Ultimate magazine theme for WordPress.

- Advertisement -

គ្រាន់តែមានគំនិតធ្វើអាជីវកម្ម តើគ្រប់គ្រាន់ឬនៅ?

0 12

ការមានគំនិតបង្កើតអាជីវកម្ម ជារឿងល្អណាស់សម្រាប់អ្នកចង់ក្លាយជាសហគ្រិននាពេលអនាគត ប៉ុន្តែរឿងមួយដែលមនុស្សគ្រប់គ្នាត្រូវដឹងនោះ គឺ ការមានគំនិតអាជីវកម្មតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ។

តើបែបណាទើបគ្រប់គ្រាន់?

ការបង្កើតអាជីវកម្ម ឬការមានគំនិតអាជីវកម្ម វាជារឿងស្រួលណាស់ ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះគឺថា ធ្វើយ៉ាងណាឱ្យអាជីវកម្មមួយនោះដំណើរការបានយូរអង្វែង និងមានទីផ្សារខ្ពស់។ អាជីវកម្មមួយអាចដំណើរការបាន គឺត្រូវការធាតុផ្សំផ្សេងៗទៀតជាច្រើន ។

តើអ្វីធាតុផ្សំដើម្បីបង្កើតអាជីវកម្មមួយបាន?

1.ចោទសំណួរ ឆ្លុះបញ្ចាំង ដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង

នៅពេលអ្នកចាប់ផ្ដើមមានគំនិតចង់បង្កើតអាជីវកម្ម​ ជំហានដំបូង អ្នកត្រូវសួរខ្លួនឯងថា៖

  • ហេតុអ្វីអ្នកចង់ចាប់ផ្ដើមអាជីវកម្ម?
  • តើអ្វីជាបុព្វហេតុសំខាន់ដែលជំរុញចិត្តអ្នកឱ្យចាប់ផ្ដើម?
  • តើអ្វីជាបេសកកម្មដែលអ្នកចង់ធ្វើ?
  • តើអ្វីជាទស្សនវិស័យរបស់អាជីវកម្មរបស់អ្នក?
  • តើអាជីវកម្មរបស់អ្នកចង់ផ្ដោតលើអ្វី?
  • តើអ្នកនឹងលក់ឱ្យអតិថិជនប្រភេទណា?
  • តើអ្នកចេះគ្រប់គ្រងមនុស្ស និងគ្រប់គ្រងអាជីវកម្មទេ?
  • តើអ្នកមាន ភាពជាអ្នកដឹកនាំកម្រិតណា?
  • តើអ្នកមានឆន្ទៈក្នុងការចាប់ផ្ដើមអាជីវកម្មកម្រិតណា?

2. សរសេរផែនការអាជីវកម្ម

ដំណាក់កាលដើម្បីសរសេរផែនការអាជីវកម្មបានល្អ ជំហានដំបូង អ្នកត្រូវឆ្លើយនូវសំណួរខាងក្រោមជាមុនសិន៖

ទី1. តើអ្វីជាគោលបំណងនៅក្នុងអាជីវកម្មរបស់អ្នក?

ទី2. តើនរណានឹងទិញផលិតផលឬសេវាកម្មរបស់អ្នក?

ទី3. តើអ្វីជាគោលដៅចុងក្រោយដែលអ្នកចង់បានពីអាជីវកម្មមួយនេះ?

ទី4. តើអ្នកនឹងធ្វើបែបណា ដើម្បីទទួលបានដើមទុនក្នុងការ Start-Up?

ទី5. តើអ្នកនឹងរៀបចំផែនការហិរញ្ញវត្ថុបែបណា?

ទី6. តើអ្នកនឹងរៀប គំរូអាជីវកម្មបែបណា?

ទី7. តើអ្នកនឹងរៀបចំយុទ្ធនាការណ៍បែបណា ដើម្បីការពារហានិភ័យដែលនឹងអាចកើតឡើង?

ក្រោយពីអ្នកបានឆ្លើយរួច ជំហានបន្ទាប់ អ្នកត្រូវ៖

ទី1. យុទ្ធនាការណ៍សិក្សាពីទីផ្សារ

ទី2. ផ្ដោតលើយុទ្ធសាស្រ្តដែលនឹងចាប់ផ្ដើមប្រលូកនៅក្នុងទីផ្សារខាងក្រៅ

3. បង្កើតក្រុមប្រតិបត្តិការ

- Advertisement -

ការបង្កើតអាជីវកម្មមួយបាន ចាំបាច់ណាស់ត្រូវការក្រុមក្នុងការចាប់ផ្ដើម ពីព្រោះបើចាប់ផ្ដើមដោយម្នាក់ឯងអាចមានហានិភ័យខ្ពស់​និងយឺតយ៉ាវក្នុងការសម្រេចបាននូវលទ្ធផល។ បន្ថែមពីនេះ អ្នកត្រូវស្វែងរកក្រុមណាដែលមានទស្សនវិស័យដូចគ្នា​ ដោយអាចរួមដំណើរបេសកកម្មជាមួយគ្នាបានយូរអង្វែង។

4.ចេះកសាងកេរ្តិ៍ឈ្មោះខ្លួនឯង និងការផ្សព្វផ្សាយ

មុននឹងអាចចាប់ផ្ដើមលក់ដាច់នូវផលិតផល ឬសេវាកម្មបាន លុះត្រាតែចេះកសាងម៉ាកអាជីវកម្ម និងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យមានគេស្គាល់បានច្រើន ហើយអាចមានទំនុកចិត្តលើផលិតផលឬសេវាកម្មនោះ។ ហើយការកសាង Brand នេះ អាចតាមមធ្យោបាយ៖

ទី1. ឈ្មោះក្រុមហ៊ុន៖ ត្រូវបង្កើតឈ្មោះក្រុមហ៊ុនដែលមានភាពទាក់ទាញ និងអាចងាយស្រួលដល់អតិថិជនចងចាំបានលឿន។

ទី2. Logo ៖ ក្រុមហ៊ុនដែលអាចទាញយកទំនុកចិត្តពីមនុស្សជុំវិញបាន លុះត្រាតែក្រុមហ៊ុននោះមាន Logo ច្បាស់លាស់​។ ការណាមាន Logo ក៏ងាយឱ្យយើងកសាងកេរ្តិ៍ឈ្មោះបានល្បីលឿន អតិថិជនងាយចងចាំ។

ទី3. អត្តសញ្ញាណក្រុមហ៊ុន៖ កំណត់នូវសញ្ញាសម្គាល់ ក៏ដូចជាលក្ខណៈពិសេសរបស់ក្រុមហ៊ុនដែលអ្នកចង់បង្ហាញ។

ទី4. Social media ៖ ប្រើប្រព័ន្ធផ្សព្វផ្សាយនេះ ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែមានសន្ទុះកាន់តែខ្លាំង ដោយវាយលុកតាមបណ្ដាញសង្គមត្រូវជាមួយនឹងអតិថិជនគោលដៅ ដូចជា Facebook, Tik Tuk, Instagram។

ទី5. Company website ៖ បង្កើត Website នេះសម្រាប់ផ្សព្វផ្សាយនូវអ្វីដែលមាននៅក្នុងក្រុមហ៊ុន ក្នុងគោលបំណងដើម្បីឱ្យអតិថិជនបានយល់កាន់តែច្បាស់ពីក្រុមហ៊ុន ពីព្រោះបច្ចុប្បន្ននេះមនុស្សប្រើប្រាស់ Internet ច្រើន ដូច្នេះមានភាគរយច្រើនដែលមនុស្សចូលទៅកាន់ Website ច្រើន។

ទី6. CRM (Customer relationship management) ៖ ដែលជាប្រព័ន្ធគ្រប់គ្រងទិន្នន័យអតិថិជន ដើម្បីអាចគ្រប់គ្រងព័ត៌មានអតិថិជនបាន និងអាចផ្សារចំណងទាក់ទងជាមួយអតិថិជនជាបន្តបន្ទាប់ទៀត។

5. តើអ្នកនឹងចាប់ផ្ដើមដំណើរការដោយរបៀបណា?

ការបង្កើតអាជីវកម្មមួយបាន គឺត្រូវការពេលវេលា ត្រូវការទីកន្លែង ត្រូវការដើមទុន ត្រូវការក្រុមប្រតិបត្តិការ និងត្រូវការគោលការណ៍ផ្សេងៗដើម្បីអាចឱ្យអាជីវកម្មនោះដំណើរការ។

តើមានគន្លឹះសំខាន់អ្វីដើម្បីអាចដំណើរការបាន?

ទី១. ជ្រើសរើសពេលវេលាល្អបំផុតដើម្បីចាប់ផ្ដើម

ទី២. បែងចែកតំណែងតួនាទីឱ្យបានច្បាស់លាស់លើក្រុមប្រតិបត្តិការ

ទី៣. មានដំណោះស្រាយ ដើម្បីការពារហានិភ័យណាមួយដែលកើតឡើងអំឡុងពេលចាប់ផ្ដើម

ទី៤. បែងចែកដើមទុន​ឱ្យបានច្បាស់

ទី៥.​មានយុទ្ធនាការណ៍ត្រួតពិនិត្យនិងវាយតម្លៃប្រតិបត្តិការ

ជារួមមក ការដែលអ្នកមានត្រឹមតែគំនិតបង្កើតអាជីវកម្ម គឺពុំទាន់គ្រប់គ្រាន់ទេ ប៉ុន្តែទាមទារឱ្យអ្នកមានភាពច្បាស់លាស់ មានភាពជឿជាក់ក្នុងការចាប់ផ្ដើម និងត្រូវមានមូលដ្ឋានគ្រឹះលើការបង្កើតអាជីវកម្មឱ្យបានច្បាស់ ទើបជាការល្អ។

The post គ្រាន់តែមានគំនិតធ្វើអាជីវកម្ម តើគ្រប់គ្រាន់ឬនៅ? appeared first on គំនិត.

Source: Business from Kumnit

Comments
Loading...