រូបចម្លាក់ផ្ទះប្រក់ក្បឿង នាសម័យប្រវត្ដិសាស្ដ្រ
ផ្ទះខ្មែរនាសម័យនគរភ្នំមានពីរប្រភេទ គឺផ្ទះធ្វើពីឈើ និងដីប្រក់ក្បឿង ។ លំនៅស្ថានរបស់ខ្មែរបុរាណទាំងពីរប្រភេទនេះពាក់ព័ន្ធនឹងស្នាដៃផលិតក្បឿង ដែលខ្មែរមានគំនិតច្នៃប្រឌិតក្នុងការងារសង្គម ។ តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យា និងអ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថា ការសាងសង់លំនៅស្ថានធ្វើពីឈើ និងមានសភាពខ្ពស់ពីដីគឺជាប្រពៃណីរបស់ខ្មែរ ដែលលំនៅស្ថានធ្វើពីឈើនេះមានប្រក់ក្បឿង និងប្រក់ស្លឹក ។
រីឯលំនៅស្ថានប្រភេទទីពីរ គឺជាការសាងសង់ដោយដី ឬឥដ្ឋ និងប្រក់ក្បឿង ។ ក្បឿងបុរាណត្រូវបានផលិតឡើងដោយដីដុត ។ លក្ខណៈលំនៅស្ថានខ្មែរបុរាណបែបនេះក៏មានការកត់សម្គាល់នៅក្នុងកំណត់ហេតុរបស់ចិនកាលពីសម័យនគរភ្នំ ឬហៅសម័យហ្វូណន ផងដែរ ។
លោកបណ្ឌិតមីសែល ត្រាណេ អនុប្រធានគណៈកម្មការជាតិកម្ពុជាសម្រាប់យូនីស្កូ និងជាអ្នកឯកទេសខាងវប្បធម៌ខ្មែរបានឲ្យដឹងថា ចម្លាក់គេហដ្ឋានបុរាណដំបូលមានប្រក់ក្បឿងត្រូវបានគេរកឃើញនៅរាជធានីអង្គរបុរីខេត្ដតាកែវ ។ លោកបណ្ឌិតបានឲ្យដឹងទៀតថា ភាពជឿនលឿនរបស់ខ្មែរបុរាណចេះផលិតក្បឿងធ្វើពីដីដុតដែលចាប់ផ្ដើមឡើងតាំងពីដើមសម័យប្រវត្ដិសាស្ដ្រ បានបន្ដរហូតមកដល់សម័យអង្គរ និងក្រោយអង្គរ ។ មិនត្រឹមតែប៉ុណ្ណោះការនិយមគេហដ្ឋានមានដំបូលប្រក់ក្បឿងបានបន្ដរហូតមកដល់សម័យបច្ចុប្បន្ន ។ ការចេះច្នៃប្រឌិតក្នុងការផលិតក្បឿងដំបូលផ្ទះមានភាពរីកចម្រើនបែបនេះ គឺជាឫសគល់នៃវប្បធម៌ខ្មែរដែលមានតាំងពីសម័យនគរភ្នំមក ៕
ប្រភពៈ សាលអាន ថ្ងៃទី ២៣/១១/០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ