ក្បាំងមេទ័ពមាននិមិត្ដរូបសត្វក្របីនៅលើក្បាល
តាមប្រវត្ដិសាស្ដ្រខេមរជាតិបានបង្ហាញឲ្យដឹងថា ជនជាតិខ្មែរមានវប្បធម៌អារ្យធម៌ដើមរបស់ខ្លួនរួចស្រេចតាំងពីច្រើនពាន់ឆ្នាំមុននឹងមានការហូតចូលនៃវប្បធម៌ឥណ្ឌាមកម៉្លេះ ។ បន្ទាប់មកមូលដ្ឋានវប្បធម៌ឥណ្ឌាបានចាក់ឫសកែវដើម្បីបង្កើតបាននូវវប្បធម៌សំយោគថ្មីមួយ ដែលជាកេរដំណែលភ្លឺថ្លារបស់ខ្មែរបុរាណ ។
ពាក់ព័ន្ធនឹងវប្បធម៌សំយោគនេះ គេក៏មិនត្រូវបំភ្លេចនូវសម្ព័ន្ធភាពជិតស្និទ្ធ និងដ៏រលូនរវាងសមាសភាគ ឬភាពចម្រុះនៃជំនឿខ្មែរបុរាណនោះឡើយ ។ ដូចសម័យណាៗទាំងអស់ដែរ ជនជាតិខ្មែរនៅតែរក្សាប្រពៃណីរបស់ខ្លួនដែលប្រកបដោយលក្ខណៈជីវពលនិយម ។ ដោយឡែកជំនឿលើសត្វក្របីនាសម័យមហានគរ ត្រូវបានគេធ្វើចម្លាក់ជានិមិត្ដរូបនៅលើក្បាំងរបស់មេទ័ពសំខាន់ៗពាក់លើក្បាលទៀតផង ។ ក្បាំងក្បាលដោយមានរូបក្បាល និងស្នែងក្របីបញ្ឈរទៅលើ គឺជានិមិត្ដរូបនៃភាពខ្លាំងខ្លាស្វាហាប់ ដែលមានកម្លាំងអានុភាពគ្មានអ្វីប្រៀបបាន ដូចជា សត្វក្របីអញ្ចឹងដែរ ។ លោកបណ្ឌិតមីសែល ត្រាណេ អនុប្រធានគណៈកម្មការជាតិសម្រាប់យូនីស្កូបានមានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា នៅលើជញ្ជាំងប្រាសាទអង្គរវត្ដ យើងឃើញរូបចម្លាក់ទស្សនីយភាពជាប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់ ។ ចម្លាក់នោះតំណាងសវនាការនៃព្រះបាទសុរិយាវរ្ម័នទី២ដែលជាព្រះមហាក្សត្រស្ថាបនិកនៃប្រាសាទដ៏ធំស្កឹមស្កៃ ព្រមទាំងក្បួនហែរទ័ពរបស់សត្វក្របីកាលពីសតវត្សរ៍ទី១២ ផងដែរ ។
ក្បួនទ័ពក្របីជាមួយការពាក់ក្បាំងក្បាលមានចម្លាក់ក្របីជានិមិត្ដរូបក្បាល និងស្នែងក្របីផងនោះ គឺជាភស្ដុតាងក្នុងជំនឿរបស់ខ្មែរបុរាណ នាសម័យអង្គរយ៉ាងជ្រាលជ្រៅ ។ នេះជាការបង្ហាញនូវជំនឿប្រពៃណីរបស់ដូនតាខ្មែរដែលមានលក្ខណៈជីវចលនិយម ៕
ប្រភពៈ សាលអានថ្ងៃទី ១៨/០១/០៦ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ