ល្បែងអុកចត្រង្គ គឺជាមរតកវប្បធម៌សិល្បៈអរូបិយដែលជាផ្នែកមួយនៃខឿនវប្បធម៌ខ្មែរមានតំណច្រើនរយឆ្នាំមកហើយ ។ តាមឯកសារកត់ត្រាប្រវត្ដិសាស្ដ្របានបង្ហាញឲ្យដឹងថា ល្បែងអុកចត្រង្គពុំមែនមានតែនៅប្រទេសជិតខាងជាច្រើនឆ្នាំមកហើយនោះទេ គឺនៅលើទឹកដីខ្មែរនាសម័យអង្គរ ល្បែងអុកនេះមានភាពផុលផុសពេញនិយមណាស់ ។
បើទោះបីនៅប្រទេសឡាវ ថៃ គេបានចាត់ទុកល្បែងប្រភេទនេះថាមានអាយុកាលច្រើនសតវត្សរ៍នៅលើទឹកដីរបស់គេក៏ដោយ ក៏នៅក្នុងមាតុភូមិខ្មែរ ល្បែងអុកចត្រង្គមានអាយុកាលច្រើនសតវត្សរ៍មកហើយ និងថែមទាំងមានឆ្លាក់ទុកជាប្រវត្ដិសាស្ដ្រនៅតាមប្រាសាទបុរាណមួយចំនួនទៀតផង ។ លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេស ខាងវប្បធម៌ខ្មែរ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការស្រាវជ្រាវអំពីចម្លាក់បានឲ្យដឹងថាល្បែងអុកចត្រង្គបានបង្ហាញចម្លាក់ទុកជាប្រវត្ដិសាស្ដ្រមាននៅប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ និងប្រាសាទព្រះខ័ន ។ល ។ ដូចនេះ អុកចត្រង្គ គឺជាល្បែងប្រជាប្រិយខ្មែរដ៏ថ្លៃថ្នូរបំផុត ។
នៅទូទាំងប្រទេស គឺរួមទាំងពួកអភិជន ព្រះរាជវង្សានុវង្ស មន្ដ្រីជាន់ខ្ពស់ រហូតដល់ប្រជាជនសាមញ្ញ មានការនិយមលេងល្បែងប្រជាប្រិយអុកចត្រង្គនេះណាស់ ។ ថ្វីត្បិតតែល្បែងអុកចត្រង្គមានការពេញនិយមតាំងពីសម័យអង្គរ និងបានបន្ដរហូតមកដល់សព្វថ្ងៃនេះមែនពិត ប៉ុន្ដែល្បែងប្រភេទនេះឃើញថា ពុំមានការវិវត្ដន៍អ្វីជាធំដុំទេ ។
រូបចម្លាក់នៃការលេងល្បែងចត្រង្គដែលបានឆ្លាក់នៅលើប្រាសាទបុរាណខ្មែរមួយចំនួននោះ មិនគ្រាន់តែលេងដើម្បីបំបាត់ការនឿយហត់ក្រោយពីបំពេញពលកម្មណាមួយប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់មនុស្សខ្មែរប្រហែលជាមានការពាក់ព័ន្ធទៅនឹងជំនឿសាសនាផងដែរ ។ ព្រោះនៅក្នុងគម្ពីរហរីវង្សឥណ្ឌា ក៏មាននិយាយអំពីល្បែងអុកចត្រង្គនេះដូចគ្នា ។
លោកបណ្ឌិតមីសែលត្រាណេ អ្នកឯកទេសខាងវប្បធម៌បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ពាក្យចត្រង្គនេះកើតចេញពីពាក្យសំស្ក្រឹតគឺ ចតុរង្គ ដែលមានប្រភពពីឥណ្ឌា ៕
ប្រភពៈ សាលអាន ថ្ងៃទី ១៧/០១/០៥(ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ