នៅសម័យអង្គរនាសតវត្សរ៍ទី១២ ដល់សតវត្សរ៍ទី១៣ ជនជាតិខ្មែរសម័យនោះ ពេលទទួលទានអាហារ គឺមានលក្ខណៈជាសកលមិនខុសពីជនជាតិអឺរ៉ុប ឬជនជាតិដទៃទៀតឡើយ ។ ការទទួលទានអាហារដែលពាក្យសាមញ្ញតែងប្រើនៅសម័យបុរាណថា ស៊ីចុក វាជាប្រពៃណីថ្លៃថ្នូរធម្មតាតែប៉ុណ្ណោះ មិនអាចចាត់ទុកថាមានលក្ខណៈអន់ថយ ឬជឿនលឿនពេកនោះទេ ។
ផ្អែកតាមចម្លាក់ប្រាសាទបាយ័នបានបង្ហាញនូវទិដ្ឋភាពជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរបុរាណ គឺការធ្វើម្ហូបអាហារនិងការជួបជុំគ្នាទទួលទានបាយឬពាក្យប្រើសាមញ្ញថា ស៊ីចុក ។ ពិតមែនហើយថា រូបភាពជនជាតិខ្មែរបុរាណការទទួលទានបាយដោយប្រើដៃរបស់ជនជាតិខ្មែរសម័យអង្គរកំពុងទទួលទានបាយត្រូវបានគេយល់ដឹងរួចហើយ តែអត្ថន័យស្ដីពីរបៀបបរិភោគអាហាររបស់ខ្មែរបុរាណមានលក្ខណៈដូចខ្មែរសម័យទំនើបឬយ៉ាងណានោះ វាជាបញ្ហាដែលត្រូវយល់ដឹងផងដែរ ។
លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះ គេគ្រប់គ្នាទទួលស្គាល់ថាជាសម័យទំនើបសម័យកុំព្យូទ័រដែលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់ជាតិសាសន៍មានភាពជឿនលឿនហើយ ។ ជាមួយនេះដែរ ក៏គេចង់ដឹងថា តើខ្មែរបុរាណមានរបៀបទទួលទានបាយយ៉ាងណា ?
តាមចម្លាក់នៅប្រាសាទបាយ័នបានពណ៌នាឲ្យដឹងថា ការជួបជុំរបស់ជនជាតិខ្មែរសម័យអង្គរ គេទទួលទានបាយ (បរិភោគបាយ) គឺប្រើដោយដៃផ្ទាល់ ។ ខ្មែរបុរាណមិនប្រើស្លាបព្រា សម ឬចង្កឹះទេ ។ ការបរិភោគអាហារដោយប្រើដៃនេះ ខ្មែរនៅជនបទស្រុកស្រែចម្ការ ក៏នៅតែទទួលទានបាយដោយប្រើដៃផ្ទាល់មានចំនួនភាគច្រើនផងដែរ ។
លោកបណ្ឌិតមីសែល ត្រាណេ បានពន្យល់ឲ្យដឹងបន្ថែមទៀតថា នាអំឡុងសតវត្សរ៍ទី១២-១៣ ការបរិភោគបាយដោយប្រើដៃផ្ទាល់ពុំមែនមានតែខ្មែរបុរាណនោះទេ សូម្បីតែជនជាតិអឺរ៉ុបដែលនិយមប្រើស្លាបព្រា សម នាពេលសព្វថ្ងៃនេះ ក៏កាលណោះគេទទួលទានបាយដោយដៃផ្ទាល់ដូចខ្មែរដែរ ។ លោកត្រាណេបានឲ្យដឹងទៀតថា ការទទួលទានបាយដោយប្រើដៃ គឺជាប្រពៃណីរបស់ជនជាតិខ្មែរតាំងពីបុរាណនាសម័យអង្គរមកម៉្លេះ ។
របៀបទទួលទានបាយបែបនេះក៏នៅតែមានបន្ដមកទល់ពេលសព្វថ្ងៃទៀតចំពោះខ្មែរនៅតាមជនបទ ។ សម្ភារៈដាក់បាយ សម្ល គេតែងដាក់លើអ្វីខ្ពស់បន្ដិច ដូចជាកូនតុ គេនិយមហៅស្ពក ដែលមានរាងមូលឬបួនជ្រុង ។ នៅជាមួយអ្នកបរិភោគនោះដែរ គេសង្កេតឃើញមានក្អមទឹកមួយនិងផ្ដិលទឹកធ្វើពីលលាដ៍ដូងមានពណ៌ខ្មៅរលោង ។
ការទទួលទានអាហារដោយប្រើដៃដូចនេះ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានចាត់ទុកថា វាមានតម្លៃសិល្បៈជាលក្ខណៈសកល ។ ព្រោះនៅសម័យចក្រភពអង្គរ ទាំងនៅប្រទេសអឺរ៉ុប-អាស៊ី ទាំងអ្នកមានឋានៈខ្ពស់ អភិជននិងព្រះមហាក្សត្រ រហូតដល់ប្រជាជនសាមញ្ញ ពេលទទួលទានអាហារ គេប្រើដៃសម្រាប់ចាប់ម្ហូបអាហារដោយហេតុថា នេះជាទម្លាប់ពីធម្មជាតិ ៕
ប្រភពៈ សាលអានថ្ងៃទី២៨/០២/០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ