ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នគរកម្ពុជាសម្បូររុងរឿងទៅដោយស្នាព្រះហស្ថរបស់ព្រះអង្គក្នុងការដឹកនាំ មិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យប្រទេសជិតខាងមានការខ្លបខ្លាច ។ ហើយរូបសំណាករបស់ព្រះអង្គត្រូវបានគេយកមកគោរពបូជាររហូតដល់សព្វថ្ងៃនេះដោយសារតែនៅក្នុងសម័យនោះឥទ្ធិពលរបស់ព្រះអង្គត្រូវបានល្បីខ្ទរខ្ទារពាសពេញសាកលលោក ។ ជាមួយគ្នានោះនៅក្នុងរជ្ជកាលរបស់ព្រះអង្គបានដឹកនាំឲ្យសាសនាពីររួមបញ្ចូលគ្នា គឺព្រហ្មញ្ញសាសនា និងសាសនាព្រះពុទ្ធ ទៀតផង ។
លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ឆ្នាំង បានរៀបរាប់ពីប្រវត្ដិរបស់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលរងនូវការខូចខាត និងមានឆែបព្រះកេសមួយចំហៀងខាងស្ដាំថា ក្រោយពីព្រះអង្គបានឡើងគ្រងរាជ្យ ព្រះអង្គបានបង្រួមសាសនាទាំងពីរបញ្ចូលគ្នា ។ ព្រះអង្គបានឲ្យប្រជាជនកម្ពុជាប្រកាន់យកព្រះពុទ្ធសាសនាបែបមហាយាន ដោយគោរពព្រះពោធិសត្វជាធំដោយបានមកពីការបង្រួមសាសនាទាំងពីរបញ្ចូលគ្នា ដែលមុនពេលដែលព្រះអង្គឡើងគ្រងរាជគឺមានការគោរពព្រហ្មញ្ញសាសនាជាធំ ។ ហើយសាសនាព្រះពុទ្ធបែបមហាយានគឺជាសាសនារបស់រដ្ឋនាពេលនោះ ។ លុះក្រោយពីព្រះអង្គសោយទីវង្គតទៅ ក្សត្រក្រោយៗក៏លុបបំបាត់ព្រះពុទ្ធសាសនាដោយយកព្រហ្មញ្ញសាសនាជាធំវិញ ហេតុនេះហើយទើបបានជានៅតាមជញ្ជាំងប្រាសាទនានាគេឃើញរូបព្រះពុទ្ធត្រូវបានគេដាប់ព្រះភក្ដ្រចេញ ជាពិសេសរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ក៏ត្រូវគេបំផ្លាញចោលមិនឲ្យគោរពដែរ ។
មូលហេតុដែលក្សត្រអង្គក្រោយចងកំហឹងនឹងព្រះបាទជ័យវរ្ម័នទី៧គឺដោយសារតែកាលដែលព្រះអង្គគ្រងរាជ ព្រះអង្គបានដឹកនាំឲ្យគោរពព្រះពុទ្ធសាសនាមហាយានជាធំ ។ ដោយអាស្រ័យហេតុនេះហើយទើបរូបសំណាករបស់ព្រះអង្គត្រូវបានឆែបព្រះកេសខាងស្ដាំ ព្រមទាំងដាច់ចេញពីដងខ្លួន រីឯព្រះភក្ដ្រក៏មានស្នាមដាច់ដោយអន្លើ ច្រមុះក៏ឆែបខ្លះទៀត ។
លុះដល់ជំនាន់ក្រោយៗមកកម្ពុជាបានងាកទៅគោរពព្រះពុទ្ធសាសនាវិញទើបរូបសំណាកព្រះអង្គត្រូវបានគេរកឃើញនៅកន្លែងផ្សេងៗគ្នា ហើយយកមកផ្គុំឡើងវិញ ទើបសព្វថ្ងៃនេះគេឃើញរូបសំណាកព្រះបាទជ័យវរ្ម័នទី៧មានស្នាមតត្រង់ក ច្រមុះឆែប ព្រះកេសខាងស្ដាំឆែបមួយចំហៀង ព្រះហស្ដទាំងសងខាងដាច់បាត់ ។ លោកប្រធានមន្ទីរបានបន្ដឲ្យដឹងទៀតថា តាមការសន្និដ្ឋានក្រៅផ្លូវការផ្សេងមួយទៀតនិយាយថា កាលនោះព្រះបាទជ័យវរ្ម័នទី៧មានអំណាចខ្លាំងក្លាបរមីខ្លាំងពូកែមិនដែលខ្លបខ្លាចនគរណាឡើយ ហើយបានដឹកនាំប្រជារាស្ដ្រខ្មែរធ្វើសង្គ្រាមជាមួយនគរជិតខាងដូចជា ចំប៉ា សៀមជាដើមដើម្បីវាតទឹកដី ។ ប៉ុន្ដែក្រោយពីព្រះអង្គចូលទីវង្គតទៅ ជំនាន់ក្រោយត្រូវបាននគរជិតខាងធ្វើសង្គ្រាមដណ្ដើមទឹកដីវិញនិងបានវាយកម្ទេចរូបសំណាករបស់ព្រះអង្គ ដោយសារតែមានការចងកំហឹងនឹងព្រះអង្គ ។
រូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះអង្គគង់ព្រះភ្នែន ដងខ្លួនឈ្ងោកទៅមុខបន្ដិច ព្រះនេត្របិទ ដែលមានន័យថាបិទភ្នែកសញ្ជឹងគិត បើកខួរក្បាលមើលឃើញអ្វីៗទាំងអស់ ។ ជាមួយគ្នានេះក៏មានពាក្យពីចាស់បុរាណថាទ្រង់ប្រឈួន ។ លោកសុក ធួកបានបញ្ជាក់ថា សព្វថ្ងៃនេះមានប្រទេសជិតខាងយើងដូចជាប្រទេសថៃ ប្រទេសឡាវជាដើម ក៏មានរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ដែរ ហើយត្រូវបានប្រជារាស្ដ្រគេគោរពរហូតដល់ពេលធ្វើដំណើរកាត់ព្រះភក្ដ្រព្រះអង្គ គឺឈប់ចុះបណ្ដើរកង់ម៉ូតូទៀតផង ៕
ប្រភពៈ សាលអាន ថ្ងៃទី ១៦/០៩/០៥ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ