សំណល់វត្ថុបុរាណនៃប្រាសាទព្រះវិហារសួគ៌ ដែលស្ថិតនៅត្រើយម្ខាងនៃដងទន្លេមេគង្គបានបង្ហាញឲ្យដឹងថា វត្ដនេះបានស្ថាបនាឡើងនៅក្នុងសម័យលង្វែក បន្ទាប់មកត្រូវបានជួសជុលនៅក្នុងសតវត្សរ៍ទី២០នៃគ្រិស្ដសករាជ ។ អ្វីដែលគួរឲ្យកត់សម្គាល់លើសពីនេះទៅទៀតនោះ គឺវត្ដព្រះវិហារសួគ៌បានសាងសង់នៅលើទីតាំងបុរាណស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុហ៍ ។
វត្ដព្រះវិហារសួគ៌ មានចម្ងាយប្រមាណជា១៨គីឡូម៉ែត្រពីស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ជាវត្តមួយដែលមានប្រវត្ដិសាស្ដ្រជាយូរលង់ណាស់មកហើយ ។ មានរបស់របរ វត្ថុបុរាណជាច្រើនដែលនៅសេសសល់ក្នុងបរិវេណនៃវត្ដនេះ ដូចជាចំណែកនៃក្បាច់ផ្ដែរ សិលាចារឹកជាភាសាសំស្ក្រឹត ព្រមទាំងគំនរឥដ្ឋដែលបានបញ្ជាក់ពីអាយុកាលដ៏ចំណាស់របស់វត្ដនេះដែលមានកំណើតតាំងពីសតវត្សរ៍ទី៦-ទី៧នៃគ្រិស្ដសករាជមកម៉្លេះ ។ រហូតមកដល់ពេលនេះវត្ដព្រះវិហារសួគ៌មានអាយុកាលជាង១.០០០ឆ្នាំមកហើយ ហើយត្រូវបានរងនូវការខូចខាតយ៉ាងដំណំដោយសារភ្លើងសង្គ្រាមផងដែរ ហើយកាន់តែធ្ងន់ធ្ងរទៅទៀតនោះគឺនៅក្នុងរបបខ្មែរក្រហមតែម្ដង ។ តែទោះបីជាយ៉ាងណាក្ដីក៏ស្លាកស្នាមនៃវប្បធម៌បុរាណមួយចំនួននៅក្នុងបរិវេណវត្ដត្រូវបានរក្សាទុករហូតមកដល់បច្ចុប្បន្ន ។
លោកបណ្ឌិតមីសែល ត្រាណេ បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីបានទៅទស្សនានៅទីនោះថា សម្បត្ដិវប្បធម៌របស់ជាតិដ៏សំខាន់នៅក្នុងបរិវេណវត្ដនោះគឺជាសិលាចារឹក ។ មានសិលាចារឹកចំនួន២ផ្ទាំងត្រូវបានព្រះសង្ឃគង់នៅវត្ដនោះរក្សាទុកគង់វង្សល្អណាស់ ដែលផ្ទាំងទី១ធ្វើពីថ្មខ្មៅចារឡើងនៅក្នុងសតវត្សរ៍ទី៧នៃគ្រិស្ដសករាជ ។ សិលាចារឹកមួយផ្ទាំងនេះគឺជានិមិត្ដរូបនៃចម្លាក់លិង្គព្រះឥសូរ និងយោនីនាងឧម៉ាជាប់គ្នា ។ សិលាចារឹកនេះជាបំណែកស្នានទ្រោណ៌ គឺជាសញ្ញានិមិត្ដនៃកេរ្ដិ៍ខ្មាសរបស់ព្រះនាងឧម៉ានិងអង្គជាតិរបស់ព្រះសិវៈ ។ រីឯផ្ទាំងទីពីរ គឺជាផ្ទាំងឈើក្នុងទម្រង់អក្សរសម័យទំនើប ក៏ប៉ុន្ដែមានលក្ខណៈប្រកបដោយប្រវត្ដិសាស្ដ្រយ៉ាងច្បាស់លាស់ ។ ខ្លឹមសារនៅលើផ្ទាំងទី២នេះ គឺមានទាក់ទងទៅនឹងប្រវត្ដិវត្ដព្រះវិហារសួគ៌ផ្ទាល់ទៀតផង ។ នៅក្នុងពេលទៅទស្សនានៅវត្ដព្រះវិហារសួគ៌នោះដែរ លោកបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចៅអធិការវត្ដ ដែលព្រះអង្គមានមនសិការ និងភាពឈ្លាសវៃក្នុងការអភិវឌ្ឍន៍វត្ដអារាមនោះ ៕
ប្រភពៈ សាលអាន ថ្ងៃទី ៣០/១២/០៥ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ