Ultimate magazine theme for WordPress.

- Advertisement -

ស្ដ្រីខ្មែរមានតួនាទីធំជាងបុរសកាលពីសម័យនគរភ្នំ

0 24

មុន​សម័យ​ប្រវត្ដិសាស្ដ្រ​បន្ដិច ជនជាតិ​ខ្មែរ​និយម​ស្ដ្រី​ជា​ធំ ដោយ​សំអាង​ទៅ​លើ​ប្រពៃណី​គ្រប់គ្រង​រដ្ឋ​នា​សម័យ​នោះ​មាន​ព្រះ​នាង​លីវយី ជា​ស្ដេចនៃ​នគរ​គោកធ្លក ។ ដោយ​ផ្អែក​លើ​កំណត់ហេតុ​ចិន​បាន​និយាយ​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​នៅ​ដើម​សតវត្សរ៍​ទី​១​នៃ​គ.ស​ ស្ដ្រី​ខ្មែរ​មាន​សិទ្ធិ​អំណាច និង​ឥទ្ធិ​ពល​ខ្លាំងក្លា​បំផុត​ក្នុង​វិស័យ​នយោបាយ ។ ឥទ្ធិពល​នេះ​បាន​ផ្ដើម​ឡើង​ដោយសារ​ព្រះ​នាង​លីវយី គឺ​ជា​មេ​បញ្ជាការ​កងទ័ព ។​

បើ​តាម​រឿងព្រេង​ខ្មែរ បាន​ពណ៌នា​ឲ្យ​ដឹង​ថា ព្រះ​នាង​លីវយី បាន​ដឹកនាំ​ពលរេ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ព្រាហ្មណ៍​ឥណ្ឌា​ដែល​មាន​បំណង​យក​មហានគរ​ភ្នំ​ធ្វើ​ជា​ឥណ្ឌូរូបនីយកម្ម ។ តាម​កំណត់ហេតុ​ចិន​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពី​ព្រះ​នាង​លីវយី​ច្បាំង​ចាញ់​ព្រាហ្មណ៍​ឥណ្ឌា​ដ៏​មាន​មហិទ្ធិឫទ្ធិ​រួច​មក ព្រះ​នាង​ក៏​សុខចិត្ដ​ទទួលយក​ព្រាហ្មណ៍​ឥណ្ឌា​ធ្វើ​ជា​ស្វាមី​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​នគរ​ភ្នំ​តែ​ម្ដង ។​

- Advertisement -

លោក​បណ្ឌិត​មីសែល ត្រាណេ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តាម​ការ​ស្រាវជ្រាវ​ ក្រោយ​ពេល​ព្រះ​នាង​លីវយី​ទទួលយក​ព្រាហ្មណ៍​ឥណ្ឌា​ធ្វើ​ជា​ស្វាមី​រួច​មក អំណាច​របស់​ស្រី្ដ​ខ្មែរ​បាន​បង្វែរ​ទៅ​ឲ្យ​បុរស​វិញ ។ ការ​គ្រប់គ្រង​មហានគរ​ភ្នំ​មាន​ឈ្មោះ​ថា​របប​មេតេយ្យ ត្រូវ​បាន​ជំនួស​ដោយ​របប​រាជា​និយម​វិញ ។ ព្រះបាទ​ហ៊ុនទៀន គឺជា​ស្ដេច​ទី​១ សម្រាប់​ព្រះរាជ​វង្សានុវង្ស​ខ្មែរ​ដំបូង​បង្អស់​នា​សម័យ​នោះ ។

លោក​បណ្ឌិត​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បើ​ទោះបីជា​ទស្សនៈ​ខាងលើ​មាន​លក្ខណៈ​ជា​ប្រវត្ដិសាស្ដ្រ​ក្ដី តែ​ពុំ​មាន​អ្វី​ជា​ភស្ដុតាង​ដើម​លាតត្រដាង​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់លាស់​ជាង​នេះ​ឡើយ ។ តែ​វប្បធម៌ អារ្យធម៌​ខ្មែរ​បាន​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​រូប​ចម្លាក់​ដែល​សង្គម​ខ្មែរ​បាន​ផ្ដល់​តួនាទី​ធំ​ទៅ​ឲ្យ​ស្ដ្រី ដោយ​មាន​រូបចម្លាក់​ដី​ដុត​កាលពី​សតវត្សរ៍​ទី​១​ដែល​ជា​រូបភាព​ប្រកបដោយ​សោភ័ណភាព​ប្រវត្ដិសាស្ដ្រ ។ ក្រៅពី​រូបចម្លាក់​ទាំងនោះ​គេ​ឃើញ​មាននៅ​តាម​បូជនីយដ្ឋាន​នានា ដែល​បង្ហាញ​ពី​ផ្នត់គំនិត​ខ្មែរ​នា​សម័យ​នោះ​ដោយ​ចាត់​ទុក​ស្ដ្រី​ជា​ប្រភព​នៃ​ជីវិត​របស់​មនុស្សលោក​ផង​ដែរ ៕

ប្រភពៈ  សាលអាន ថ្ងៃទី ១១/១១/០៥ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...