមហាក្សត្រ​ទ្រង់​បញ្ជា​ឲ្យ​មានការ​កសាង​វត្ដ​ចំនួន​១០០ ដើម្បី​លាបំណន់ ហេតុនេះ​ហើយ​ទើប​វត្ដ​អារាម​មាន​ចំនួន​ច្រើន​នៅ​លើ​ទឹកដី​ឧដុង្គ​ដែល​ជា​អតីត​រាជធានី​ពី​បុរាណ​នេះ ។​

- Advertisement -

លោកតា មាច មិត អាយុ​៧៦​ឆ្នាំ ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​បដិមា ក្បែរ​ភ្នំ​អដ្ឋរស្ស បាន​រៀបរាប់​ថា ទោះបី​អ្នកស្រុក​មាន​ជីវភាព​ក្រីក្រ​ហើយ​វត្ដ​អារាម​មាន​ចំនួន​ច្រើន​ក្ដី ក៏​គេ​នៅ​តែ​មាន​ទឹកចិត្ដ​ជ្រះថ្លា​ក្នុង​ការ​ចូលរួម​ធ្វើបុណ្យ​ទាន​ ដោយ​អ្នក​ភូមិ​បាន​ចែករំលែក​គ្នា​ទៅ​វត្ដ ដូច​ជា​ក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ គឺ​ក្នុង​មួយ​ភូមិ​ហោច​ណាស់​ក៏​គេ​បាន​នាំ​គ្នា​ទៅ​កាន់បិណ្ឌ​ចំនួន​៦​ទៅ​៧ វត្ដ​ដែរ​ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​បុណ្យ​កុសល​ផង និង​គោរព​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​យើង​ដែល​ដូនតា​បន្សល់​ទុក​មក​ផង ។ ហេតុនេះ អ្នក​ភូមិ​បើ​ទោះជា​ក្រ​ក៏​ប្រឹងប្រែង​ដែរ​ដើម្បី​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ជាតិ ។​

បើ​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​របស់​លោក​ត្រឹង ងា បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​១៩៧៣ បញ្ជាក់ថា ជនជាតិ​ខ្មែរ​គ្រប់​ស្រទាប់​ចាប់​តាំងពី​ព្រះមហាក្សត្រ​ដល់​ប្រជារាស្ដ្រ​តូចតាច​បំផុត​សុទ្ធតែ​មាន​ជំនឿ​មុតមាំ​លើ​ព្រះពុទ្ធ​សាសនា​ ដែល​គេ​បាន​ចាត់​ទុក​ថា​ជាទី​ពឹង​ទី​រឭក​ទោះបី​គេ​បាន​លះបង់​ចោល​ជំនឿ​ដើម​របស់​គេ​លើ​ខ្មោច​បិសាច​អារក្សអ្នកតា​បង់បត់​ក៏​ដោយ ។​ ព្រះសង្ឃ​និង​វត្ដ​អារាម​ក្នុង​សម័យ​នោះ​មាន​មុខងារ​យ៉ាង​សំខាន់​ក្នុង​វិស័យ​សង្គមកិច្ច ។ យ៉ាងណាមិញ ព្រះសង្ឃ​ពុំ​មែន​គ្រាន់តែ​ជា​ស្រែបុណ្យ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ជា​អ្នក​អប់រំ​ផ្ដល់​ចំណេះវិជ្ជា​គ្រប់​បែប​យ៉ាង គិត​ទាំង​ចំណេះ​ខាង​មុខរបរ​ផង​ដល់​ពុទ្ធបរិស័ទ​ជើងវត្ដ ។ នេះ​ហើយ​ជា​កត្ដា​មួយ​ធ្វើ​ឲ្យ​រាស្ដ្រ​ខ្មែរ​កាន់តែ​ជក់ចិត្ដ​លើ​ព្រះពុទ្ធ​សាសនា​ថែម​ទៀត ៕

ប្រភពៈ សាលអាន ថ្ងៃទី ០៣/១២/០៤ (ដកស្រង់​ពី​ទស្សនាវដ្ដី​ប្រជាប្រិយ)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...