ឈ្មោះពីបុរាណរបស់ទីក្រុងអយុធ្យា គឺបឹងស្នោ នេះបើសំអាងទៅតាមឯកសារនាសតវត្សរ៍ទី១៩នៃគ្រិស្ដសករាជ ។ ក៏ប៉ុន្ដែស្រុកមួយតូចដែលបានផ្សារភ្ជាប់ជាមួយទីក្រុងអូរទងដែលសព្វថ្ងៃជនជាតិថៃហៅក្លាយមកថា «អ៊ូថង» (តាមសំនៀងសៀម) គឺជារាជធានីបុរាណរបស់ខ្មែរតាំងពីសម័យនគរភ្នំមកម៉្លេះ ។
ដើមឡើយ ខេត្ដអយុធ្យាជាទឹកដីរបស់ខ្មែរមុនឆ្នាំ១៣៥០នៃគ្រិស្ដសករាជ ។ នេះជាការសំអាងរបស់លោកមូរ៉ា ដែលជាប្រវត្ដិវិទូជនជាតិបារាំង ។ ទីក្រុងបុរាណរបស់ខ្មែរនេះបានផ្លាស់ប្ដូរទ្រង់ទ្រាយ ឬទម្រង់ដើមយ៉ាងឆាប់រហ័សនោះដោយសារតែការវិវឌ្ឍតាមបែបសម័យទំនើប ចាប់តាំងពីឆ្នាំ១៩៤៥មក ។
អ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថា ការស្វះស្វែងរកឯកសារប្រវត្ដិសាស្ដ្រឲ្យបានច្បាស់លាស់ស្ដីពីអតីតទីក្រុងបុរាណរបស់ខ្មែរដូចខាងលើ ចៀសវាងការចោទប្រកាន់ពីមជ្ឈដ្ឋានណាមួយនោះ ការងារនេះត្រូវបានចំណាយពេលវេលាអស់រយៈពេល១៥ឆ្នាំ ។ ដែលការស្រាវជ្រាវបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៦ បន្ដរហូតដល់ឆ្នាំ១៩៩០ ទើបសម្រេចប្រមូលបានឯកសារទាំងអស់នេះ ។
លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានមានប្រសាសន៍ឲ្យដឹងបន្ថែមថា ការបាត់បង់ទីក្រុងអយុធ្យាដ៏មានឈ្មោះល្បីរបស់ខ្មែរបុរាណសម័យនោះដោយសារតែមានការបែកបាក់គ្នារវាងព្រះរាជវង្សានុវង្ស តាមការបំបែកបំបាក់របស់អ្នកដឹកនាំសៀម (ថៃ) ។ ព្រោះសៀមមានឥទ្ធិពលលើខ្មែរក្នុងអតីតកាលដែលបង្កឲ្យអំណាចឫទ្ធានុភាពរបស់ខ្មែរចាប់ផ្ដើមចុះទន់ខ្សោយបន្ដិចម្ដងៗ ហើយនៅឆ្នាំ១៣៥០នៃគ្រិស្ដសករាជ ទីក្រុងនេះក៏ត្រូវសៀមដែលដឹកនាំដោយព្រះបាទអ៊ូថង ដណ្ដើមយកបានទាំងស្រុង ។
លោកបណ្ឌិតអ្នកឯកទេសខាងវប្បធម៌ខ្មែរបានបញ្ជាក់ថា នៅលើទឹកដីនៃទីក្រុងអយុធ្យា ជាទីក្រុងរបស់ខ្មែរបុរាណនេះ គេតែងរកឃើញចម្លាក់ខ្មែរនៅគ្រប់យុគសម័យ ។ វត្ដមហាធាតុក្នុងខេត្ដអយុធ្យា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ គឺជាប្រាសាទរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បានស្ថាបនាឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ។
ក្នុងអំឡុងឆ្នាំ១៩៦០ នៃគ្រិស្ដសករាជ តាមការជីកកកាយក្នុងប្រាសាទខាងលើក៏ដូចជាប្រាសាទដទៃទៀតរួមមាន ប្រាសាទនៃវត្ដព្រះរាជបូព៌ា គេសង្កេតឃើញមានវត្ថុបុរាណខ្មែរ ថៃ និងចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ក្នុងចំណោមវត្ថុបុរាណទាំងប៉ុន្មាននោះ គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គទ្រង់ស្ថិត ឬទ្រង់ព្រះភ្នែន ធ្វើពីមាស និងសន្លឹកមាសដែលមានលក្ខណៈជាសិល្បៈខ្មែរនាសម័យវប្បធម៌បាយ័ន ៕
ប្រភពៈ សាលអាន ថ្ងៃនេះ ១៤/០២/០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ