សម័យអង្គរដែលចាប់ផ្ដើមឡើងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គឺនៅឆ្នាំ៨០២នៃគ្រិស្ដសករាជជាឆ្នាំដែលស្ដេចអង្គនេះទ្រង់យាងមកពីតំបន់នៅជ្រោយមាលយូ (ជ្វា) ហើយបានប្រកាសឯករាជ្យពីជ្វានៅលើភ្នំគូលែន ។ ក្នុងសម័យដ៏សំខាន់នេះ គេបានជួបប្រទះនូវវត្ដមានព្រះរាជាខ្មែរមួយព្រះអង្គទៀតដែលមានឫទ្ធានុភាពយ៉ាងក្លៀវក្លាអស្ចារ្យគឺព្រះបាទសុរិយោវរ្ម័នទី២ ដែលទ្រង់ជាស្ថាបនិកនៃប្រាសាទនគរវត្ដនិងប្រាសាទបឹងមាលា ។
តាមប្រវត្ដិសាស្ដ្រខ្មែរបានឲ្យដឹងផងដែរថា មានព្រះរាជាពីរព្រះអង្គទៀតបានបន្ដអភិវឌ្ឍការស្ថាបនាប្រទេសជាតិតាមលំនាំអតីតព្រះមហាក្សត្រខ្មែរបុរាណ គឺព្រះបាទជ័យវរ្ម័នទី៤ ដែលបានស្ថាបនាទីក្រុងកោះកេរ ។ ព្រះបាទជ័យវរ្ម័នទី៧ បានស្ថាបនាទីក្រុងអង្គរធំឬជ័យរាជធានី ក្រោយពីបានរំដោះប្រទេសជាតិពីចម្បាំងវាតទីរបស់នគរចម្ប៉ាមក ។
លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសវប្បធម៌ខ្មែរបានមានប្រសាសន៍ឲ្យដឹងថា នាមុនសតវត្សរ៍ទី១៣នៃគ្រិស្ដសករាជ ជនជាតិខ្មែរគឺជាជនជាតិដ៏ខ្លាំងពូកែប្រកបដោយទេពកោសល្យខ្ពង់ខ្ពស់បំផុត ។ ទឹកដីរបស់អតីតព្រះរាជាណាចក្រកម្ពុជាមានទំហំដ៏ធំមហាសាល គឺមានផ្ទៃដីរហូតដល់ជាង១.០០០.០០០គីឡូម៉ែត្រក្រឡាឯណោះ ។
ដូចកាលសម័យបុរេអង្គរដែរ ចក្រភពខ្មែរសម័យអង្គរជាក្សត្ររដ្ឋដែលត្រូវបានបង្កើតឡើងតាមការបង្រួបបង្រួម គឺការប្រមូលផ្ដុំរដ្ឋតូចធំជាច្រើន ។ ក្នុងបរិបទភូមិសាស្ដ្រនៃប្រវត្ដិសាស្ដ្របុរាណនេះហើយ ដូចដែលបានជួបប្រទះតាមអត្ថបទសិលាចារឹកនូវវត្ដមានព្រះមហាក្សត្រជាច្រើនព្រះអង្គដែលទ្រង់គ្រប់គ្រងរដ្ឋ ឬបុរីតូចៗមួយចំនួននៅជុំវិញព្រះរាជធានី រាជបុរីអង្គរយសោធរបុរៈ ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា ក្រៅពីបុរីតូចធំដែលសព្វថ្ងៃស្ថិតនៅក្នុងបង្គោលសីមានៃព្រះរាជាណាចក្រកម្ពុជា គេមានឃើញទីក្រុងឬនគរតូចៗមួយចំនួនដែលស្ថិតនៅក្នុងប្រទេសឡាវ និងក្នុងប្រទេសថៃបច្ចុប្បន្ន ។ នេះមិនទាន់និយាយដល់បុរាណស្ថានជាច្រើនទៀតដែលបុព្វបុរសខ្មែរបានបន្សល់ទុកនៅប្រទេសវៀតណាមភាគខាងត្បូងដែលដើមឡើយ គឺជាទឹកដីរបស់ព្រះរាជាណាចក្រខ្មែរផងនោះទេ ៕
ប្រភពៈ សាលអាន ថ្ងៃនេះ ១៦/០២/០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ