ប្រទេសថៃទើបតែចាប់ដិសន្ធិឡើងនៅក្រោយសតវត្សរ៍ទី១៣នៃគ្រិស្ដសករាជ ដែលបន្ដិចម្ដងៗថៃបានវាតទីមកលើតំបន់នានានៃអតីតដែនដីខ្មែរមានដូចជាខេត្ដនគររាជ កូរ៉ាត់ដែលមានរាជធានីមួយយ៉ាងធំបំផុតរបស់ចក្រភពអង្គរ ។ តាមពង្សសាវតារខ្មែរបានឲ្យដឹងថា ខេត្ដនគររាជត្រូវបានថៃវាតទីនៅចន្លោះឆ្នាំ១៧៣៥នៃចុល្លសករាជ គឺក្រោយពីការកាន់កាប់ខេត្ដសុខោទ័យ ខេត្ដអយុធ្យានៅចុងសតវត្សរ៍ទី១៣ និងដើមសតវត្សរ៍ទី១៤នៃគ្រិស្ដសករាជ ។ រួចហើយជនជាតិសៀម (ថៃបច្ចុប្បន្ន) ក៏បានវាយដណ្ដើមយកខេត្ដនគររាជសីមាជាបន្ថែមទៀតដើម្បីធ្វើជាទឹកដីរបស់ខ្លួន ។
តាមសៀវភៅប្រវត្ដិសាស្ដ្រស្ដីពីសម្ព័ន្ធភាពរវាងខ្មែរ-ថៃ ដែលនិពន្ធឡើងដោយលោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថា មុនការសាងសង់ប្រាសាទពិម៉ាយ (ថៃហៅថា ប្រាសាទភីម៉ៃ) ដ៏ធំសម្បើមនៅសតវត្សរ៍ទី១១ គេឃើញមានប្រាសាទឥដ្ឋតូចៗជាច្រើន សិលាចារឹក ព្រមទាំងស្ថានីយបុរេប្រវត្ដិសាស្ដ្រជាច្រើនទៀតបានស្ថិតនៅទីនោះដែលបញ្ជាក់ឲ្យដឹងថា បុព្វបុរសខ្មែរពិតជារស់នៅមុនការហូរចូលនៃជនជាតិសៀម ។
ទាំងជនជាតិខ្មែរ (កម្ពុជាបច្ចុប្បន្ន) និងជនជាតិសៀមដើមកំណើតខ្មែរដែលរស់នៅលើទឹកដីដំបូងនៃប្រទេសថៃបច្ចុប្បន្ន គឺមានឈាមជ័រដូចគ្នាដែលខឿនវប្បធម៌កើតចេញពីទឹកដីអង្គរតែមួយ ។ ចាប់តាំងពីសៀមបានវាតទីលើដីខ្មែរនៅសតវត្សរ៍ទី១៣ជាបន្ដបន្ទាប់ ដោយសារតែជនជាតិសៀមមានលក្ខណៈចេញប្រភពពីចិនមកដែលជាហេតុនាំឲ្យខ្មែរត្រូវបាត់បង់ទឹកដីមួយភាគធំ ។
តាមរយៈសៀវភៅរបស់លោកបណ្ឌិតមីសែល ត្រាណេបានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្នុងសម័យអតីតកាល ក៏ដូចជាសម័យបច្ចុប្បន្ននេះដែរ ជនជាតិខ្មែរទាំងអស់ដែលរស់នៅលើអតីតខេត្ដរបស់ខ្លួននេះត្រូវគេបញ្ឈប់លែងឲ្យនិយាយភាសាខ្មែរ ។ ដោយសារការអនុវត្ដសៀមភាវូបនីយកម្មនេះហើយទើបជនជាតិខ្មែរទាំងឡាយបានប្រែក្លាយទៅជាជនជាតិថៃទាំងស្រុងនាសតវត្សរ៍ក្រោយៗមកទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមានការកត់ត្រាទុកថា ជនជាតិខ្មែរនៅខេត្ដនគររាជនៅតែចេះនិយាយភាសាខ្មែរនៅឡើយ បើទោះបីជាអាជ្ញាធរសៀមបានដាក់បម្រាមតឹងរ៉ឹងមិនឲ្យនិយាយភាសាខ្មែរក៏ដោយ ។ ប៉ុន្ដែចាប់តាំងពីសម័យសង្គ្រាមលោកលើកទី១មក ជនជាតិខ្មែរនៅខេត្ដនគររាជឈប់ចេះនិយាយភាសាខ្មែរ ដោយសារសៀមបានបង្ខិតបង្ខំឲ្យមានការសិក្សាតាមប្រព័ន្ធអប់រំរបស់គេនៅតំបន់នោះគឺថៃភាវូបនីយកម្ម ៕
ប្រភពៈ សាលអាន ថ្ងៃទី ១១/០៥/០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ