Ultimate magazine theme for WordPress.

- Advertisement -

វប្បធម៌បុរាណនៅភ្នំសន្ទុក

0 8

រមណីយដ្ឋាន​ភ្នំ​សន្ទុក ស្ថិត​នៅ​ប៉ែក​ខាងជើង​ទីក្រុង​ភ្នំពេញ​ដែល​មាន​ចម្ងាយ​១៥២​គីឡូម៉ែត្រ ហើយ​ស្ថិត​ក្នុង​ទឹកដី​ខេត្ដកំពង់ធំ បើ​យើង​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង យើង​ត្រូវ​ប្រើ​ពេល​ជាង​បី​ម៉ោង​ដើម្បី​ទៅ​ដល់​រមណីយដ្ឋាន​នោះ ។

ចាប់ពី​ខ្លោងទ្វារ​កាំជណ្ដើរ​ខាងក្រោម​ទៅ​ដល់​ខ្លោងទ្វារ​ជណ្ដើរ​ខាងលើ​កំពូលភ្នំ​មាន​ប្រវែង​៥៣០​ម៉ែត្រ បើ​គិត​ជា​កាំជណ្ដើរ​មាន​ចំនួន​៨០៩​កាំ ហើយ​កាំជណ្ដើរ​នេះ​ត្រូវ​ខ្លោងទ្វារ​ជណ្ដើរ​ឡើង​នៅ​ក្រោម​រមណីយដ្ឋាន​ភ្នំ​សន្ទុក​បាន​កែ​លម្អ និង​កសាង​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​១៩៩៤ ។​

អ្នក​ឡើង​ទៅ​លើ​ភ្នំ​គប្បី​យក​ទឹក ឬ​ម្ហូបអាហារ​កាន់​យួរ​តាម​ខ្លួន​ដើម្បី​បង្ការ​ការ​នឿយហត់​អស់កម្លាំង មនុស្ស​មាន​វ័យ​ក្មេងៗ​អាច​ឡើង​បាន​រហ័ស​ជាង​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ។ តាម​ការ​ហាមប្រាម​តៗ​គ្នា​ពី​ចាស់​បុរាណ​ថា ពេល​ដែល​យើង​ឡើង​ទៅ​លើ​ភ្នំ​កុំ​និយាយ​ថា ហត់​ណាស់ ឬ​និយាយ​នូវ​ពាក្យ​គ្រោតគ្រាត​អាសអាភាស​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារក្សអ្នកតា ឬ​បារមី​ដែល​ថែរក្សា​នៅ​លើ​កំពូលភ្នំ​នេះ ។​

តាម​ការ​សិក្សា​ស្រាវជ្រាវ និង​ដកស្រង់​ពី​ឯកសារ​ខ្លះៗ​និយាយ​អំពី​ប្រវត្ដិ​ភ្នំ​សន្ទុក​ឲ្យ​ដឹង​ថា ភ្នំ​សន្ទុក​មានឈ្មោះ​ជា​ច្រើន​ទៀត​ពី​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ឈ្មោះ​ទាំងនោះ​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្លះ ឬ​ទម្លាប់​ទៅ​តាម​ការ​ហៅ​ខ្លះ មាន​ដូច​ជា​ឈ្មោះ​ភ្នំ​ធំ ភ្នំ​អាថ៌​សន្ទុក​ ភ្នំ​ចម​ចុង​គិរី ភ្នំ​គ្រប់​ទុក ភ្នំ​ព្រះបាទ​ជាន់​ទុក ។ បេតិកភណ្ឌ​នៅ​លើ​កំពូលភ្នំ​តាំងពី​បុរាណកាល​មក មាន​រូបចម្លាក់​ព្រះ​ពុទ្ធរូប​ជា​ច្រើន​ព្រះ​អង្គ​ដែល​ឆ្លាក់​អំពី​ផ្ទាំង​ថ្ម​ធំៗ​តែ​ម្ដង បណ្ដា​ព្រះ​ពុទ្ធរូប​សំខាន់ៗ​ទាំងនោះ មាន​ព្រះពុទ្ធ​រូប​បរិនិពា្វន​បី​ព្រះ​អង្គ​ធំៗ​ដែល​មួយ​ព្រះ​អង្គ​ប្រវែង​លើស​ពី ១០​ម៉ែត្រ ។​

ប្រាសាទតូច​មួយ​រាង​ជា​ពីរ៉ាមីត​ធ្វើ​អំពី​ថ្មភក់​មាន ៣​ជាន់ និង​មាន​កម្ពស់​ជាង​បី​ម៉ែត្រ ស្ថិត​នៅ​ក្បែរ​ព្រះ​វិហារ​ឈើ​ពី​បុរាណ បច្ចុប្បន្ន​ជា​វិហារ​ថ្ម និង​មាន​ស្រះ​ទឹក​រាង​ជា​ការ៉េ​ប្រវែង​១០​ម៉ែត្រ​បួន​ជ្រុង ។ ចម្លាក់​ព្រះបាទ​ជាន់​ទុក​ដែល​ដាប់​ជាប់​នឹង​ថ្ម​ជា​រាង​ព្រះបាទ​នៃ​អច្ឆរិយបុគ្គល និង​រូប​បដិមា​ផ្សេងៗ​ទៀត​ជា​ច្រើន ។ សំណង់ និង​រូប​បដិមា​ទាំងនោះ តាម​ប្រវត្ដិសាស្ដ្រ​បាន​បញ្ជាក់​ថា កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​ពញាធម្មរាជា​នា​ឆ្នាំ​១៤៧៤ ដល់​ឆ្នាំ​១៤៩៤ ហើយ​បាន​បន្ដ​ការ​ថែរក្សា​រហូត​មក ។​

- Advertisement -

ប្រវត្ដិ​បាន​ចារ​ទុក​ថា ការ​កសាង​នៅ​ទី​នេះ​និង​បណ្ដា​រូប​បដិមា និង​ការ​រៀបចំ​កែ​លម្អ​នៅ​លើ​កំពូលភ្នំ​នេះ គឺ​ធ្វើ​ឡើង​ដោយ​សុបិននិម្មិត​នៃ​ព្រះរាជា​ដែល​ព្រះមហាក្សត្រ​ពី​អតីត​បាន​រំឭកថា​ត្រូវ​ទៅ​កាន់​ភ្នំ​អាថ៌​សន្ទុក ហើយ​រៀបចំ​ទីនោះ​ឲ្យ​ទៅ​ជា​កន្លែង​គោរព​បូជា​របស់​មនុស្ស​ទូទៅ​ទើប​នគរ​ខ្មែរ​បាន​ប្រកបដោយ​សុខសាន្ដត្រាណ​មិន​អាច​សត្រូវ​ណា​មក​បៀតបៀន​បាន​ឡើយ ។​ ​បន្ទាប់​ពី​សុបិននិម្មិត​នេះ​មក ព្រះ​អង្គ​បាន​ចាត់ចែង​កសាង​វត្ថុ​សក្ការៈ​ផ្សេងៗ មាន​ប្រាសាទ​ពី​រ៉ាមីត និង​ចម្លាក់​ព្រះ​ពុទ្ធរូប​តាម​របៀប​នៃ​ភ្នំ​នេះ គឺ​ព្រះពុទ្ធ​ទ្រង់​ឈរ ទ្រង់​បរិនិពា្វន រូប​គ្រុឌ ស្នាម​ព្រះបាទ​ជាន់​ទុក​ រូប​ព្រះព្រហ្ម រូប​សិង្ហ តោ និង​កែ​លម្អ​ទី​នេះ​ជា​អារាម​តរៀង​មក​ដល់​សព្វ​ថ្ងៃនេះ ។​​អក្សរ​ចារឹក​លើ​ផ្ទាំង​ថ្ម កប់​នៅ​ក្នុង​ដី​មាន​ន័យ​ថា ពាក្យ​បួងសួង​របស់​ព្រះ​ពញាធម្មរាជា​មាន​ខ្លឹមសារ​ដូច​តទៅ «ខ្ញុំ​សូម​សម្បូងសង្រូង​អស់​ពពួក​ទេវតា​ទាំងឡាយ​ស្ថិត​នៅ​លើ​អាកាស​ដែល​ប្រកបដោយ​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា សូម​ជួយ​ជា​កសិណសាក្សី​នូវ​តង្វាយ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ចាត់ចែង​ថ្វាយ​ចំពោះ​ព្រះ​សារីរិកធាតុ​នៃ​ព្រះពុទ្ធ​នេះ ខ្ញុំ​សូម​ឲ្យ​តង្វាយ​ទាំង​អស់នោះ​គង់វង្ស​ស្ថិត​ស្ថេរ​នៅ​រហូត​ដល់​គ្រប់​ ៥.០០០​ព្រះ​វស្សា» ។​

ដើម​កំណើត​ភ្នំ

ព្រះ​តេជគុណ កែវ វុឌ្ឍ ជា​ព្រះ​គ្រូសូត្រស្ដាំ​វត្ដ​ចមចុង​គិរី នៅ​លើ​កំពូល​ភ្នំ​សន្ទុក បាន​មាន​សង្ឃដីកា​ដោយ​លើកយក​ជីវប្រវត្ដិ​ខ្លះៗ​មក​ថា ទឹកដី​នៃ​ប្រទេស​កម្ពុជា បើ​ពោល​តាម​រយៈ​ភូមិសាស្ដ្រ ឬ​ប្រវត្ដិសាស្ដ្រ​ក្ដី​បាន​ឲ្យ​ដឹង​ថា ពី​បុរាណកាល​មក គឺ​សុទ្ធតែ​ទឹកសមុទ្រ​ល្ហល្ហាច​ដែល​មាន​តែ​ទឹក​និង​ពពក​ប៉ុណ្ណោះ ។ ប្រទេស​កម្ពុជា ដែល​មុន​នឹង​កើត​ទឹកដី ឬជា​ព្រៃ​ព្រឹក្សា លតា​វល្លិ និង​ភូមិករ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ដើម​ឡើយ​គឺជា​លំហ​នៃ​ទឹកសមុទ្រ​ដែល​មាន​តែ​សត្វ​ផ្សេងៗ​រស់នៅ ដូច​ជា ក្រពើ ឆ្លាម​មករ​ជាដើម ។​

ប៉ុន្ដែ​កន្លង​មក​ជា​ច្រើន​ឆ្នាំ ផ្ទៃ​ទឹកសមុទ្រ​ទាំងនោះ​ត្រូវ​រលក​បោក​ផ្ទប់​គ្នា បង្ក​ពពុះ និង​សម្បក​មច្ឆជាតិ​នានា ព្រមទាំង​សំណាត់​ឈើ​ទាំងឡាយ​ផង​ក៏​ប្រែ​ក្លាយទៅជា​ផ្ទៃផែនដី​ខ្ពស់ ឬ​ទាប​តាម​ជំនោរ​នៃ​រលក​ទឹក ។ ដូច្នេះ​តំបន់​ភ្នំ​សន្ទុក​ពី​បុរាណកាល​ក៏​មាន​ស្ថានភាព​ដូច​ជា​តំបន់​នានា​នៃ​ប្រទេស​ដែល​មាន​តែ​ផ្ទៃ​ទឹក​ល្ហល្ហាច​ដូច្នេះ​ដែរ ។ ប៉ុន្ដែ​អាស្រ័យ​ដោយ​ការ​បង្ក​នៃ​ពពុះទឹក​សមុទ្រ សម្បក​មច្ឆជាតិ​និង​សំណាត់​ឈើ​ផ្សេងៗ​នោះ ទី​នេះ​ក៏​ក្លាយទៅជា​មាន​ផ្ទៃដី និង​ភ្នំ​ធំ​ប្រកបដោយ​ព្រៃ​ព្រឹក្សា​លតា​វល្លិ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ៕

ប្រភពៈ  សាលអាន ថ្ងៃនទី ០៤/០៣/០៥ (ដកស្រង់​ពី​ទស្សនាវដ្ដី​ប្រជាប្រិយ)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...