Ultimate magazine theme for WordPress.

- Advertisement -

ប្រវត្ដិវត្ដទ្រនំជ្រឹង

0 14

វត្ដ​ទ្រនំ​ជ្រឹង​មាន​ប្រវត្តិ​ទាក់ទង​រាជ​ពង្សសាវតា​ខ្មែរ​ក្នុង​អំឡុង​សតវត្ស​ទី​១៧ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យចេស្ដា ជំនាន់​រាជធានី​ឧត្ដុង្គ ។ ​ក្នុង​វិបត្តិ​រាជវង្ស​ពី​ចុង​សតវត្ស​ទី​១៦ ដល់​ចុង​សតវត្ស​ទី​១៧ មាន​ចម្បាំង​ជ្រែករាជ្យ​រវាង​ព្រះបាទ​ជ័យចេស្ដា និង​ព្រះ​បទុមរាជា ។ ​ព្រះ​នាង​ទាវធីតា ជា​ព្រះ​មាតា​របស់​ជ័យចេស្ដា ត្រូវ​ព្រះ​បទុមរាជា ដែល​ជា​ព្រះ​អនុជ​បង្កើត​បាន​ចាប់​យក​ទៅ​ឃុំ​ទុក​នៅ​ជ្រោយចង្វា ។​

ប៉ុន្ដែ​ក្រោយមក​មាន​សេនា​ជំនិត​បាន​ជួយ​ដោះ​លែង​ព្រះ​នាង​ និង​នាំ​ព្រះ​នាង​ភៀស​ព្រះ​កាយ ហើយ​បាន​សម្រាក​រយៈពេល​មួយ​យប់​នៅ​ទីទួល​មួយ ដែល​មាន​ដើម​​ជ្រឹង​ដុះ​ស៊ុបទ្រុប​និង​មាន​ផ្លែ​ទុំ​មាន​រសជាតិ ដែល​ធើ្វ​ឲ្យ​ព្រះ​នាង និង​ពលសេនា​មាន​កម្លាំង​ពលំ​អាច​បន្ដដំណើរ​ទៅ​មុខ​ទៀត​បាន ។ ក្នុង​ពេល​នោះ​ដែរ ព្រះ​នាង​បាន​ឧទ្ទិស​បួងសួង​ថា បើ​បាន​ជួបជុំ​ព្រះរាជ​បុត្រី​នឹង​កសាង​ទីទួល​នេះ ជាទី​អារាម​សម្រាប់​សក្ការៈបូជា​របស់​ជនានុជន​ទូទៅ ។​

ក្នុង​គ.ស​១៦៧០ ព្រះបាទ​ជ័យចេស្ដា​បាន​បង្ក្រាប​សត្រូវ និង​បាន​ជួបជុំ​ព្រះ​មាតា ហើយ​បាន​រៀបចំ​កសាង​វត្ដ​អារាម​នៅ​តាម​ទីស្ថាន​ច្រើន​កន្លែង ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​ការ​ឧទ្ទិស​ដឹងគុណ​ដល់ទី​ស្ថាន​ទាំងនោះ​ដែល​បាន​ធើ្វ​ឲ្យ​មាតា​របស់​ព្រះ​អង្គ​គេច​ផុត​ពី​សត្រូវ ដូចជា​ វត្ត​ព្រៃពួច ឃុំ​ព្រៃពួច ពី​មុន​គឺ​វត្ដ​ព្រៃពួន​ជា​កន្លែង​ព្រះ​មាតា​ព្រះ​អង្គ​ពួន​ពី​សត្រូវ​ ហើយ​ក្រោយមក​ក៏​ក្លាយជា​វត្ដ​ព្រៃពួច​រហូត​ដល់​សព្វ​ថ្ងៃនេះ និង​មាន​ឈ្មោះ​ភូមិ និង​ទីស្ថាន​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​កសាង​វត្ដ​នេះ ។​

- Advertisement -

ដោយឡែក នៅ​ទីទួល​ដែល​មាន​ដើម​ជ្រឹង​នោះ ព្រះបាទ​ជ័យចេស្ដា​ត្រាស់​បញ្ជា​​ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ អ៊ិន ចៅហ្វាយខេត្ដ​សំរោងទង ​កសាង​ជាទី​អារាម​មួយ​ដោយ​ប្រសិទ្ធិនាម​ថា វត្ដ​ជ្រឹង និង​បាន​បញ្ចុះ​ឫសសីមា​ក្នុង​ឆ្នាំច ឆស័ក ព.ស​២២៣៨ គ.ស​១៦៩៥ ក្រោយ​មក​ឈ្មោះ​វត្ដ​ក្លាយជា​វត្ដ​ទ្រនំជ្រឹង​រហូត​ដល់​សព្វ​ថ្ងៃនេះ បើ​គិតដល់​ពេល​នេះ វត្ដ​ទ្រនំ​ជ្រឹង​មាន​អាយុ ៣០៧​ឆ្នាំ​ហើយ ៕

ប្រភពៈ  សាលអាន ថ្ងៃទី ៣០/០៣/០៥ (ទស្សនាវដ្ដី​គ្រូបង្រៀន​​លេខ​១៥ មេសា​-​មិថុនា ​២០០៣)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...