Ultimate magazine theme for WordPress.

- Advertisement -

រមណីយដ្ឋានភ្នំយ៉ាតតំបន់កំណប់ត្បូងពេជ្រ

0 10

ភ្នំយ៉ាត​គឺជា​ឈ្មោះ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​មួយ​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រុង​ប៉ៃលិន​ដែល​ជា​តំបន់​រ៉ែ​ត្បូង​ពេជ្រ​មាន​តម្លៃ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ពេល​នេះ​បាន​ក្លាយជា​រមណីយដ្ឋាន​ជាទី​គោរព​បូជា​ចំពោះ​វត្ថុ​ស័ក្ដិសិទ្ធិ ដើម្បី​សុំ​សេចក្ដីសុខ​ទៀត​ផង ។ មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ទៅ​លេង​កម្សាន្ដ និង​ទស្សនា​នៅ​ទីនោះ ។

ភ្នំយ៉ាត​ត្រូវ​បាន​កសាង​ឡើង​តាម​ការ​ណែនាំ​របស់​តា​យ៉ាត យាយ​យ៉ាត តាំងពី​ឆ្នាំ​១៩២២ មក​ម៉្លេះ ។ នៅ​បរិវេណ​ភ្នំយ៉ាត​សព្វថ្ងៃ​កាលពីមុន​មាន​ជនជាតិ​កុឡា​រស់នៅ​ច្រើន​ជាងគេ​បំផុត ដោយ​ប្រកប​មុខរបរ​ជីក​ត្បូង​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ប៉ុន្ដែ​សម័យ​ក្រោយៗ​មក​ទៀត​មាន​ប្រជា​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន បាន​ទៅ​ប្រកប​របរ​ជីក​ត្បូង​នៅ​ទីនោះ​ដែរ ។ លុះដល់​ឆ្នាំ​១៩៩៨ បងប្អូន​អតីត​ខ្មែរក្រហម​ដែល​បាន​ផ្ដាច់ខ្លួន​បាន​នាំ​គ្នា​ទៅ​រស់នៅ​ទីនោះ ហើយ​បាន​រៀបចំ​កសាង​ជណ្ដើរ​ថ្មី ដើម្បី​ងាយស្រួល​ក្នុង​ការ​ឡើង​ទៅ​លើ​កំពូល​ភ្នំយ៉ាត ធ្វើការ​ទស្សនា ក៏​ដូច​ជា​សម្រាប់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​មាន​ជំនឿ​លើ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ ងាយស្រួល​នឹង​ឡើង​ទៅ​គោរព​បូជា​នៅ​ទីនោះ​ដែរ ។​

តាម​ប្រវត្ដិ​ពង្សាវតា ក្រុងប៉ៃលិន​កាលពីដើម​ឡើយ​ស្ថិត​នៅ​ក្រោម​ចំណុះ​ខេត្ដបាត់ដំបង ហើយ​ត្រូវ​សៀម​ត្រួតត្រា និង​មាន​ជនជាតិ​កុឡា​នាំ​គ្នា​ទៅ​រស់នៅ​ប្រកប​របរ​ជីក​ត្បូង​នៅ​ទីនោះ​តាំងពី​ឆ្នាំ​១៨៧៦​មក​ម៉្លេះ ។ លុះដល់​ឆ្នាំ​១៨៨១ ពួក​សៀម​បាន​ចូល​ទៅ​ត្រួតត្រា​ទារពន្ធ​ពី​ប្រជាជន​នៅ​ទីនោះ ក្រោយមក​នៅ​ឆ្នាំ​១៩០៤ រាជការ​សៀម​បាន​ប្រគល់​ទឹកដី​ខេត្ដ​បាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយ​ឲ្យ​ស្ដេច​ខ្មែរ​វិញ គឺ​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ហើយ​ត​មក​ទៀត​ដែនដី​ក្រុងប៉ៃលិន​ក៏​ត្រូវ​ពួក​អាណានិគម​បារាំង​កាន់កាប់​បន្ដ​ទៀត ។​

ប្រវត្ដិ​ភ្នំយ៉ាត

- Advertisement -

ទាក់ទង​ទៅ​នឹង​ប្រវត្ដិ​ភ្នំយ៉ាត មានរឿង​តំណាល​តៗ​គ្នា​ថា កាល​ណោះ​មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ឈ្មោះ​យ៉ាត​ដូច​គ្នា ប្ដី​ក៏​ឈ្មោះ​យ៉ាត ប្រពន្ធ​ក៏​ឈ្មោះ​យ៉ាត បាន​ទៅ​ប្រកប​របរ​ជីក​ត្បូង​នៅ​ទីនោះ ។ លុះ​ពេល​ចាស់​ឡើង​គាត់​ពុំ​អាច​ទៅ​ធ្វើ​ការងារ​ធ្ងន់ៗ​ដូច​សព្វដង​បាន​ទៀត​ទេ​ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​តាំងធម៌​ទាំង​ពីរ​នាក់​នៅ​លើ​ភ្នំ​មួយ​ដែល​ជា​ភ្នំយ៉ាត​សព្វថ្ងៃ​នេះឯង ដែល​អ្នកផង​សន្មត់​យក​ឈ្មោះ​របស់​គាត់​ដាក់​ដើម្បី​ឲ្យ​ងាយស្រួល​ហៅ ដោយ​មិន​បាន​សំដៅ​មាន​ន័យ​យ៉ាងណា​នោះ​ទេ ។​

នៅ​ក្នុងអំឡុងពេល​នោះ​អ្នកស្រុក​ប៉ៃលិន​ដែល​ធ្លាប់​យក​ត្បូង​ទៅ​លក់​នៅ​ទឹកដី​សៀម​ក៏​បាន​នាំ​គ្នា​ទិញ​កាំភ្លើង​ដើម្បី​យក​មក​ទុក​ការពារ​ទ្រព្យសម្បត្ដិ​របស់​ពួក​គេ ។ នៅ​ពេល​ខ្លះ​អផ្សុក​ពួក​គេ​បាន​យក​ទៅ​បរបាញ់​សត្វព្រៃ ដែល​ធ្វើ​ឲ្យ​ផ្អើល​ដល់​អារក្ស អ្នកតា​រក្សា​ព្រៃ​នៅ​ទីនោះ ហើយ​ក៏​បាន​តំណែង​ខ្លួន​មក​ជួប​ជាមួយ​តា​យ៉ាត យាយ​យ៉ាត ​ដើម្បី​សុំ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​ជួយ​ប្រាប់​ដល់​ប្រជាជន​ទាំងអស់​ដែល​រស់នៅ​ទីនោះ​ឈប់​ធ្វើការ​បាញ់កាំភ្លើង​ទៀត​ទៅ ព្រោះ​ធ្វើ​ឲ្យ​ពពួក​អារក្ស អ្នកតា ភ័យ​ផ្អើល​រត់​ខ្ចាត់ខ្ចាយ វង្វេង​កូន​វង្វេង​ចៅ​អស់ហើយ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រជាជន​ទាំងនោះ​រកបាន​ត្បូង​មាន​តម្លៃ​ជា​ច្រើន​ទៀត​ដើម្បី​ក្លាយជា​អ្នកមាន តែ​ពេល​រកបាន​ហើយ​ត្រូវ​កសាង​វត្ដ​មួយ​នៅ​លើ​ភ្នំ និង​លេង​ភ្លេង​រាំ​របាំ​ក្ងោក​ជា​រៀងរាល់ថ្ងៃ​សីល​ផង ។​

នៅ​ពេល​ដែល​បាន​ទទួល​រឿង​នេះ​ហើយ តា​យ៉ាត យាយ​យ៉ាត​ក៏​បាន​នាំ​យក​ដំណឹង​ទាំងនេះ​ទៅ​ប្រាប់​ដល់​អ្នកស្រុក​ទាំងអស់ ហើយ​ពួក​គេ​បាន​យល់ព្រម​ធ្វើ​តាម ហើយ​បាន​ដូច​បំណង​ពិតមែន​ពួក​គេ​ក៏​នាំ​គ្នា​សាងសង់​វត្ដ​មួយ​នៅ​លើ​ភ្នំយ៉ាត​បច្ចុប្បន្ន​នេះ ដែល​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ក្រុងប៉ៃលិន ។ ប្រជាជន​ភ្ញៀវ​ទេសចរ តែងតែ​នាំ​គ្នា​ទៅ​លេង​កម្សាន្ដ​នៅ​ទីនោះ​ក៏​ដូច​ជា​បន់ស្រន់​សុំ​សេចក្ដីសុខ​ដែរ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ១៧/០២/០៦(ដកស្រង់ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...