Ultimate magazine theme for WordPress.

- Advertisement -

ការយកពន្ធដាររដ្ឋនៅសម័យចក្រភពអង្គរ

0 10

តាម​រយៈ​គម្ពីរ​ព្រាហ្មណ៍​បាន​បង្ហាញ​ថា ក្នុង​សង្គម​ខ្មែរ​បុរាណ មាន​ការ​បង់​ពន្ធដារ​១​ភាគ​៦​នៃ​សមិទ្ធផល​នានា​ថ្វាយ​ចំពោះ​ព្រះ​មហាក្សត្រ​ដែល​ទ្រង់​គឺជា​ម្ចាស់ផែនដី ។ តាម​គម្ពីរ​ធម្មសាស្ដ្រ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា រាល់​ការ​យកពន្ធ​អាករ គឺជា​សិទ្ធិ​ពិសិដ្ឋ​របស់​ព្រះ​មហាក្សត្រ​ជា​ម្ចាស់ផែនដី ដូច​ពាក្យ​ថា «សោយរាជ្យ​សម្បត្ដិ» ដូច្នោះ​ដែរ ។​

អ្នកឯកទេស​វប្បធម៌​បាន​ឲ្យ​ដឹង​ថា ប្រពៃណី​បង់​ពន្ធដារ​របស់​ជនជាតិ​ខ្មែរ​នៅ​សម័យ​អង្គរ​ពី​សតវត្សរ៍​ទី​៩ ដល់​សតវត្សរ៍​ទី​១៤ នៃ​គ្រិស្ដសករាជ រួម​ទាំង​សម័យ​បុរេ​អង្គរ​ (មុន​អង្គរ) ​សម័យ​នគរ​ភ្នំ​ និង​សម័យ​ចេនឡា​ផង គឺ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា ។ ប៉ុន្ដែ​ក្នុង​ចន្លោះ​ពេល​នេះ តាម​ឯកសារ​និង​សិលាចារឹក​បាន​បង្ហាញ​ថា ការ​យក​ពន្ធដារ​រដ្ឋ​បាន​ល្អ​ត្រឹមត្រូវ​កើត​មាននៅ​សម័យ​ចក្រភព​អង្គរ​ពី​សតវត្សរ៍​ទី​៩​ដល់​សតវត្សរ៍​ទី​១៣​នៃ​គ្រិស្ដសករាជ ។​

លោក​បណ្ឌិត​មីសែល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជា​ទូទៅ​រាល់​ការ​កសាង​បូជនីយដ្ឋាន​ធំៗ​ក្នុង​ព្រះរាជាណាចក្រ គឺជា​ប្រភព​កេរ្តិ៍​ឈ្មោះ​របស់​ព្រះរាជា ហើយ​គុណសម្បត្ដិ​ដ៏​ប្រពៃ​នេះ គឺជា​ការ​កំណត់​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​ទេវស្ថាន​ដែល​បាន​ព្រះ​រាជទាន ។ ដោយហេតុ​នេះ​ហើយ​បាន​ជា​បូជនីយដ្ឋាន​ខ្មែរ​បុរាណ​មាន​អភ័យ​ឯកសិទ្ធ​ខាង​ផ្នែក​ពន្ធដារ​នេះ ។​

មាន​ការ​កត់សម្គាល់​ទៀត​ថា រាល់​ការ​កសាង​សមិទ្ធផល​សង្គម​របស់​ព្រះមហាក្សត្រ​ខ្មែរ ពិសេស​ប្រាង្គ​ប្រាសាទ វត្ដ​អារាម ដើម្បី​ទុក​ជា​កន្លែង​នៃ​សក្ការៈបូជា​ចំពោះ​ព្រះ​អាទិទេព ឬ​ព្រះពុទ្ធ​អង្គ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​រាជធម៌​ដែល​ធ្វើ​ឡើង​ដោយ​ព្រះរាជ​ទ្រព្យ​បាន​មក​ពី​ការ​ដកហូត​ពន្ធដារ​នេះឯង ។ លោក​បណ្ឌិត​អ្នកឯកទេស​វប្បធម៌​ខ្មែរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ពន្ធដារ​នៅ​សម័យ​អង្គរ បើ​ទោះបីជា​ពុំ​មាន​ក្បួនខ្នាត​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ក៏​ដោយ ក៏​យើង​មាន​អត្ថបទ​សិលាចារឹក​ខ្លះ​ដែល​អាច​ផ្ដល់​ទិន្នន័យ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ឲ្យ​ការ​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​សង្គម​នៅ​ក្នុង​សម័យ​ខ្មែរ​បុរាណ​នេះ​ដែរ ។​

- Advertisement -

យោង​តាម​ភស្ដុ​តាង​ជា​ច្រើន​ដែល​បាន​ចារ​នៅ​លើ​សិលាចារឹក​បាន​បញ្ជាក់ថា នៅ​សម័យ​អង្គរ​ពី​សតវត្សរ៍​ទី​៩ ដល់​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្ដសករាជ មាន​ការ​យក​ពន្ធដារ​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​ជាង​សម័យកាល​មុនៗ ។ តាម​សេចក្ដី​បញ្ជាក់​នៃ​ឯកសារ​នានា​បាន​ឲ្យ​ដឹង​ថា ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ពន្ធដារ​នៅ​សម័យ​អង្គរ គឺជា​ប្រពៃណី​មួយ​ដែល​បាន​បន្ដវេន​ពី​សម័យ​បុរេ​អង្គរ ។​

រាល់​ព្រះរាជ​ទ្រព្យ​ដែល​បាន​មក​ពី​ការ​យក​ពន្ធដារ​ឬ​ហៅ​ថា ព្រះរាជ​កោស​របស់​រដ្ឋ​ត្រូវ​ផ្ទុក​ក្នុង​ឃ្លាំង​ដោយ​មាន​ពួក​ឆ្មាំ​ប្រចាំការ​នៅ​ថែរក្សា ឬ​ទទួលខុសត្រូវ​ផង ។ ឆ្មាំ​ឃ្លាំង​ឬ​ខ្លោញ​ឃ្លាំង​ទាំងនោះ​សុទ្ធតែ​ជា​មន្ដ្រីជាន់ខ្ពស់​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះរាជ​បញ្ញតិ្ដ​របស់​ព្រះមហាក្សត្រ ៕

ប្រភពៈ  សាលអាន ថ្ងៃនេះ ១១/០២/០៥ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...