Ultimate magazine theme for WordPress.

- Advertisement -

កំពូលភ្នំគូលែនគឺជារាជធានីមួយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២

0 14

ព្រះបាទ​ជ័យវរ្ម័ន​ទី​២ គឺជា​ស្ដេច​មួយ​អង្គ​ដែល​បាន​បង្កើត​ឡើង​នូវ​រាជធានី​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ​គូលែន ដែល​ស្ថិត​នៅ​ក្នុង​អាណាចក្រ​ស្រុក​ស្វាយលើ នា​ខេត្ដសៀមរាប​ក្នុង​សម័យ​នោះ ព្រោះថា​មាន​ប្រាសាទ និង​បូជនីយដ្ឋាន​ជា​ច្រើន​នៅ​លើ​កំពូលភ្នំ​គូលែន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។​

បើ​តាម​សៀវភៅ​ឯកសារ​ដែល​បាន​ចងក្រង​ឡើង​ដោយ​លោក​អួង វន ប្រធាន​នាយកដ្ឋាន​បេតិកភណ្ឌ​ជាតិ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បាន​និយាយ​ថា ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ នៅ​ពាក់កណ្ដាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ព្រះ​អង្គ​គឺជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​រំដោះប្រទេស​ជាតិ​ពី​ពួក​ជ្វា ជា​អ្នក​បង្រួបបង្រួម​ជាតិ ពង្រឹង​ឯកភាព​ផ្ទៃក្នុង និង​ជា​អ្នក​កសាង​ប្រទេស​ជាតិ​ឡើង​វិញ ។ ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ទ្រង់​បាន​សាងសង់​ប្រាសាទ និង​បូជនីយដ្ឋាន​ជា​ច្រើន​បន្សល់​ទុក​នៅ​លើ​កំពូលភ្នំ​គូលែន ក្នុង​នោះ​មាន​ប្រាសាទ​ដំរីក្រាប ​ប្រាសាទ​អូរពង ប្រាសាទ​ខ្ទីងស្លាប់ ប្រាសាទ​រូបអារក្ស ប្រាសាទ​អ្នកតា ប្រាសាទ​ថ្មដាប់ ប្រាសាទ​គគីរ ប្រាសាទ​ក្រហម ប្រាសាទទ្រុងខ្លាឃ្មុំ និង​ប្រាសាទ​រោងចិន​ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​មាន​ប្រាសាទ និង​បូជនីយដ្ឋាន​បុរេប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ត្រូវ​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

- Advertisement -

ក្រៅពី​បាន​កសាង​ប្រាសាទ និង​បូជនីយដ្ឋាន​ជា​ច្រើន​នៅ​លើ​កំពូលភ្នំ​គូលែន ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ព្រះ​អង្គ​ក៏​បាន​កសាង​ប្រាសាទ​ជា​ច្រើន​ទៀត​នៅ​តាម​តំបន់​មួយ​ចំនួន ដូច​ជា​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ នៅ​ក្នុង​ខេត្ដកំពង់ធំ ប្រាសាទ​បន្ទាយ​នគរ នៅ​ក្នុង​ខេត្ដកំពង់ចាម​ និង​ប៉ម​ខាងជើង​នៃ​ប្រាសាទ​ព្រៃប្រាសាទ​ជាដើម ។ល ។ តាម​ឯកសារ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​ចាប់ផ្ដើម​បង្រួបបង្រួម​ជាតិ​នៅ​លើ​ទឹកដី​អតីត​ចេនឡា​ឲ្យ​មាន​ឯកភាព​គ្នា​ឡើង​វិញ ។ ព្រះ​អង្គ​ធ្លាប់​ផ្លាស់​ប្ដូរ​រាជធានី​ជា​ច្រើន​កន្លែង ដំបូង​គឺ​នៅ​ឥន្ទ្របុរៈ ភាគ​ខាងកើត​នៃ​ខេត្ដកំពង់ចាម ត្រង់​បន្ទាយ​ព្រៃនគរ​សព្វថ្ងៃ ។ លុះ​ក្រោយមក ព្រះ​អង្គ​ទ្រង់​បាន​យាង​ទៅ​គង់នៅ​តំបន់​ខាងជើង​បឹង​ទន្លេសាប គឺ​កុដិ​ខាងកើត​អង្គរ​សព្វថ្ងៃ រួច​ហើយ​ព្រះ​អង្គ​បន្ដ​ទៅ​ហរិហរាល័យ​នៅ​រលួស​សព្វថ្ងៃ ហើយ​បន្ដ​ទៅ​អមរេន្ដ្របុរៈ​ភ្នំ​គូលែន​នា​ពេល​បច្ចុប្បន្ន​នេះ​តែ​ម្ដង ។ នៅ​ទីនោះ​ហើយ​ដែល​ព្រះ​អង្គ​ទទួល​ពិធី​រាជាភិសេក និង​បង្កើត​លទ្ធិ​ទេវរាជ (ស្ដេច​របស់​ពួក​ទេវៈ គឺ​ព្រះ​សិវៈ) ក្នុង​គ្រិស្ដសករាជ ៨០២ ។​

ដើម្បី​បន្ដ​តំណែង​ជា​ស្ដេច​ភ្នំ​ដូច​សម័យ​ហ្វូណន និង​រំលឹក​ពី​ការ​រស់នៅ​កោះ​ជ្វា ជាមួយ​ស្ដេច​ជ្វា​សៃលេន្ទ្រ ព្រះ​អង្គ​បាន​យក​ភ្នំ​គូលែន​ជា​ភ្នំ​ព្រះ​មេរុ ដែល​ជា​លំនៅ​ស្ថាន​របស់​ព្រះ​សិវៈ ។ ក្រោយមក​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ បាន​តាំងខ្លួន​ជា​ស្ដេច​លើ​ពពួក​អាទិទេព តាំងខ្លួន​លើ​ពួក​ទេវៈ ។ ព្រះ​អង្គ​បាន​កសាង​លិង្គ​ព្រះ​សិវៈ ដើម្បី​ជា​និមិត្ដរូប​នៃ​អំណាច​ជាន់ខ្ពស់​របស់​អាណាចក្រ​ខ្មែរ​ដោយ​ផ្សារ​ភ្ជាប់​ព្រះ​កាយ​ព្រះ​អង្គ​ទៅ​នឹង​សិវៈ គឺ​សន្មត់​ថា​ខ្លួន​គឺជា​ស្ដេច​កំពូល​ក្នុង​លោក ។ ក្រោយមក​ទៀត​ព្រះ​អង្គ​ក៏​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​អារ្យធម៌ ទាំង​ក្នុង​វិស័យ​នយោបាយ និង​សាសនា ៕

ប្រភពៈ  សាលអាន ថ្ងៃទី ២៥/១១/០៥ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...