កសិកម្មនិងជលផលក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានកំណត់ថា ជាវិស័យមានអាទិភាពជាងគេព្រោះជាវិស័យជួយអភិវឌ្ឍន៍សង្គមខ្មែរនាសម័យអង្គរឲ្យមានការរីកចម្រើន ។ តាមឯកសារបស់អ្នកស្រាវជ្រាវបានឲ្យដឹងថា សេដ្ឋកិច្ចនៅក្នុងចក្រភពអង្គរត្រូវបានពឹងពាក់ទាំងស្រុងទៅលើផលិតផលកសិកម្មផ្សេងៗ ។ មានរួមទាំងវិស័យជលផលនៅតំបន់បឹងទន្លេសាបនិងទន្លេមេគង្គផងដែរ ។
ភោគផលមច្ឆជាតិនៅក្នុងជង្រុកត្រីទាំងបឹងទន្លេសាបនិងទន្លេមេគង្គមិនត្រឹមតែផ្គត់ផ្គង់បានគ្រប់គ្រាន់បរិបូណ៌នៅក្នុងប្រទេសទេ ថែមទាំងធ្វើជាមុខទំនិញយ៉ាងសំខាន់សម្រាប់ធ្វើពាណិជ្ជកម្មទៅក្រៅប្រទេសតាមរយៈផ្លូវគោក កំពង់ផែសមុទ្រ និងឈូងសមុទ្រសៀមចិនទៀតផង ។
លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថា ក្នុងយុទ្ធសាស្ដ្រពង្រឹងពង្រីកសេដ្ឋកិច្ចជាតិនាសម័យចក្រភពអង្គរមុនការបង្កើតរដ្ឋថៃ និងវៀតណាមខាងត្បូង ព្រះបាទជ័យវរ្ម័នបានកសាងទីក្រុងថ្មមួយចំនួននៅភូមិភាគខាងត្បូង ។ ទីក្រុងថ្មមានកំពង់ផែទាំងនេះរួមមានភាគខាងត្បូងប្រទេសថៃបច្ចុប្បន្ន ដូចជាទីក្រុងពេជបុរី និងសិង្ហបុរីជាដើម ។
ទីក្រុងបុរាណទាំងនោះបានបំពេញតួនាទីជាការធ្វើពាណិជ្ជកម្មផងនិងធ្វើជាភោជនីយដ្ឋានមានភារកិច្ចចម្បងក្នុងការធានានូវសន្ដិសុខឲ្យព្រះនគរផង ។ ការកត់សម្គាល់ជាសំខាន់មួយនាសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧បានរៀបចំស្ដារប្រព័ន្ធធារាសាស្ដ្រនានាជាច្រើនដែលជាកេរដំណែលពីព្រះមហាក្សត្រខ្មែរនាជំនាន់មុន ។ មុខនាទីរបស់ប្រព័ន្ធធារាសាស្ដ្រនាសម័យចក្រភពអង្គរបានជួយបង្កើននូវសន្ដិសុខស្បៀងអាហារជាស្រូវអង្ករដើម្បីផ្ដល់ស្បៀងសម្រាប់កសាងប្រាសាទនានាមានចំនួនរាប់រយកន្លែងនៅទូទាំងព្រះរាជាណាចក្រខ្មែរ ។
លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងទៀតថា ផលិតផលកសិកម្មក្នុងសម័យអង្គរមានទិន្នផលយ៉ាងខ្ពស់បំផុត ដោយសារនយោបាយទឹកនាសម័យនោះមានភាពខ្លាំងដែលផ្ដល់ឲ្យប្រជាជនអាចធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ ។ ម្យ៉ាងទៀតផ្ទៃដីកសិកម្មនាសម័យនោះក៏មានជីជាតិតាមរបៀបធម្មជាតិ ។
ក្រៅពីអាទិភាពខាងសន្ដិសុខស្បៀង ចក្រភពអង្គរនូវមានវិស័យជលផលដែលជាធនធានត្រីទឹកសាបដ៏សម្បូណ៌មួយទៀត ។ ព្រះមហាក្សត្រខ្មែរបានត្រាស់បង្គាប់ឲ្យប្រជាជនធ្វើនេសាទយ៉ាងទូលាយទាំងនៅតំបន់បឹងទន្លេសាបតាមបឹងបួផ្សេងៗនិងនៅតាមដងទន្លេមេគង្គជាដើម ៕
ប្រភពៈ សាលអានថ្ងៃទី២៩/១២/០៤ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ