យោងតាមឯកសារដែលចងក្រងដោយសាលាក្រុងភ្នំពេញបានឲ្យដឹងថា រាជធានីភ្នំពេញបានចាប់ផ្ដើមស្ថាបនាឡើងមុនដំបូងបង្អស់នៅសតវត្សរ៍ទី២១នៃពុទ្ធសករាជ ត្រូវនឹងសតវត្សរ៍ទី១៥នៃគ្រិស្ដសករាជ ក្នុងរជ្ជកាលព្រះបរមរាជាពញាយ៉ាត គឺ ព្រះស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះបរមរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មីនៅទួលប្រាសាទ ខេត្ដស្រីសឈរ ដែលសព្វថ្ងៃបានប្ដូរឈ្មោះមកជាស្រុកស្រីសន្ធរ ក្នុងខេត្ដកំពង់ចាមវិញ ។ ប៉ុន្ដែដោយទីទួលប្រាសាទនោះនៅរដូវភ្លៀងមានទឹកលិចរៀងរាល់ឆ្នាំ ហេតុនេះហើយនៅពេលដែលទ្រង់បានកសាងប្រាសាទ និងគង់នៅបាន១ឆ្នាំ ទ្រង់ក៏បានយាងមកកសាងទីក្រុងថ្មីនៅឆ្នេរទន្លេបួនមុខគឺជារាជធានីភ្នំពេញសព្វថ្ងៃនេះតែម្ដង នៅគ្រិស្ដសករាជ១៤៣៤ ។
តាមឯកសារដដែលនោះបានឲ្យដឹងទៀតថា ព្រះបរមរាជវាំងនៅទីក្រុងភ្នំពេញត្រូវបានស្ថាបនាចំនួនពីរលើក ដែលលើកទី១ គឺនៅសតវត្សរ៍ទី១៥នៃគ្រិស្ដសករាជក្នុងរជ្ជកាលព្រះពញាយ៉ាតតែមិនបានស្ថិតស្ថេរ ហើយលើកទី២ គឺនៅក្នុងសតវត្សរ៍ទី១៩ នៃគ្រិស្ដសករាជ ក្នុងរជ្ជកាលព្រះបាទនរោត្ដម ទើបស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃនេះ ។ មូលហេតុដែលនាំឲ្យមានការស្ថាបនាពីរលើកនោះគឺ ក្រោយពីការស្ថាបនាលើកទី១ ក្នុងអំឡុងឆ្នាំ១៤៣៤ ដល់ឆ្នាំ១៤៩៧ ព្រះបរមរាជវាំងត្រូវបានផ្លាស់ទៅទីក្រុងអង្គរវិញ ក្រោយពីនៅអង្គរហើយបានរើទៅពោធិ៍សាត់ រួចទៅបរិបូណ៌ បន្ទាប់មកទៅលង្វែក ហើយទៅឧត្ដុង និង ចុងក្រោយក៏បានត្រឡប់មកស្ថាបនាសាជាថ្មីឡើងវិញនៅក្នុងទីក្រុងភ្នំពេញជាលើកទី២នៅគ្រិស្ដសករាជ១៨៦៥ ហើយបានស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ។
ទីក្រុងភ្នំពេញដែលសន្មត់ថា ជារាជនាមនៃរាជធានីខ្មែរសព្វថ្ងៃ តាំងមុនពេលស្ថាបនាព្រះបរមរាជវាំងមក មានរឿងដំណាលថា កាលពីពេលកន្លងទៅនៅក្នុងគ.ស១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ «ពេញ» ហៅ «ដូនពេញ» ជាអ្នកមានភោគសម្បត្ដិបរិបូណ៌ មានទីលំនៅក្បែរមាត់ច្រាំងទន្លេបួនមុខ ដោយផ្ទះលោកយាយបានសង់នៅលើទួលខាងកើតភ្នំតូចមួយ ។ នាថ្ងៃមួយនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹមដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែប្រទះឃើញដើមគគីរធំមួយអណ្ដែតមកក្បែរច្រាំង ។ ដោយអំណាចទឹកហូរខ្លាំងដើមគគីរនោះចេះតែអណ្ដែតវិលវល់នៅមាត់ច្រាំង ដូនពេញឃើញដូច្នោះក៏ប្រញាប់ទៅហៅឲ្យអ្នកភូមិជិតខាងមកទាញយកដើមគគីរនោះ ។ នៅពេលដែលទាញយកដើមគគីរនោះបានហើយ ដូនពេញក៏បានសម្អាតភក់ចេញ ហើយបានឃើញរន្ធមួយនៅលើដើមគគីរនោះ ថែមទាំងឃើញមានព្រះពុទ្ធរូប៥អង្គ ក្នុងនោះ៤អង្គតូចៗ ធ្វើពីសំរឹទ្ធ និង ទេវរូបមួយអង្គធ្វើពីថ្មដោយទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង និងម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។
នៅក្នុងឯកសារនោះបានបញ្ជាក់ថា នៅពេលដែលបានឃើញព្រះពុទ្ធរូបទាំង៥អង្គនោះ ដូនពេញ និងអ្នកជិតខាងពិតជាមានសេចក្ដីត្រេកអរយ៉ាងខ្លាំងដោយរើសបានរបស់ជាទីគោរពសក្ការៈ ក៏នាំគ្នាដង្ហែព្រះពុទ្ធរូបនោះមកដល់ផ្ទះដូនពេញព្រមទាំងបានសង់ខ្ទមតូចមួយសម្រាប់តម្កល់ជាបណ្ដោះអាសន្ន ។ ក្រោយមកដូនពេញបានអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំយ៉ាងធំ ហើយគាត់បានឲ្យអ្នកទាំងអស់គ្នាអារដើមគគីរនោះធ្វើជាសសរព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅពីលើកំពូលភ្នំនោះក្នុងគ.ស១៣៧២ ហើយបានដង្ហែព្រះពុទ្ធរូបសំរឹទ្ធចំនួន៤អង្គទៅតម្កល់នៅទីនោះ ដោយឡែកទេវរូបមួយអង្គត្រូវ បានដង្ហែរទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹកមកពីស្រុកលាវនិងមានភិន ភាគដូចជាលាវ គាត់ក៏បានសន្មត់ថា «អ្នកតាព្រះចៅ» ដែលឈ្មោះនេះត្រូវបានហៅរហូតមកដល់សព្វថ្ងៃ ។ ចំណែកឯព្រះវិហារនោះ បន្ទាប់ពីបានសាងសង់រួច លោកយាយបាននិមន្ដព្រះសង្ឃមកគង់នៅលើជើងភ្នំនោះនៅភាគខាងលិចទើបបានជាមានឈ្មោះថា «វត្ដភ្នំដូនពេញ» ដែលសព្វថ្ងៃហៅកាត់ថា «វត្ដភ្នំ» ។
ចំពោះប្រវត្ដិដើមកំណើតរបស់ទីក្រុងភ្នំពេញក៏ដូចជាប្រវត្ដិរបស់វត្ដភ្នំដែរ ដែលមានតំណាលតៗគ្នា ផ្សេងៗពីគ្នាតែប្រហាក់ប្រហែលគ្នានឹងប្រវត្ដិខាងលើនេះដែរ ដែលថា កាលពីព្រេងនាយមានដូនចាស់ម្នាក់ឈ្មោះ «ពេញ» នៅថ្ងៃមួយគាត់បានទៅអង្គុយនៅមាត់ច្រាំងទន្លេបួនមុខ ស្រាប់តែឃើញកូនភ្នំមួយអណ្ដែតមកពីស្រុកលើ ។ ពេលគាត់ឃើញបែបនោះក៏បានយកអំបោះមួយសរសៃទៅបោះចងទាក់ភ្នំនោះឲ្យឈប់តាមបែបជំនឿទៅលើវិជ្ជាមន្ដអាគម នៅត្រង់ទីតាំងវត្ដភ្នំសព្វថ្ងៃនេះ ។ ទោះបីជាមានដំណាលបែបណាក្ដីក៏ពុំមានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់ពីរូបរាងរបស់លោកយាយពេញដែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីសាលាក្រុងបានដាក់ឲ្យមានការប្រណាំងប្រជែងធ្វើរូបសំណាកលោកយាយពេញអស់រយៈពេលប៉ុន្មានខែហើយ នៅពេលនេះមិនទាន់ឃើញលទ្ធផលនៅឡើយទេ ទាំងអ្នកស្ថាបនាក៏មានការលំបាកដែរដោយមិនដឹងជាសន្មត់យករូបរបស់លោកយាយបែបណា ។ ទាំងគណៈកម្មការក៏នឹងធ្វើការជ្រើសរើសដោយស្មានៗដែរ ៕
ប្រភពៈ សាលអានថ្ងៃទី០៩/០១/០៦ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ