Ultimate magazine theme for WordPress.

- Advertisement -

រូបសំណាកពិតរបស់ព្រះបាទជ័យវរ្ម័នទី៧មានពីរសណ្ឋាន

0 20

រូបសំណាក​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​គេ​បាន​សាងសង់​ឡើង​ដោយ​សភាព​ពិការ​ព្រះ​ហស្ដ​ទាំង​សងខាង និង​បែក​ព្រះ​កេស​ជា​យូរ​មក​ហើយ​នោះ នៅ​ពេល​នេះ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​រក​ឃើញ​គ្រប់លក្ខណៈ​ទ្រង់ទ្រាយ​ដើម​ពិតប្រាកដ​ហើយ ដែល​មាន​ពីរ​សណ្ឋាន​គឺ​មួយ​ជា​រូប​ព្រះ​អង្គ​ទ្រង់​តាំងសមាធិ និង​មួយទៀត​ព្រះ​អង្គ​ទ្រង់​អញ្ជលី (សំពះ) ។

ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបសំណាក​របស់​ព្រះបាទ​ជ័យវរ្ម័ន​ដែល​ពេញ​លក្ខណៈ​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ជាតិ​នៃ​សហគ្រាស​ទេសចរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា ២០០៥​ ​នៅ​ក្នុង​ហាង​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត​ឯកទេស​ខាង​វប្បធម៌​ខ្មែរ​មីសែល ត្រាណេ តំណាង​ក្រសួង​ពាក់ព័ន្ធ និង​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​កុះករ ។

លោក​មឿង សុន អនុប្រធាន​នៃ​សហគ្រាស​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ការ​បង្ហាញ​រូបសំណាក​របស់​ព្រះបាទ​ជ័យវរ្ម័នទី​៧​ពិត​តាម​ទ្រង់​ទ្រាយ​ដើម​ទាំង​ពីរ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរជាតិ​ដែល​តែងតែ​ងឿងឆ្ងល់​ថា តើ​ហេតុ​អ្វី​បានជា​គេ​នាំ​គ្នា​សង់​រូបសំណាក​របស់​ព្រះ​អង្គ​ក្នុង​សភាព​ពិការ​ព្រះ​ហស្ត​ទាំង​សងខាង​និង​បែក​ព្រះ​កេស ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន បាន​មាន​សំណូមពរ​ឲ្យ​សង់​រូបសំណាក​ដើម​ដែល​មាន​ទ្រង់ទ្រាយ​គ្រប់លក្ខណៈ​វិញ​ជំនួស​រូបសំណាក​ចាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រុងរឿង​ទៅ​មុខ ។​ លោក​មឿង សុន បាន​បន្ដ​ទៀត​ថា ព្រះ​កិត្ដិនាម​ព្រមទាំង​គុណសម្បត្ដិ​យ៉ាង​ធំធេង​របស់​ព្រះ​មហា​វីរក្សត្រ​ពុទ្ធសាសនិក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​កេរ្ដិ៍​ដំណែល​ដ៏​បវរ​សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​អាស៊ី​អាគេ្នយ៍​ទាំងមូល​ដែរ ។ ដោយសារ​តែ​ស្នាដៃ​ដ៏​ឆ្នើម​របស់​ព្រះ​អង្គ​នេះ​ហើយ​ទើប​បានជា​មាន​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ ប្រាង្គ​ប្រាសាទ​ដ៏​ប្រណីត​ទាំង​ឡាយ​នៅ​ក្នុង​ទឹកដី​នៃ​ចក្រភព​អង្គរ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ ។ នៅ​ពេល​នោះ​កេរ្ដិ៍​​ឈ្មោះ​ខ្មែរ​ល្បី​រន្ទឺ​សព្វទិសទី​ពាសពេញ​ពិភពលោក​គួរ​ជាទី​មោទនៈ ។​

តែ​ជា​អកុសល​ក្នុង​ពេល​បច្ចុប្បន្ន​រូបសំណាក​របស់​ព្រះ​អង្គ​ត្រូវ​បាន​គេ​ឆ្លាក់​ក្នុង​រូបភាព​ដាប់​ឆែប​ព្រះ​កេស និង​ពិការ​ព្រះ​ហស្ដ​ទាំង​សង​យក​ទៅ​ដាក់​តាំង​លម្អ​នៅ​តាម​សួនច្បារ តាម​គេហដ្ឋាន​ទៅ​វិញ ។ ទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​សីលធម៌​ជា​មូលដ្ឋាន​នៃ​អ្នកដឹកនាំ​ប្រទេស​ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​ការ​ដឹកនាំ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី ។

- Advertisement -

​លោក​មឿង សុន​បាន​បន្ថែម​ទៀត​ថា ដោយ​មាន​ជំនឿ​ទៅ​លើ​មហិទ្ធិឫទ្ធិ​បារមី​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ លោក​បាន​ខិតខំ​ធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​ជាមួយ​និង​លោក​បណ្ឌិត​មីសែល ត្រាណេ នៅ​តាម​តំបន់​ផ្សេងៗ​ដូច​ជា នៅ​ក្នុង​ប្រាសាទ​បាជ័យ​ស្ថិត​នៅ​ក្នុង​ខេត្ដកំពង់ចាម និង​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​ស្ថិត​នៅ​ក្នុង​ខេត្ដកំពង់ធំ និង​សារមន្ទីរ​ជាតិ និង​អន្ដរជាតិ ។​

ឆ្លងកាត់​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នេះ លោក​បាន​រក​ឃើញ​នូវ​រូបសំណាក​ពិត​របស់​ព្រះ​អង្គ​ដែល​មាន​ទ្រង់ទ្រាយ​ដើម ហើយ​បាន​រួមគំនិត​គ្នា​កសាង​រូបសំណាក​របស់​ព្រះ​អង្គ​ឡើង​វិញ​តាម​រូបភាព​ពេញ​លក្ខណៈ ដើម្បី​ឲ្យ​សម​ទៅ​នឹង​កិត្ដិនាម និង​ការ​គោរព​បូជា​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ក៏​ដូច​ជា​ប្រជាជាតិ​ទូទាំង​ពិភពលោក ។​

ទាក់ទង​ទៅ​នឹង​រូបសំណាក​នេះ​ដែរ លោក​បណ្ឌិត​មីសែល ត្រាណេ អនុប្រធាន​គណៈកម្មការ​ជាតិ​សម្រាប់​អង្គការ​យូណេស្កូ ដែល​ជា​អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​ដែរ​បាន​បំភ្លឺ​ឲ្យ​ដឹង​ថា ការ​ដែល​លោក​ហ៊ាន​សន្និដ្ឋាន​ថា​រូប​នេះ​ជា​រូប​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​បាន​យក​តាម​គំរូ​ពី​សារមន្ទីរ​ជាតិ​ដែល​មាន​មួយ​កំណាត់​ក្រោម​របស់​ព្រះ​អង្គ បន្ទាប់​មក​យក​គំរូ​មួយ​កំណាត់​ខាងលើ​ចេញពី​ប្រាសាទ​បាជ័យ​ចាប់ពី​ព្រះ​ហស្ដ​សងខាង​នៅ​សល់​ពាក់កណ្ដាល​ខ្លួន ហើយ​ក៏​បាន​យក​មក​ពី​វត្ដ​ផាត់លួង​នៅ​ជឹមបាសាក់​ប្រទេស​ឡាវ ។ ដូច្នេះ​សំអាង​លើ​ឯកសារ​ទាំងនេះ​ទើប​គេ​ហ៊ាន​អះអាង​ថា​នេះ​ជា​រូបភាព​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​នេះ​គឺជា​ការ​សន្និដ្ឋាន​លើក​ទី​មួយ​ហើយ​ចំពោះ​រូបសំណាក​របស់​ព្រះ​អង្គ ៕

ប្រភពៈ  សាលអាន ថ្ងៃទី ១៤/១០/០៥ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...