ស្ថិតនៅទិសខាងត្បូងសាលាស្រុកស្វាយចេកជាង១០គីឡូម៉ែត្រ ឬខាងជើងសាលាខេត្ដបន្ទាយមានជ័យប្រមាណ២៤ គីឡូម៉ែត្រ មានឈ្មោះទីកន្លែងជាច្រើន តែយើងទទួលបានការនិទាននិងអះអាងផ្ទាល់មាត់ពីអ្នកស្រុកគួរឲ្យចាប់អារម្មណ៍ចំនួន៣ ។
ស្លក្រាម
ស្លក្រាម ជាឈ្មោះភូមិនិងឃុំមួយដែលប្រវត្ដិរបស់វាត្រូវបានចាស់ៗខ្លះឲ្យយោបល់២ ។ ទី១ ថា ដំបូងឡើយ គឺភូមិនេះឈ្មោះស្ករក្រាម លុះហៅរមៀលយូរៗទៅនិងត្រូវប្ដូរឈ្មោះកាលជំនាន់ចម្បាំងខ្មែរ-សៀមសម័យលង្វែកហៅថា «ស្លក្រាម» រហូតមក ។ ឯយោបល់ទី២ ថា គឺឈ្មោះ «ស្លក្រាម» ឬសម្លក្រាមដូចសព្វថ្ងៃនេះឯង ។ មានន័យថា កាលសម័យចម្បាំងសៀមឈ្លានពាននោះ កងទ័ពខ្មែរនិងអ្នកភូមិបានច្បាំងតយុទ្ធនឹងខ្មាំងសត្រូវសៀមរហូតសម្លម្ជូរក្រសាំងសាច់គោកកខ្លាញ់រហូតផ្អូម ព្រោះពេលប្រយុទ្ធអស់២ទៅ៣ថ្ងៃឥតដាច់ ។
ផ្លូវទ័ពសៀម
ផ្លូវទ័ពសៀម ជាផ្លូវមួយដែលសង់ជាន់ខ្លះ អត់ជាន់ខ្លះ លើផ្លូវបុរាណមួយពីសម័យអង្គរ ពោលគឺផ្លូវចេញពីស្ពានស្រែងប៉ោយចារ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដែលមាន១ខ្សែបែកទៅកាន់អតីតរាជធានីតូច បន្ទាយឆ្មារ និងមួយខ្សែទៀតឆ្ពោះមកផ្លូវទ័ពសៀមបច្ចុប្បន្ននេះឯង ។ ផ្លូវទ័ពសៀម គឺផ្លូវដែលកងទ័ពព្រះរាជាខ្មែរនៅក្រោយសម័យអង្គរបានចេញទៅវាយសង្គ្រប់បណ្ដេញទ័ពសៀមឲ្យថយទៅអាយុធ្យាវិញ ។
ទំបន់ក្របី
ទំនប់ក្របី៥ ស្ថិតនៅជាង២គីឡូម៉ែត្រខាងលិចភូមិខ្លែងពណ៌ឬពាយ័ព្យភូមិស្លក្រាម ដែលត្រូវធ្វើដំណើរឆ្ពោះទៅទិសខាងលិចតាមផ្លូវទ័ពសៀម រួចបន្ដតាមស្ទឹងស្វាយចេកឆ្ពោះទៅទិសខាងត្បូងវិញ យើងនឹងទៅដល់ទំនប់ទប់ស្ទឹងឈ្មោះ «ទំនប់ក្របី៥» ។ រឿងដើមគឺទាក់ទងនឹងជំនឿអ្នកតារក្សាទឹកដីព្រៃព្រឹក្សាសម័យដើម ។ កាលណោះ មានអ្នកភូមិបានបាត់ក្របី រួចតាមរក ក៏ទៅឃើញលង់ទឹកស្ទឹងស្លាប់ ។ ក្រោយមកទើបនាំគ្នាបែរបន់សុំខមាទោស រួចចាត់ចែងសង់ទំនប់កាត់ស្ទឹងសម្រាប់ឆ្លងទឹកនិងស្ពានកុំឲ្យលង់ស្លាប់ទៀត ។ ទំនប់នោះជាធារាសាស្ដ្រសម្រាប់ស្រោចស្រពស្រូវនាសម័យបុរាណផងដែរ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០១/១២/០៤ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ