Ultimate magazine theme for WordPress.

- Advertisement -

ស្ថានីយបុរេប្រវត្ដិសាស្ដ្រជាមរតកខ្មែរពុំអាចកាត់ថ្លៃបាន

0 29

ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​ជាង​១០​កន្លែង​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្ដបន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​សតវត្សរ៍​ទី​១៩ នៃ​គ្រិស្ដ​សករាជ​មក​ម៉្លេះ ។ ស្ថានីយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ដែល​ពុំ​ទាន់​គិតដល់​ស្ថានីយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន ជា​អតីត​ទឹកដី​របស់​ខ្មែរ​ផង​ដែរ​នោះ​បាន​ផ្ដល់​សារសំខាន់​ក្រៃលែង​សម្រាប់​តំណាង​នូវ​ដួង​ព្រលឹង​ពូជសាសន៍​ជាតិខ្មែរ ។

អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​បាន​រក​ឃើញ​ស្ថានីយ​បុរេ​ប្រវត្ដិសាស្ដ្រ​ជាង​១០​កន្លែង ។ ក្នុង​ចំណោម​បុរេប្រវត្ដិសាស្ដ្រ​ទាំងនេះ​រួម​មាន ស្ថានីយ​ភ្នំ​ក្បាលរ​មាស​ក្នុង​ខេត្ដកំពត ស្ថានីយ​ម្លូព្រៃ​ក្នុង​ខេត្ដព្រះវិហារ ស្ថានីយ​សំរោង​សែន​ក្នុង​ខេត្ដកំពង់ឆ្នាំង ស្ថានីយ​ស្រែស្បូវ​ក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ទន្លេ​មេគង្គ ដែល​ស្ថិត​ក្នុង​ខេត្ដកំពង់ចាម​និង​ខេត្ដក្រចេះ​ និង​ស្ថានីយ​ល្អាង​ស្ពាន​នៅ​ក្នុង​ខេត្ដបាត់ដំបង ។​

នៅ​ពេល​ថ្មីៗ​នេះ​ទៀត ខាង​ស្ថាប័ន​វប្បធម៌​បាន​រក​ឃើញ​បុរេប្រវត្ដិសាស្ដ្រ​មួយ​ចំនួន​ថ្មីៗ​បន្ថែម​ទៀត ។ ការ​រក​ឃើញ​បុរេប្រវត្ដិសាស្ដ្រ​ចុង​ក្រោយ​នេះ មាន​ដូចជា​ស្ថានីយ​ភូមិ​ស្នាយ នៅ​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​នៅ​ស្រុក​អង្គរបុរី​ក្នុង​ខេត្ដតាកែវ ​ស្ថានីយ​ភូមិ​កញ្ជ្រៀច​ក្នុង​ខេត្ដព្រៃវែង និង​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​ភូមិ​វត្ដ​ព្រែក​តាគង់ ក្នុង​តំបន់​ជ្រោយចង្វា ។

- Advertisement -

លោក​បណ្ឌិត​មីសែល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ សារសំខាន់​របស់បុរាណ​ស្ថាន​នា​សម័យ​បុរេប្រវត្ដិសាស្ដ្រ​ទាំងអស់​ខាងលើ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រវត្ដិ​ឬ​ប្រភព​នៃ​វប្បធម៌ និង​អារ្យធម៌​ខ្មែរ​ដ៏​យូរលង់​ណាស់​មក​ហើយ ។​ ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​ទាំងនេះ គឺជា​មរតក​វប្បធម៌​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​ឡើយ ។ ក្រៅ​ពី​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​បុរាណ​ស្ថាន​មួយ​ចំនួន​ទៀត​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​ប្រទេស​ថៃ​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង​ដែល​ជា​អតីត​ទឹកដី​របស់​ខ្មែរ​នា​មុន​សតវត្សរ៍​ទី​១៣ ៕

ប្រភពៈ  សាលអាន ថ្ងៃទី ១១/០៣/០៥ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...