ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ បានសោយទីវង្គត់ទៅ ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងអស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលបានធ្វើឲ្យប្រទេសជាតិខ្សត់ខ្សោយម្ដងហើយម្ដងទៀត ។ មូលហេតុនៃវិបត្ដិខាងលើនេះបណ្ដាលមកពីមូលហេតុធំៗ៣គឺ ការបែកបាក់ផ្ទៃក្នុងរវាងថ្នាក់ដឹងនាំរដ្ឋាភិបាល និងការវាតទីនិយមពីសំណាក់ជនជាតិសៀម ដែលទើបតែបានបង្កើតរដ្ឋឯករាជ្យរបស់ខ្លួននៅលើខេត្ដមួយចំនួនរបស់ខ្មែរ ដែលពួកគេធ្លាប់ជ្រកកោនពីមុនមកក្រោមការគ្រប់គ្រងរបស់អភិបាលខេត្ដខ្មែរ ដែលជាម្ចាស់ទឹកដី និងជាចៅហ្វាយរបស់ពួកគេ ។ នៅមានកត្ដាសំខាន់មួយទៀត គឺកត្ដាសាសនា ដែលបានធ្វើឲ្យខ្មែរបែកបាក់សាមគ្គីគ្នា និងគ្មានកម្លាំងកាយចិត្ដដើម្បីរារាំងគ្រប់អំពើឈ្លានពានរបស់បរទេស ។
សូមបញ្ជាក់ថា ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ អស់ព្រះជន្មទៅ សង្គមខ្មែរត្រូវបានរង្គោះរង្គើដោយការផ្លាស់ប្ដូរជំនឿសាសនាពីព្រះពុទ្ធសាសនាមហាយានទៅជាព្រហ្មញ្ញសាសនាវិញដូចសម័យមុនៗ ។ ការផ្លាស់ប្ដូរជំនឿសាសនានេះហើយដែលធ្វើឲ្យខ្មែរបាត់បង់នូវជំនឿជឿជាក់លើវាសនារបស់ខ្លួនឯង ហើយរហូតដល់ហ៊ានងើបឈរឡើងដើម្បីបះបោរប្រឆាំងនឹងអំណាចមូលដ្ឋានរបស់ជាតិឯងថែមទៀតផង ។
ក្នុងស្ថានភាពនេះជនជាតិខ្មែរនៅក្នុងចក្រភពអង្គរបុរាណ ដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីរបស់ថៃ និងលាវទៅហើយនោះ ពុំអាចទទួលយកបាននូវការផ្លាស់ប្ដូរទម្រង់សាសនាបែបនេះបានឡើយ ។ ពីព្រោះពួកគេដែលធ្លាប់មានជំនឿងប់ទៅលើព្រះពុទ្ធសាសនាហើយនោះ ពុំអាចទទួលយកលទ្ធិព្រហ្មញ្ញសាសនាឡើងវិញជាដាច់ខាត ។ ដូច្នេះពួកគេបានបះបោរប្រឆាំងនឹងអំណាចមូលដ្ឋានហើយបានចូលរួមជាមួយសត្រូវសៀម ដើម្បីផ្ដួលរំលំរដ្ឋាភិបាលខ្មែរ ឬប្រឆាំងនឹងអំណាចកណ្ដាលនៅអង្គរមហានគរ ។ ទង្វើនេះបានធ្វើឲ្យកងទ័ពថៃឆ្លៀតឱកាសវាយកងទ័ពខ្មែរ ហើយពួកគេមានប្រៀបលើកងទ័ពខ្មែរ ។ មិនយូរប៉ុន្មានអាណាខេត្ដនានារបស់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់ត្រូវបានទ័ពសៀមដណ្ដើមយក ។
គួររំលឹកដែរថាទន្ទឹមគ្នានោះដែរ ទឹកដីនៃជ្រោយម៉ាឡាកាក្នុងឈូងសមុទ្រថៃបច្ចុប្បន្នដែលពីដើមជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ប្រទេសខ្មែរក៏ត្រូវបាត់បង់ដែរ ដែលធ្វើឲ្យប្រទេសបាត់បង់នូវប្រភពចំណូលយ៉ាងធំ ។ រីឯតំបន់ឈូងសមុទ្រដទៃទៀតដែលស្ថិតនៅក្នុងភូមិភាគដែនសណ្ដ ឬកម្ពុជាក្រោមដែលធ្លាប់មានការជួញដូរជាមួយបរទេសតាមផ្លូវសមុទ្រតាំងពីសម័យនគរភ្នំ និងចេនឡាក៏ត្រូវយួនដណ្ដើមយកដែរចាប់តាំងពីសតវត្សរ៍ទី១៧មក ។ ទាំងអស់នេះបានធ្វើឲ្យខឿនសេដ្ឋកិច្ច នយោបាយមូលដ្ឋានដ៏រឹងមាំត្រូវបានធ្លាក់ដុនដាបជាលំដាប់ ។
វិបត្ដិនៃសង្គមយ៉ាងធ្ងន់ធ្ងរនេះដែលធ្វើឲ្យឥទ្ធិពលខ្មែរចុះខ្សោយ ក៏បណ្ដាលមកពីមូលហេតុចម្បងមួយទៀតដែរគឺការបោះបង់ចោលឬការខូចខាតដោយសង្គ្រាមនូវប្រព័ន្ធធារាសាស្ដ្រនានាដែលជាប្រភពនៃវឌ្ឍនភាពវប្បធម៌ អារ្យធម៌សម័យអង្គរ ។ សង្គ្រាមរ៉ាំរ៉ៃ និងអសន្ដិសុខមិនឈប់ឈរ ព្រមទាំងការផ្លាស់ប្ដូររុះរើរាជធានីជាញឹកញាប់នៅពាក់កណ្ដាលសតវត្សរ៍ទី១៥នៃគ្រិស្ដសករាជ ក៏ជាកត្ដាដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវខ្ទេចខ្ទាំដែរ ។ ក្នុងពេលមានសង្គ្រាមម្ដងៗ ទ័ពសៀមតែងតែចាប់កៀរពលរដ្ឋខ្មែរយកធ្វើជាឈ្លើយសឹក ។ សរុបសេចក្ដីមក គឺកត្ដាទាំងប៉ុន្មានខាងលើនេះហើយដែលបានធ្វើឲ្យប្រទេសខ្មែរដែលធ្លាប់តែខ្លាំងមហិមា មានសន្ដិសុខ មានភាពសម្បូរសប្បាយរុងរឿងថ្កុំថ្កើង ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៧/១២/០៥ (អត្ថបទបណ្ឌិតមីសែល ត្រាណេ)
Source: ប្រវត្ដិសាស្រ្ដ